ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ក្រោមការអនុវត្តតាមបទបញ្ជាដោយផ្ទាល់របស់ប្រមុខថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន កាលពីពេលកន្លងទៅស្ដីពីការសិក្សា និងសាងសង់ចំណតរថយន្តសាធារណៈក្រោមដី ដើម្បីបញ្ចៀសបញ្ហាកកស្ទះ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ បច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញ បាន និងកំពុងពន្លឿនការសាងសង់យ៉ាងសកម្ម ជាមួយនឹងការកំណត់គោលដៅជាច្រើនទីតាំងក្រោមកិច្ចសហការជាមួយមន្ទីរសាធារណៈការរាជធានី និងវិស័យឯកជន។

បច្ចុប្បន្ននេះ ចំណតរថយន្តក្រោមដីដែលមានវិសាលភាពធំទូលាយអាចផ្ទុករថយន្តបានរាប់រយគ្រឿងក្រោមការវិនិយោគដោយក្រុមហ៊ុន OCIC ចំនួន១ និងក្រុមហ៊ុនវឌ្ឍនៈចំនួន១ ដែលស្ថិតនៅក្បែរគ្នា ត្រូវបានសាងសង់រួចរាល់ហើយរង់ចាំតែពេលវេលាដាក់ឱ្យប្រើប្រាស់តែប៉ុណ្ណោះ ដោយឡែកចំណត់រថយន្តក្រោមសួនច្បារមួយទៀតដែលជាអតីតទីលានប្រជាធិប្បតេយ្យក៏បានបញ្ចប់ការសាងសង់ជាស្ថាពរផងដែរ។
ពាក់ព័ន្ធនឹងផែនការសាងសង់ចំណតរថយន្តសារធារណៈ និងចំណតក្រោមដីនេះដែរ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អូន ព័ន្ធមុន្នីរ័ត្ន បានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងពាក់ព័ន្ធមួយចំនួនពន្លឿនការអនុវត្តគម្រោងសាងសង់ចំណតរថយន្តសាធារណៈឱ្យបានឆាប់ ដើម្បីកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
លោកបានបញ្ជាក់ថា បច្ចុប្បន្ននេះ ដោយសារតែរាជធានីភ្នំពេញមានកំណើនប្រជាជនមករស់នៅ និងឆ្លងកាត់កាន់ត្ែច្រើនបានធ្វើឱ្យមានការកកស្ទះចរាចរណ៍ជាប់ជាប្រចាំរហូតបានក្លាយទៅជាវិបត្តិមួយដ៏ធ្ងន់ធ្ងរ និងទាមទារឱ្យមានដំណោះស្រាយជាបន្ទាន់។ លោកបន្តថា “ការកកស្ទះទាំងនេះ ក៏មានការចូលរួមចំណែកសកម្មភាពនៃការចតរថយន្តទុកចោល នៅតាមចិញ្ចើមផ្លូវ ឬនៅលើផ្លូវដោយគ្មានសណ្តាប់ធ្នាប់។ ទាំងអស់នេះក៏ព្រោះតែគ្មានទីកន្លែងចំណត ដូច្នេះ រដ្ឋបាលរាជធានីភ្នំពេញ និងស្ថប័នពាក់ព័ន្ធត្រូវតែយកចិត្តទុកក្នុងការពង្រឹង និងជំរុញសកម្មភាពសាងសង់ទីចំណតក្រោមដីឱ្យលឿន”។

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា បច្ចុប្បន្នេះ ក្រៅពីទីចំណតរថយន្តក្រោមដី ដែលវិនិយោគដោយក្រុមហ៊ុនឯកជនខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញក៏កំពុងតែសាងសង់ទីចំណតក្រោមដីបន្ថែមទៀតដែលមានទីតាំងស្ថិតនៅក្រោមសួនច្បារមុខព្រះសក្យមុនីចេតិយ និងចំណតក្រោមដីមុខសួនច្បារសួនច្បារសាន់វេ ខាងលិចវត្តភ្នំ។ លោកបានបន្តឱ្យដឹងទៀតថា ក្រៅពីតំពន់ទាំងនេះក៏មានតំបន់ផ្សេងទៀតដែលរដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរសាធារណៈការ និងដឹកជញ្ជូន រាជធានីភ្នំពេញ កំពុងធ្វើការសិក្សាដើម្បីសាងសង់បន្ថែមដោយសហការវិនិយោគជាមួយវិស័យឯកជន។
ជាដំណោះស្រាយនូវវិបត្តិនៃការកកស្ទះចរាចរណ៍នេះ បច្ចុប្បន្នក្រសួងសាធារណៈការ និងដឹកជញ្ជូន បានចុះធ្វើការសិក្សាក្នុងរៀបចំសណ្ដាប់ធ្នាប់ និងពង្រីកផ្លូវលំតូចៗមួយចំនួននៅក្នុងរាជធានី ដើម្បីធ្វើយ៉ាងណាអាចជួយសម្រួលការធ្វើដំណើរឱ្យមានភាពល្អប្រសើរជាងមុន ដែលក្នុងរាប់ទាំងការសាងសងផ្លូវរំលង ស្ពានអាកាស និងផ្លូវក្រោមដីនៅតាមគោលដៅមួយចំនួនផងដែរ៕







