គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានធំៗចំនួន៣មានផ្ទះសរុបជិត១០,០០០ខ្នងគ្រោងបញ្ចប់ការសាងសង់ក្នុងពេលឆាប់ៗនេះ

0

ដោយៈ​ ​រ៉ា​ណេត​ ​

​ភ្នំ​ពេញៈ​ ​គម្រោង​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​ដែល​មានតម្លៃ​មធ្យម​ ​និង​ក្រោម​មធ្យម​ចំនួន៣ធំៗ​ ​សរុប​ជិត១០,០០០ខ្នង​ ​ក្រោម​ទុន​វិនិយោគ​ជាច្រើន​រយ​លាន​ដុល្លារ​ ​នឹង​ត្រូវ​បញ្ចប់​ការសាងសង់​នៅ​ពេល​ឆាប់​ៗ​ខាងមុខនេះ​ ​ខណៈ​ដែល​គម្រោង​ខ្លះ​សម្រេច​បាន៩០ភាគរយ​។​ ​

​គម្រោង​លំនៅ​ដ្ឋាន​តម្លៃ​សម​រម្យ​ធំៗ​ចំនួន៣​ ​ដែល​មាន​លំនៅ​ដ្ឋាន​សរុប​ចំនួន៨​ ​៣៣១ខ្នង​ស្ថិតនៅ​ទី​តាំង​ផ្សេង​ៗ​ពីគ្នា​ ​នឹង​បញ្ចប់​ការសាងសង់​ក្នុង​ពេល​ឆាប់​ៗ​ខាងមុខនេះ​រួមមាន​ ​ទី​ ​១​ ​-​គម្រោង​ ​«​ទីក្រុង​រណប​សុភមង្គល​»​ ​របស់​ក្រុមហ៊ុន​ ​Woldbridge​ ​Homes​ ​Co​.​,​Ltd​ ​អភិវឌ្ឍន៍​នៅ​លើ​ផ្ទៃដី​ទំហំ៤៥ហិ​ក​តា​ ​ជាមួយ​ទុន​វិនិយោគ​ប្រមាណ១០០លាន​ដុល្លារ​ ​ស្ថិតនៅ​ភូមិ​កោះ​គរ​ ​សង្កាត់​រកាខ្ពស់​ ​ក្រុង​តាខ្មៅ​ ​ខេត្តកណ្តាល​ ​មាន​ចម្ងាយ​ប្រមាណ១៨គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​ ​សាងសង់​សម្រេច​បាន៩០ភាគរយ​។​

​ទី២​ ​គម្រោង​អភិវឌ្ឍ​លំនៅឋាន​តម្លៃ​សមរម្យ​ ​«​បុរី​សែនមនោរម្យ​ព្រែកតាទែន​»​ ​អភិវឌ្ឍ​ដោយក្រុម​ហ៊ុន​ ​B​&​BM​ ​Development​ ​Co​.​,​Ltd​ ​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ស្លែង​ដីដុះ​ ​ឃុំ​ព្រែកតាទែន​ ​ស្រុក​ពញា​ឭ​ ​ខេត្តកណ្តាល​ ​សម្រេច​បាន៥០ភាគរយ​។​

​ទី៣​-​ ​គម្រោង​អភិវឌ្ឍ​លំនៅ​ដ្ឋាន​តម្លៃ​សមរម្យ​ ​«​ហ្រ្កេន​ផាក​»​ ​ដំណាក់កាល​ទី​ ​១​ ​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ទួល​កី​ ​សង្កាត់​ភ្លើងឆេះរទេះ​ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​រាជធានី​ភ្នំពេញ​ ​សម្រេច​បាន៦៧ភាគរយ​។​ ​ក្រៅពី​នេះ​នៅ​មាន​គ​ម្រោ​ង​បណ្តុំ​ ​សំណង់​លំនៅ​ដ្ឋាន​លក្ខណៈ​បុរី​មួយចំនួន​ទៀត​ដែល​មិន​ត្រូវ​បាន​រាប់បញ្ចូល​។​ ​

​អគ្គនាយក​ក្រុមហ៊ុន​ ​PREMIUM​ ​Group​ ​លោក​ ​ម៉ាន់​ ​ចាន់​ឌី​ ​បាន​មានប្រសាសន៍​បញ្ជាក់​ប្រាប់​តាម​ទូរស័ព្ទ​ ​កាលពី​ល្ងាច​ថ្ងៃទី២០​ ​ខែមករា​កន្លងមក​ថា​ ​ចំនួន​នៃ​ការ​លំនៅ​ ​ ​ដ្ឋាន​ខាងលើ​នេះ​ ​នៅ​មិនទាន់​គ្រប់​តម្រូវការ​របស់​ទីផ្សារ​នៅឡើយ​នោះ​ទេ​ ​ដែល​វា​នៅ​ទាមទារ​ឱ្យ​មានការ​ផ្គត់ផ្គង់​បន្ថែម​ទៀត​។​ ​

