ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ភាពនិយមដោយការរស់នៅក្នុងលំនៅដ្ឋានសហកម្មសិទ្ធិ ឬជាខុនដូបែបទំនើបនៅពេលបច្ចុប្បន្ននេះ គឺជារស់និយមថ្មីនៃជីវិត ដែលប្រជាជនខ្មែរមួយចំនួនទើបតែទទួលយក។ ជាមួយនឹងទំនោរថ្មីនៃការរស់នៅបែបស៊ីវិល័យមួយនេះ តើក្រុមហ៊ុនអភិវឌ្ឍន៍គួរមានការរៀបចំ រចនា និងការកំណត់តម្លៃដូចម្ដេច ដើម្បីចាប់យកអតិថិជនដែលជាជនជាតិខ្មែរ?

អគ្គនាយកក្រុមហ៊ុន Town City Real Estate លោក វ៉ន ចាន់ថន ដែលកំពុងតែមានភាពមមាញឹកនៅក្នុងទីផ្សារលក់ខុនដូនៅកម្ពុជាបានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ថា ចាប់តាំងពីដើមឆ្នាំ២០១៩ រហូតមក ការលក់ខុនដូហាក់មានភាពរលូនជាងឆ្នាំមុនៗ ហើយអតិថិជនភាគច្រើនគឺជាជនជាតិខ្មែរ ដែលនិយមទៅលើប្រភេទខុនដូតម្លៃមធ្យម។
លោកបានបន្តថា “ប្រជាជនខ្មែរបានចាប់ផ្តើមងាកមកចាប់អារម្មណ៍ជាមួយនឹងការរស់នៅក្នុងខុនដូជាបណ្តើរៗហើយ ប៉ុន្តែភាគច្រើនពួកគាត់មានតម្រូវការត្រឹមខុនដូតម្លៃទាប ឬតម្លៃមធ្យម។ ត្រង់ន័យនេះ មិនមែនជនជាតិខ្មែរសុទ្ធតែមានទំនោរទៅលើតែប្រភេទខុនដូតម្លៃមធ្យម ឬតម្លៃទាបនោះទេ ប៉ុន្តែដោយសារតែកម្រិតនៃលទ្ធភាព ដែលមិនស័ក្ដិសមទៅនឹងខុនដូដែលមានតម្លៃថ្លៃ”។ លោកបានបញ្ជាក់ថា “គួបផ្សំជាមួយនឹងការកំណត់ទាបលើការសាងសង់ដែលតម្រូវតាមតម្រូវការទីផ្សារនេះ អភិវឌ្ឍន៍ក៏ត្រូវតែមានការយកចិត្តទុកដាក់ទៅលើការជ្រើសរើសទីតាំងផងដែរ ដែលវានៅមិនអាចស្ថិតនៅក្នុងកណ្តាលក្រុង ឬឆ្ងាយពីក្រុងពេកនោះទេ ប៉ុន្តែអាចសមស្របទៅនឹងការរស់នៅ និងងាយស្រួលធ្វើដំណើរចេញចូលក្រុង”។
អគ្គនាយកក្រុមហ៊ុន ERA Cambodia លោក ខន គង្គា បានមានប្រសាសន៍បញ្ជាក់ប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃជាមួយគ្នាផងដែរ “មិនថាចំពោះតែជនជាតិបរទេស ឬជនជាតិខ្មែរនោះទេ គឺសុទ្ធតែចង់បានកន្លែងរស់នៅស្អាត ធំទូលាយ មានទីតាំងល្អ ហើយមានតម្លៃថោក ហើយចំណុចទាំងអស់នេះហើយដែលជារឿងលំបាករបស់អ្នកអភិវឌ្ឍន៍”។ លោកបានបន្តថា “អ្វីដែលអ្នកអភិវឌ្ឍន៍ត្រូវធ្វើគឺការព្យាយាមកាត់បន្ថយចំណាយថ្លៃដើម ប៉ុន្តែមានគុណភាព សោភ័ណភាពដែលអាចទទួលយកបាន ជាពិសេស ការចេះជ្រើសរើសទីតាំង”។

លោក ខន គង្គា បានបញ្ជាក់ថា “សម្រាប់ទីផ្សារខុនដូតម្លៃទាប ឬតម្លៃសមរម្យ អ្នកអភិវឌ្ឍន៍មិនអាចជ្រើសរើសយកទីតាំងសាងសង់ស្ថិតនៅក្នុងតំបន់បឹងកេងកង១ បាននោះទេ ប៉ុន្តែគេអាចរកទីតាំងជំនួសបានដូចជានៅប៉ែកខាងត្បូងក្រុង ដែលស្ថិតនៅក្បែរផ្លូវ៦០ម៉ែត្រ ផ្លូវ៥០ ម៉ែត្រ ឬតំបន់ក្បែរគ្នា ដែលតម្លៃដីនៅមានឱកាសវិនិយោគនៅឡើយ។ ក្រៅពីនេះ អ្នកអភិវឌ្ឍក៏ត្រូវពិចារណាពីឥរិយាបទ និងទំនោរនៃការរស់នៅអតិថិជនគោលដៅ។ ប្រសិនបើអតិថិជនគោលដៅជាជនជាតិខ្មែរ គួររចនាបន្ទប់តាមរបៀបខ្មែរ ដែលអាចទទួលយកបាន”។ លោកបានបន្តទៀតថា “ប្រជាជានខ្មែរ មានទម្លាប់រស់នៅបែបទូលាយ ប៉ុន្តែមិនមានការរចនាសាំញាំពេកនោះទេ ដែលផ្ទុយពីការរស់នៅបែបលក្ខណៈជនជាតិចិន និងជនជាតិជប៉ុនទាំងស្រុង ប៉ុន្តែវាក៏ត្រូវទាមទារឱ្យមានបែបបទនៃភាពស៊ីវិល័យផងដែរ”។
តាមរបាយការណ៍ដែលសិក្សាដោយក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia ដែលចេញកាលពីចុងសប្ដាហ៍កន្លងទៅនេះ បានព្យាករណ៍ថា នៅឆ្នាំ២០២០នេះ ការផ្គត់ផ្គង់ចំនួនខុនដូតម្លៃទាប និងមធ្យម នឹងចូលរួមចំណែកនៅក្នុងទីផ្សាររួមរហូតដល់ប្រមាណ៣០ភាគរយ ដែលភាគច្រើនអតិថិជនដែលមានតម្រូវការគឺជាជនជាតិខ្មែរ ៕







