អាជ្ញាធរខេត្តមណ្ឌលគិរីចាប់ផ្តើមត្រួតពិនិត្យគុណភាពសំណង់ក្នុងដែនសមត្ថកិច្ចខ្លួន

0

ដោយវុត្ថា

ខេត្តមណ្ឌលគិរី៖ រដ្ឋបាលខេត្តមណ្ឌលគិរី ស្នើឱ្យ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដី និងលោកអភិបាលក្រុង/ស្រុកទាំង៥ ចាប់ផ្តើមចាត់វិធានការត្រួតពិនិត្យបច្ចេកទេស ដើម្បីពង្រឹងគុណភាពសុវត្ថិភាពសំណង់នានាសាងសង់ស្ថិតក្នុងដែនសមត្ថកិច្ចក្រុង/ស្រុកទាំង៥នៃខេត្តមណ្ឌលគិរី។

យោងតាមលិខិតលេខ ០១០/ សជណ ដែលចុះហត្ថលេខាដោយលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី កាលពីថ្ងៃទី ២១ ខែមករាឆ្នាំ ២០២០ កន្លងមកនេះ ថា រដ្ឋបាលខេត្តបានឱ្យដឹងថា ក្នុងទីប្រជុំជនក្រុង ស្រុក ជាពិសេសទីប្រជុំជនក្រុងសែនមនោរម្យ មានការអភិវឌ្ឍន៍លើវិស័យសំណង់ ជាច្រើនគួរឱ្យកត់សំគាល់ ដែលបង្ហាញពីភាពរីកចម្រើនរបស់ខេត្ត ក្នុងការសាងសង់លំនៅដ្ឋាន ក៏ដូចជាសំណង់អគារអាជីវកម្មផ្សេងៗ។ល។

សេចក្តីជូនដំណឹងដដែលបន្តថា ទន្ទឹមនេះ ខេត្តក៏បានសង្កេតឃើញមានសំណង់មួយចំនួនសង់មិនទាន់មានរបៀបរៀបរយ មិនមានច្បាប់អនុញ្ញាត និងខ្វះការត្រួតពិនិត្យលក្ខណៈបច្ចេកទេសត្រឹមត្រូវពីមន្ត្រីជំនាញនៅឡើយ ករណីនេះអាចបង្កឱ្យមានហានិភ័យជាយថាហេតុណាមួយនៅថ្ងៃក្រោយ។

សេចក្តីជូនដំណឹងដដែលបញ្ជាក់ថា ដើម្បីធានាបាននូវសុវត្ថិភាព លើវិស័យសំណង់ប្រកបដោយសោភណ្ឌភាព គុណភាព និងសុវត្ថិភាព នៃការសាងសង់សំណង់នានា រដ្ឋបាលខេត្ត សូមធ្វើការណែនាំដល់ លោកប្រធានមន្ទីររៀបចំដែនដីនគរូបនយកម្ម សំណង់និងសុរិយោដីខេត្ត និងលោកអភិបាល នៃគណៈអភិបាលក្រុង ស្រុកទាំងប្រាំ ទទួលខុសត្រូវចាត់វិធានការពង្រឹងលើការងារត្រួតពិនិត្យច្បាប់អនុញ្ញាត បទដ្ឋានបច្ចេកទេស គុណភាពសំណង់ ជាពិសេសសំណង់កំពុងសាងសង់ត្រូវអនុវត្តតាមគំនូសប្លង់បច្ចេកទេសឱ្យបានត្រឹមត្រូវ ក្នុងករណីសង្កេតឃើញថា មានភាពមិនប្រក្រតី មិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ត្រូវមានវិធានការបញ្ឈប់ជាបន្ទាន់ដើម្បីឱ្យម្ចាស់សំណង់កែលម្អតាមការណែនាំរបស់ជំនាញ ក្នុងករណីរឹងរូសត្រូវចាត់វិធានការច្បាប់។

លោក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីដើមខែមករា ឆ្នាំ ២០២០ កន្លងមកនេះ បានចេញសេចក្តីសម្រេចចាត់តាំងមន្ត្រីត្រួតពិនិត្យសំណង់នៅទូទាំងប្រទេស បន្ទាប់ពីមានសំណង់អគារបាក់ស្រុតជាបន្តបន្ទាប់។

សម្រាប់មន្ត្រីត្រួតពិនិត្យសំណង់រាជធានី ខេត្ត មានតួនាទី និងភារកិច្ចពិនិត្យ និងផ្តល់យោបល់ទាំងលើទិដ្ឋភាពច្បាប់ និងបច្ចេកទេសលើគម្រោងសាងសង់ និងតាមដានត្រួតពិនិត្យការសាងសង់។ ចុះត្រួតពិនិត្យ និងបោះបង្គោលព្រំកំណត់ទីតាំងស្នើសុំសាងសង់ ឬ រុះរើ ។ សហការជាមួយរដ្ឋបាលរាជធានីខេត្តក្រុង ស្រុក ខណ្ឌ គោលដៅ ដើម្បីចុះតាមដាន និងត្រួតពិនិត្យអនុវត្តបទប្បញ្ញត្តិបច្ចេកទេសសំណង់ និងបទបទប្បញ្ញត្តិជាធរមានដទៃទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here