​លោក​បាន​បន្ត​ថា​ ​“​បច្ចុប្បន្ន​នេះ​ ​អ្នក​ដែល​មិនទាន់​មាន​លំនៅ​ដ្ឋាន​កម្មសិទ្ធិ​ស្នាក់នៅ​សមរម្យ​នៅ​មាន​ចំនួន​ច្រើន​ ​ហើយ​វា​នឹង​បន្ត​ទៅ​ឆ្នាំ​ខាង​មុ​ខន​ទៀត​ ​ដោយ​មិនទាន់​អាច​កំណត់​បាន​”​។​ ​លោក​បាន​បញ្ជាក់​ថា​ ​“​ខ្ញុំ​សុំ​និយាយ​ត្រឹម​តំបន់​ក្រុងភ្នំពេញ​ ​ដែល​ពី​មួយ​ឆ្នាំ​ៗ​មាន​កំណើន​មនុស្ស​ចូល​មក​រស់នៅ​កាន់តែ​ច្រើន​ ​ដែល​ក្នុង​នោះ​រាប់ទាំង​សិស្ស​និស្សិត​ដែល​មក​ពី​ខេត្ត​បន្ត​ការសិក្សា​ ​ទាំង​អ្នកចំណូលថ្មី​ដែល​មក​ប្រកបការងារ​ ​និង​មុខ​ជំនួញ​ផ្សេង​ៗ​ ​ជាពិសេស​អ្នក​ដែល​ទើបតែ​មានគ្រួសារ​ថ្មី​ជាដើម​ ​គឺ​សុទ្ធតែ​មាន​តម្រូវការ​លើ​វិស័យ​លំនៅ​ដ្ឋាន​ទាំងអស់​”​។​

​ ​លោក​ចាន់​ឌី​បាន​បន្ត​ថា​ ​អ្វី​ដែល​សំខាន់​ ​អ្នកផ្គត់ផ្គង់​ត្រូវ​ដឹងពី​លទ្ធ​ភា​ពរ​បស​អតិថិជន​គោលដៅ​ ​ដើម្បី​កំណត់​ថ្លៃដើម​ក្នុង​ការសាងសង់​ ​រួម​ជាមួយនឹង​ការ​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការទិញ​។​ ​

​លោក​ឧកញ៉ា​ ​នួន​ ​រិទ្ធី​ ​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ ​Khmer​ ​Foundation​ ​Appraisal​ ​ដែល​កំពុង​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​កម្រិតមធ្យម​ ​កៀនស្វាយ​ ​ផាក​ ​ស្ថិតនៅ​ភូមិ​ស្រែ​អំពិល​ ​ឃុំ​ឈើទាល​ ​ស្រុក​កៀនស្វាយ​ ​ខេត្តកណ្តាល​ ​បាន​មានប្រសាសន៍​ថា​ ​បច្ចុប្បន្ន​ ​ក្រុមហ៊ុន​អ្នក​អភិវឌ្ឍ​វិស័យ​លំនៅ​ដ្ឋាន​ ​បាន​ផ្តល់​ភាព​ងាយស្រួល​ជាច្រើន​ ​ដល់​អតិថិជន​ក្នុង​ការទិញ​ ​ដោយ​ផ្តល់​ជម្រើស​ ​តាមរយៈ​វិធីសាស្ត្រ​បង់​រំលោះ​ជាមួយ​ក្រុមហ៊ុន​ផ្ទាល់​ ​ឬ​ជាមួយ​ធនាគារ​ជា​ដៃគូ​។​ ​

​លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ ​វិធីសាស្ត្រ​ទិញ​ផ្ទះ​ដោយ​ការ​បង់​រំលោះ​ ​គឺ​មាន​ប្រជាប្រិយ​ភាព​ខ្លាំង​ ​ដោយសារតែ​ចំនួន​នៃ​ការ​បង់​ប្រចាំខែ​ ​ពួកគាត់​សុទ្ធតែ​អាច​មានលទ្ធភាព​ធ្វើ​ទៅ​បាន​ ​ស្រប​ពេល​ដែល​ចំណូល​ប្រចាំខែ​របស់​ពួកគាត់​ ​មាន​ភាពល្អ​ប្រសើរ​ជាង​ពេលមុន​។​ ​

​លោក​ឧកញ៉ា​បាន​បញ្ជាក់​ថា​ ​“​សេដ្ឋកិច្ច​កម្ពុជា​ពេលនេះ​ ​មាន​ភាពល្អ​ប្រសើរ​ជាង​មុន​ ​ដែល​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ ​មន្ត្រី​រាជការ​អាច​ទទួល​បាន​ចំណូល​សមរម្យ​ ​ដែល​អាច​មានលទ្ធភាព​គ្រប់គ្រាន់​ ​ក្នុង​ទិញ​ដោយ​បង់​រំលោះ​ក្នុងរយៈពេល​វែង​”​។​ ​លោក​បាន​បញ្ជាក់​ថា​ ​“​មិនថា​ពេលនេះ​ ​ឆ្នាំក្រោយ​ ​ឬ​ឆ្នាំ​ណា​នោះ​ទេ​ ​វិស័យ​លំនៅ​ដ្ឋាន​នៅតែ​មាន​តម្រូវការ​ជានិច្ច​”​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here