ដោយវុត្ថា
ភ្នំពេញៈ ទីក្រុងភ្នំពេញ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការរីកចំរើនយ៉ាងខ្លាំង ដែលបានធ្វើឲ្យទីក្រុងដែលមជ្ឈមណ្ឌលសេដ្ឋកិច្ចមួយនេះ កាន់តែរីកធំជាងមុន ហើយគ្រប់ផ្នែកនៃរាជធានី មានការអភិវឌ្ឍក្នុងល្បឿនយ៉ាងលឿន ជាក់ស្តែងភាគខាងត្បូង និងខាងលិចនៃទីក្រុងភ្នំពេញ នៅតែជាតំបន់ដែលទទួលបានការចាប់អារម្មណ៍ច្រើនពីអ្នកវិនិយោគនានា។

-->
លោកឧកញ៉ាតេង រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ R Investments បានប្រាប់គេហតំព័រ propertyarea.asia កាលពីកន្លងមកនេះនារសៀលថ្ងៃទី១៦ មករាកន្លងមកបានឱ្យដឹងថា មួយរយៈចុងក្រោយ និងការឈានដល់ឆ្នាំ២០២០នេះ តំបន់ភាគខាងលិច និងតំបន់ប៉ែកខាងលិចឈាងខាងជើង និងឈាងខាងត្បូង មានសន្ទុះរីកចំរើនខ្លាំងលើវិស័យអចលនទ្រព្យជាងបណ្តាជាយក្រុងនានានៃទីក្រុងភ្នំពេញ។
លោកឧកញ៉ាបន្ត “ការរីកចម្រើនយ៉ាងលឿននេះ ដោយសារតំបន់ទាំងនេះ មានគម្រោងធំៗជាច្រើន បាននិងកំពុងមានវត្តមាននៅទីនេះ ។ ម្យ៉ាងវិញទៀត ចំពោះដីធ្លីវិញក៏មានមានលក្ខណៈល្អប្រសើរ ព្រមទាំងអំណោយផលខ្ពស់ផងដែរ ។ ប្រការនេះ ហើយបានធ្វើឱ្យមានចរន្តនៃការទិញ-លក់ដីកាន់តែកើនឡើង”។
លោកឧកញ៉ាបន្ថែមថា តំបន់ទាំងនេះ បើធៀបជាមួយនឹងតំបន់ផ្សេងទៀតនៃរាជធានីភ្នំពេញ គឺមានរោងចក្រច្រើន និងការពុះដីឡូត៍លក់ក៏ច្រើនផងដែរ ដែលធ្វើឱ្យចរន្តនៃមនុស្សប្រមូលផ្តុំ ទៅរស់នៅទីនោះកាន់តែច្រើន ជាពិសេសតម្លៃដីធ្លីក៏នៅមានតម្លៃសមរម្យ។
លោកឧកញ៉ាតេង រិទ្ឋីបានបន្ថែមទៀតថា ចំណែកតំបន់ភាគខាងត្បូងនៃរាជធានីភ្នំពេញក៏មានសន្ទុះរីកចំរើនខ្លាំងណាស់ ក្នុងរយៈកន្លងមកនេះ បើធៀបជាមួយនឹងតំបន់ផ្សេងទៀត គ្រាន់តែរីកចម្រើននេះ មានលក្ខណៈខុសគ្នា។ តំបន់ភាគខាងត្បូងភាគច្រើនគឺមានសន្ទុះរីកចំរើន ខាងផ្នែកលំនៅឋានច្រើនជាង ដែលមិនមែនជាតំបន់ឧស្សាហកម្ម សិប្បកម្ម និងរោងចក្រនោះទេ។
លោកឧកញ៉ាបន្ថែមថា ការរីកចម្រើននៃតំបន់ទាំងនេះ នឹងបន្តមានសន្ទុះរីកចំរើនកាន់តែខ្លាំងថែមទៀត ដោយសារកំណើនៃសេដ្ឋកិច្ចកម្ពុជា បាននឹងកំពុងបោះជំហ៊ានទៅមុខ ជាមួយនឹងទំនោរនៃការវិនិយោគ និងទេសចរណ៍ក៏កាន់តែរីកចំរើនផងដែរ។

លោកស្រីតាំង ហ៊ួរ នាយិការក្រុមហ៊ុនអចលនទ្រព្យ Amatak Property Service បានឱ្យដឹងដែរថា តំបន់ភាគខាងត្បូងនៃរាជធានីភ្នំពេញបាន និងកំពុងរីកចំរើនខ្លាំងលើវិស័យអចលនទ្រព្យច្រើន ជាងបណ្តាជាយក្រុងនានា ជាពិសេសតំបន់ផ្លូវ៦០ម៉ែត្រ ឬមហាវិថីសម្តេចតេជោហ៊ុនសែន ដោយសារមានគម្រោងធំៗជាច្រើនទៅកាន់ទីនោះ។
លោកស្រីបន្តថា “តំបន់ផ្លូវ៦០ម៉ែត្រ ហាក់មានសកម្មភាពរស់រវើកខ្លាំងជាង ដោយសារតែតំបន់នេះ មានគម្រោងធំៗជាច្រើន កំពុងរីកដុះដាល់នៅតំបន់នេះ ជាពិសេសមានគម្រោងផ្សារទំនើបAEON Mall៣ ដោយពេលខ្លះ អ្នកវិយោគស្វែងរកទិញនៅតំបន់នេះមិនបាន ព្រោះវាមានតម្លៃខ្ពស់”។
រីឯលោកម៉ម សិរីបញ្ញា នាយកប្រតិបត្តិក្រុមហ៊ុនEasy Property Investment Co, Ltd ក៏បានមើលឃើញនូវ តំបន់ភាគខាងលិច និងខាងត្បូងនៃទីក្រុងភ្នំពេញនេះ មានការរីកចំរើនខ្លាំងផងដែរលើវិស័យវិស័យអចលនទ្រព្យនេះ ក្នុងរយៈពេលកន្លងមកនេះ ដោយសារតែដីធ្លីនៅមានតម្លៃសមរម្យ ។
លោកថា សកម្មភាពនៃការទិញលក់ដី ដែលពុះកញ្ជ្រោលខ្លាំងជាងគេនៃជាយក្រុងភ្នំពេញ គឺស្ថិតនៅបណ្តោផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ និងជាពិសេសនៅតំបន់ផ្លូវ៦០ម៉ែត្រ ព្រោះតម្លៃដីធ្លីនៅតំបន់នេះមានតម្លៃធូរថ្លៃច្រើន៕
