ដោយវុត្ថា
ភ្នំពេញ៖ សមាជិកសភាជប៉ុន លោក YAMAOTO KOZO បានមើល ឃើញថា កម្ពុជា មានការអភិវឌ្ឍន៌លឿនជាលំដាប់ ជាពិសេសរាជធានីភ្នំពេញ មានទំហំរីកកាន់តែធំ ជាមួយនិងលំនៅដ្ឋាន មូលដ្ឋានអាជីវកម្ម និងមជ្ឈមណ្ឌលពាណិជ្ជកម្ម កាន់តែសម្បូរណ៌បែប ដែលពិតណាស់តម្រូវការអភិវឌ្ឍន៌ នឹងត្រូវការជាចាំបាច់ ។

លោក YAMAOTO KOZO នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២០ ម្សិលមិញនេះបានឱ្យដឹងបន្តថា ក្នុងនោះវិស័យទឹកស្អាត ជាកត្តាសំខាន់មិនអាចខ្វះបាន ហើយនឹងពាំនាំនិងលើកបញ្ហានេះ ជំរាបជូនដល់សភាជប៉ុន ដើម្បីពិនិត្យលទ្ធភាពជួយដល់កម្ពុជាលើវិស័យទឹកស្អាតនេះជាបន្តបន្ទាប់ទៀត ។
លោក YAMAOTO KOZO សមាជិកសភាជប៉ុនបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនឥតឈប់ឈររបស់កម្ពុជា ដោយលោកធ្លាប់មកកម្ពុជាចំនួន ០៤ លើក និងធ្លាប់ជួបសម្តេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាចំនួនពីរដងទាំងលើកនេះ ។
លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឱ្យដឹងថា ប្រជាជនកម្ពុជាទទួលបានទឹកស្អាតប្រើប្រាស់ គឺមិនអាចបំភ្លេចបានពីការរួមចំណែកដ៏សំខាន់ពីភាគីជប៉ុនឡើយ ។ ប៉ុន្តែទោះបីយ៉ាងណាកម្ពុជា នៅត្រូវការជំនួយឧបត្ថម្ភលើវិស័យទឹកស្អាតនេះបន្តទៀត ទាំងតំបន់ទីក្រុង ទីប្រជុំជន និងជនបទ ដើម្បីសម្រេចបានតាមគោលដៅឆ្នាំ២០២៥ របស់ក្រសួងផង និងគោលនយោបាយរបស់សម្តេចតេជានាយករដ្ឋមន្រ្តី ដែលចង់ឲ្យប្រជាពលរដ្ឋកម្ពុជាទទួលបានទឹកស្អាតប្រើប្រាស់គ្រប់ៗគ្នា ក្នុងតម្លៃសមរម្យ ដើម្បីជៀសផុតពីការឆ្លងជំងឺផ្សេងៗដោយសារការប្រើប្រាស់ទឹកមិនស្អាតផង ។

លោកបន្ថែមថា ក្នុងនោះទីក្រុងភ្នំពេញដែលកំពុងរីកខ្លួនធំមួយជាពីរក៏កំពុងមានតម្រូវការកើនឡើងលើវិស័យទឹកស្អាតជាចាំបាច់ ដូចប្រសាសន៌ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងជំនួបជាមួយឯកឧត្តមសមាជិកសភាជប៉ុនកាលពីព្រឹកថ្ងៃដដែលនេះជាសក្ខីភាពស្រាប់ ។
លោក ទេសរដ្ឋមន្ត្រី បានស្នើឲ្យដៃគូជប៉ុន ជួយដល់កម្ពុជាបន្ថែមទៀតលើវិស័យទឹកស្អាត ក្នុងលក្ខណៈជាជំនួយឥតសំណង និងមានក្រុមហ៊ុន SPC(Special Purpose Company)មួយដែលមានសមត្ថភាព ជួយបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់មន្ត្រីលើការងារគ្រប់គ្រងនិងថែរក្សារោងចក្រប្រព្រឹត្តិកម្មទឹកស្អាត ក្រោយភាគីជប៉ុនផ្ទេរការគ្រប់គ្រងដល់ភាគីកម្ពុជា ។
លោកថា តាមរយៈជំនួយឥតសំណង និងជួយឲ្យថ្លៃទឹកលក់ចេញជូនប្រជាពលរដ្ឋកាន់តែមានតម្លៃថោកសមរម្យ ជួយកាត់បន្ថយភាពក្រីក្រដល់ប្រជាពលរដ្ឋ ។ ពីព្រោះការវិនិយោគលើវិស័យទឹកស្អាត ត្រូវការចំណាយដើមទុនច្រើនណាស់ ដើម្បីទទួលបានទឹកស្អាតស្របតាមស្តង់ដារ ដែលភាគីជប៉ុនមានជំនាញខ្ពស់លើវិស័យនេះ ៕







