ដោយវុត្ថា
លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអះអាងថា វិស័យធនាគារមានសុខភាពល្អ ហើយបានរួមចំណែកយ៉ាងសកម្មក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុ លើកស្ទួយជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា។

លោក ជា ចាន់តូ នៅសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០របស់ធនាគារជាតិនៃកម្ពុជា ដែលបានធ្វើនៅថ្ងៃ ទី១៦-១៧ ខែមករា ឆ្នាំ២០២០នេះ ឱ្យដឹងថា ប្រព័ន្ធធនាគារត្រូវបានធ្វើទំនើបកម្មជាលំដាប់ស្របពេលដែលបច្ចេកវិទ្យាហិរញ្ញវត្ថុបានវិវត្តយ៉ាងឆាប់រហ័ស ជាពិសេសនៅក្នុងប្រព័ន្ធទូទាត់ ដែលធ្វើឱ្យការផ្តល់សេវាហិរញ្ញវត្ថុ កាន់តែមានភាពងាយស្រួល សុវត្ថិភាពនិងប្រសិទ្ធភាព។
លោកបន្តថា កំណើនសេដ្ឋកិច្ចកម្ពុជាបានបន្តកើនឡើង ក្នុងអត្រា ៧,១% ជាមួយនឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរឹងមាំ ទោះបីជាបានប្រឈមនឹងហានិភ័យមួយចំនួនក៏ដោយ។ សម្រាប់ អត្រាអតិផរណាមានកម្រិតទាបហើយអត្រាប្ដូរប្រាក់មានស្ថិរភាពល្អប្រសើរ ស្របពេលដែលសេដ្ឋកិច្ចទទួលបានកំណើនរឹងមាំនៃលំហូរមូលធនដែលបានជំរុញដល់ការវិនិយោគ ពាណិជ្ជកម្ម និងសកម្មភាពសេដ្ឋកិច្ចនានា។
លោកបន្ថែមទៀតថា សម្រាប់ ទុនបម្រុងអន្តរជាតិបានបន្តគរពូនជាលំដាប់ក្នុងកម្រិតខ្ពស់ ដែលបានរួមចំណែករក្សាជំនឿទុកចិត្តមកលើភាពធន់នៃសេដ្ឋកិច្ចកម្ពុជា។ ស្ថិរភាពនៅក្នុងបានធានាការអភិវឌ្ឍប្រកបដោយចីរភាព និងការរីកចម្រើនលើគ្រប់វិស័យ ហើយបានពង្រឹងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពរបស់ប្រជាជនកម្ពុជា។

សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០របស់ធនាគារជាតិនៃកម្ពុជានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងអបអរសាទរនិងផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីលទ្ធផលការងារដែលធនាគារជាតិនៃកម្ពុជាសម្រេចបានក្នុងឆ្នាំ២០១៩ និងទិសដៅការងារចម្បងៗសម្រាប់ឆ្នាំ២០២០ សំដៅឈានទៅបន្តសម្រេចឱ្យបាននូវជោគជ័យថ្មីៗបន្ថែមទៀត សម្រាប់ប្រព័ន្ធធនាគារក៏ដូចជាសេដ្ឋកិច្ចកម្ពុជាទាំងមូល៕






