ដោយ ៖ គង់់ សូរិយា
ភ្នំពេញ ៖ ក្រុមហ៊ុនមកពីទីក្រុងហុងកុង គ្រោងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មកំពស់ជាង៤០០ម៉ែត្រលើទីក្រុងកោះពេជ្រ រាជធានីភ្នំពេញ។ នេះបើតាមការឱ្យដឹងពីលោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC ដែលកំពុងគ្រប់គ្រងគំរោងទីក្រុងរណបកោះពេជ្រ។
លោកបានបន្តឱ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២១ ខែមករា នេះថា តាមអ្វីដែលលោកទទួលបាន គឺក្រុមហ៊ុនមកពីទីក្រុងហុងកុងនេះ បានទិញដីជិត៥ហិកតារួចហើយនៅលើទីក្រុងកោះពេជ្រ ដើម្បីសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំ នៅលើកោះពេជ្រ ហើយអាគារមេក្នុងគំរោងនេះមានកំពស់ជាង ៤០០ម៉ែត្រ។
-->
ទោះជាយ៉ាងណាលោក មិនបញ្ជាក់ពីព័ត៌មានលំអិតនៃគំរោងនេះទេ ហើយក៏មិនបង្ហើបឱ្យដឹងពីឈ្មោះក្រុមហ៊ុន ដែលគ្រោងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំនេះនៅឡើយទេ។
គំរោងដ៏ធំនេះមានទីតាំងនៅលើអតីតសួនរាត្រី សំរាប់កុមារលេងកំសាន្តនៅពេលយប់ ដែលស្ថិតនៅភាគខាងជើង ឆៀងខាងកើតនៃទីក្រុងកោះពេជ្រ។
កាលពីពេលថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគំរោងវិនិយោគមានតម្លៃទឹកប្រាក់ជិត១២០០លានដុល្លារអាមេរិក របស់ក្រុមហ៊ុន“BOCC DEVELOPMENT CO.,LTD.ដែលជាក្រុមហ៊ុនលំដាប់ពិភពលោក ដើម្បីសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅដ្ឋានប្រណីតនៅលើទីក្រុងកោះពេជ្រ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងកាលពីព្រលប់ថ្ងៃទី២៥ ខែធ្នូ កន្លងមកបានឱ្យដឹងថា ក្រុមហ៊ុនខាងលើនេះមានគម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន៥០០បន្ទប់, Service Hotel Apartment ថ្នាក់ផ្កាយ៤ ចំនួន១.៦០០units និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ “លើកោះពេជ្រ”។
ក្រុមហ៊ុននេះគ្រោងដាក់ទុនវិនិយោគ ប្រមាណ១,១៨១ពាន់លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៦.៣៧០កន្លែង។
លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC ដែលកំពុងគ្រប់គ្រងអភិវឌ្ឍន៍ទីក្រុងកោះពេជ្រ បានមានប្រសាសន៍ឱ្យដឹងផងដែរថា ពិតជាមានគំរោងដ៏ធំបាននិងកំពុងត្រៀមសាងសង់នៅលើទីក្រុងកោះពេជ្រ ប៉ុន្តែលោកមិនទាន់បញ្ជាក់ពីឈ្មោះក្រុមហ៊ុន និងឈ្មោះគំរោងនេះនៅឡើយទេ ប៉ុន្តែពេលនេះគំរោងនេះពិតជាត្រូវបានអនុម័តដោយ CDC។
លោកបន្តថា “គំរោងនេះមានទីតាំងនៅតំបន់ផ្សារាត្រី និងកន្លែងលេងកំសាន្តរបស់កុមារ ដែលបច្ចុប្បន្នតំបន់លេងកំសាន្តនេះបានរើចាកចេញហើយ”។ លោកបន្តថា “ផ្ទៃដីកោះពេជ្រ ទើបអភិវឌ្ឍន៍បាន៥០ភាគរយ ហើយបើគិតពីផ្ទៃក្រឡាសំណង់នៅលើទីក្រុងកោះពេជ្រ ទើបសម្រេចបាន២៥ភាគរយប៉ុណ្ណោះ”៕