ខេត្តបាត់ដំបង និងខេត្តអិហ៊ិមិរបស់ជប៉ុនចងសម្ព័ន្ធមេត្រីភាពដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច

0

ដោយវុត្ថា

ខេត្តបាត់ដំបង៖ ខេត្តបាត់ដំបងរបស់កម្ពុជា និងខេត្តអិហ៊ិមិរបស់ជប៉ុនបានចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU) ស្តីពីការបង្កើតចំណងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងការអភិវឌ្ឍន៍។

លោក ងួន រតន: អភិបាលខេត្តបាត់ដំបង នៅក្នុងពិធីចុះហត្ថលេខាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០កាលពីម្សិលមិញនេះថា ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ការបង្កើតចំណងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការនេះ ក្នុងគោលបំណងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច នៃភាគីទាំងពីរដោយគោរពទៅតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនៃប្រទេសទាំងពីរ។

លោកបន្តថា ដោយមានការជំរុញ និងគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ភាគីទាំងពីរព្រមព្រៀង សហការគ្នាទៅតាមលក្ខខណ្ឌ ដើម្បីអនុវត្តសកម្មភាព និងគម្រោងនានា ឈានទៅរកការអភិវឌ្ឍសេដ្ឋកិច្ចរបស់ភាគីទាំងពីរ តាមរយៈការប្រើប្រាស់ផលិតផល និងបច្ចេកវិទ្យានានាពីខេត្តអិហ៊ិមិ។

កិច្ចសហប្រតិបត្តិការរវាងភាគីទាំង២រួមមាន៖

១៖ ភាគីទាំងពីរនឹងបង្កើតចំណងមិត្តភាពដោយឈរលើគោលការណ៍ស្មើភាពជឿជាក់ និងគោរពគ្នាទៅវិញទៅមក។

២៖ ភាគីទាំងពីរយល់ព្រមសហការ លើវិស័យពាណិជ្ជកម្ម វិនិយោគ ការអភិវឌ្ឍបច្ចេកវិទ្យា និងធនធានមនុស្ស ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងការផ្លាស់ប្តូរអន្តរតំបន់ ដោយឈរលើគោលការណ៍ផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក។

៣៖ ភាគីទាំងពីរនឹងសហការគ្នា ជំរុញភាពជឿនលឿនលើវិស័យឧស្សាហកម្ម ដោយផ្តោតសំខាន់លើឧស្សាហកម្មកែច្នៃចំណីអាហារ តាមរយៈការប្រើប្រាស់ផលិតផល និងបច្ចេកវិទ្យានានារបស់ខេត្តអិហ៊ិមិ។

៤៖ ភាគីទាំងពីរនឹងជំរុញឱ្យមានការផ្លាស់ប្តូរ រវាងវិស័យឯកជន ដើម្បីជួយលើកទឹកចិត្ត ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឧស្សាហកម្ម ការផ្លាស់ប្តូរធនធានមនុស្ស និងវិស័យពាក់ព័ន្ធផ្សេងៗ

ទៀតនៅក្នុងខេត្តបាត់ដំបង និងខេត្តអិហ៊ិមិ។

៥៖ ភាគីទាំងពីរនឹងសហការគ្នា ធ្វើកិច្ចការសំដៅពង្រឹងការផ្លាស់ប្តូរព័ត៌មាន និងធ្វើការរួមគ្នា ដើម្បីបង្កើតកាលានុវត្តភាពពាណិជ្ជកម្ម ជំរុញឱ្យមានការផ្លាស់ប្តូរទៅវិញទៅមក និងកសាងនូវទំនាក់ទំនងកាន់តែជិតស្និទថែមទៀត រវាងខេត្តបាត់ដំបង និងខេត្តអិហ៊ិមិ។

លោក គូគីប៊ី ណាកាប៉ូរ៉ា អភិបាលខេត្ត ក៏បានថ្លែងអំណរគុណ ដល់រដ្ឋបាលខេត្តបាត់ដំបង បានយកចិត្តទុកដាក់ទទួលរាក់ទាក់ និងស្វាគមន៍យ៉ាងកកក្តៅដល់ប្រតិភូខេត្តអិហ៊ិមិ និងឈានដល់ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here