ដោយ Donald Lee
ភ្នំពេញ៖ ខណៈប្រទេសដែលពឹងផ្អែកលើការនាំចេញនៅអាស៊ីប៉ាស៊ីហ្វិកបន្តជួបប្រទះនឹងកំណើនយឺត ប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) ដូចជាកម្ពុជា និងមីយ៉ាន់ម៉ាត្រូវបានព្យាករណ៍ថានឹងមានកំណើនសេដ្ឋកិច្ចរឹងមាំនៅឆ្នាំ ២០២០ ដោយសារការវិនិយោគផ្ទាល់ពីបរទេស (FDI) ខ្លាំង។ នេះបើយោងតាមរបាយការណ៍របស់សន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ (UNCTAD) ។

-->
របាយការណ៍បានបញ្ជាក់ថា “ផ្អែកលើតម្រូវការក្នុងស្រុកធន់ និងលំហូរវិនិយោគផ្ទាល់ពីបរទេសយ៉ាងខ្លាំង សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងមីយ៉ាន់ម៉ាត្រូវបានព្យាករណ៍ថានឹងរក្សាបាននូវកំណើនផលិតផលសរុបក្នុងស្រុកដ៏រឹងមាំក្នុងចន្លោះពី ៦ ទៅ ៧ ភាគរយក្នុងឆ្នាំ ២០២០ និង ២០២១ ដែលជិតនឹងគោលដៅកំណើនប្រកបដោយចីរភាពនៃគោលដៅអភិវឌ្ឍន៍ ដោយយ៉ាងហោចណាស់ ៧ ភាគរយសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច”។
សេដ្ឋកិច្ចអាស៊ានធំៗ ផ្សេងទៀតត្រូវបានព្យាករណ៍ថានឹងមានស្ថេរភាព។ ហ្វីលីពីនត្រូវបានរំពឹងថានឹងស្ទុះងើបឡើងវិញពីកំណើន ៥,៩ ភាគរយនៅឆ្នាំ ២០១៩ ដល់ ៦,២ ភាគរយនៅឆ្នាំ ២០២០ ដោយសារតែការចំណាយដ៏ច្រើននៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធ។ ឥណ្ឌូនេស៊ីត្រូវបានរំពឹងថានឹងបង្កើនកំណើនរបស់ខ្លួនពី ៥ ភាគរយដល់ ៥,១ និង និងថៃត្រូវបានរំពឹងថានឹងបង្កើនកំណើនពី ៣ ទៅ ៣,១ ភាគរយនៅឆ្នាំ ២០២០។
ទោះយ៉ាងណា សឹង្ហបូរីដែលពឹងផ្អែកលើការនាំចេញនឹងបន្តតស៊ូដើម្បីរួចផុតពីការធ្លាក់ចុះរបស់ខ្លួន និងចេញពីលទ្ធផលមហន្តរាយរបស់ខ្លួនក្នុងឆ្នាំ ២០១៩។ នៅឆ្នាំ ២០១៩ សឹង្ហបូរីជិតធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច ហើយបញ្ចប់ឆ្នាំជាមួយកំណើន ០,៤ ភាគរយ និងត្រូវបានព្យាករណ៍ថានឹងកើនឡើងត្រឹម ១,២ ភាគរយនៅឆ្នាំ ២០២០។ នេះបើយោងតាមរបាយការណ៍។

វៀតណាមនឹងប្រកាសពីចំនួនដ៏ច្រើននៅក្នុងឆ្នាំ ២០២០ នៅពេលដែលខ្លួននៅតែបន្តទទួលបានអត្ថប្រយោជន៍ពីជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិននៅពេលដែលក្រុមហ៊ុននានាធ្វើចំណាកស្រុកដើម្បីជៀសវាងពន្ធពាណិជ្ជកម្មរបស់អាមេរិកលើទំនិញចិន ទោះបីជាមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ ក៏ដោយ។
របាយការណ៍នេះបានបញ្ជាក់ថា “ចក្ខុវិស័យកំណើនសម្រាប់ប្រទេសវៀតណាមនៅតែមានភាពរឹងមាំដោយសេដ្ឋកិច្ចនឹងកើនឡើង ៦,៦ ភាគរយនៅឆ្នាំ ២០២០”៕