រដ្ឋបាលភ្នំពេញ នឹងចេញមោយភាពប័ណ្ណ «ស្លាបមាន់» និងចែកវិញ្ញាបនប័ត្រសម្គាល់អចលនវត្ថុជូនម្ចាស់ក្បាលដី

0

ដោយ​វុត្ថា

​ភ្នំពេញ​៖​ ​មន្ទីរ​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​សំណង់​ ​និង​សុរិយោដី​ ​រាជធានី​ភ្នំពេញ​ ​នឹង​ធ្វើការ​ចែក​វិញ្ញា​បន​ប័ត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ ​(​ប័ណ្ណ​កម្មសិទ្ធិ​)​ ​ជូន​ដល់​ម្ចាស់​ក្បាលដី​ ​ដែល​ស្ថិតនៅ​ក្នុង​តំបន់​វិ​និ​ឆ្ឆ័យ​ ​ភូមិ​បាក់​ទូក​ ​សង្កាត់​ទួលសង្កែ​ទី១​ ​ខណ្ឌឫស្សីកែវ​ ​ចាប់ពី​ថ្ងៃទី១៧​ ​ខែមករា​ ​ឆ្នាំ២០២០តទៅ​។​



​សេចក្ដីជូនដំណឹង​មួយ​របស់​លោក​ ​ឃួង​ ​ស្រេង​ ​អភិបាល​រាជធានី​ភ្នំពេញ​ ​ដែល​គេហទំព័រ​ ​propertyarea.asia​ ​ទទួល​បាន​នៅ​ថ្ងៃទី​ ​២០​ ​ខែមករា​ ​ឆ្នាំ២០២០នេះ​ ​បានឱ្យ​ដឹង​ថា​ ​ចំពោះ​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី​ ​(​ប័ណ្ណ​ស្លាបមាន់​)​ ​ឫ​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​ ​ដែល​ចេញ​ដោយ​រដ្ឋបាល​សុរិយោដី​កន្លងមក​ ​ក្នុង​តំបន់​វិ​និ​ឆ្ឆ័យ​នេះ​ ​នឹង​ត្រូវ​អស់​សុពលភាព​ ​តាមផ្លូវ​ច្បាប់​ចាប់ពី​ថ្ងៃ​ចែក​វិញ្ញា​បន​ប័ត្រ​ ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ខាងលើ​នេះ​តទៅ​។​

​ក្នុង​សេចក្ដីជូនដំណឹង​នេះ​ ​បាន​ធ្វើឡើង​ដោយ​យោង​អនុក្រឹត្យ​លេខ១២២​ ​អន​ក្រ​ ​បក​ ​ចុះ​ថ្ងៃទី០៩​ ​ខែមិថុនា​ ​ឆ្នាំ២០១៦​ ​ស្ដីពី​ការ​កែសម្រួល​មាត្រា៦​ ​មាត្រា៧​ ​និង​មាត្រា១១​ ​នៃ​អនុក្រឹត្យ​លេខ៤៦​ ​អន​ក្រ.បក​ ​ចុះ​ថ្ងៃទី៣១​ ​ខែឧសភា​ ​ឆ្នាំ២០០២​ ​ស្ដីពី​នីតិវិធី​នៃ​ការ​កសាង​ប្លង់​សុរិយោដី​ ​និង​សៀវភៅ​គោល​បញ្ជី​ដីធ្លី​ ​ក្រោម​ដំណើរការ​នៃ​ការចុះបញ្ជី​ដីធ្លី​ ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​។​

​ជាមួយគ្នា​នេះ​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​ក៏​សូម​អំពាវនាវ​ចំពោះ​ម្ចាស់បំណុល​ដែល​បាន​ទទួល​បញ្ចាំ​ ​ឫ​ដាក់​ធានា​ពាក់ព័ន្ធ​ក្បាលដី​ក្នុង​តំបន់​វិ​និ​ឆ្ឆ័យ​ ​សូម​យក​ប័ណ្ណ​ទាំងនោះ​ ​មក​ជូន​មន្ត្រី​រដ្ឋបាល​សុរិយោដី​ធ្វើ​និយ័ត​កម្ម​ ​ដើម្បី​ការធានា​ប្រាក់​របស់​លោកអ្នក​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏បាន​អំពាវនាវ​ដល់​ម្ចាស់​ក្បាលដី​ ​ដែល​មាន​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី​ ​ឫ​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​កន្លងមក​ ​មេត្តា​យក​ប័ណ្ណ​ ​ទាំងនោះ​ ​មក​ប្រគល់ឲ្យ​មន្ត្រី​រដ្ឋបាល​សុរិយោដី​ ​នៅ​ភូមិ​បាក់​ទូក​ ​សង្កាត់​ទួលសង្កែ​ទី១​ ​ខណ្ឌឫស្សីកែវ​ ​ចាប់ពី​ថ្ងៃទី១៧​ ​ដល់​ថ្ងៃទី២២​ ​ខែមករា​ ​ឆ្នាំ២០២០ជាកំហិត​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here