ប្លង់ចាស់ និងប្លង់ថ្មី
ដោយ គង់ សូរិយា
ភ្នំពេញ៖ អស្ចារ្យ! នៅទីបំផុតព័ត៌មាននៃការចាប់ផ្តើមសាងសង់អាគារ Thai Bunrong Twin Tower លំដាប់ពិភពលោកបានបង្ហាញជាក់លាក់ហើយ ដោយក្រុមវិស្វករ និងស្ថាត្យករនៃគំរោងនេះ បានសម្រេចចុងក្រោយថា “អាគារនេះនឹងត្រូវដំឡើងដល់កំពស់ ៥៦៤ម៉ែត្រ”។
ជាប្លង់អាគារចាស់
លោកសាស្រ្តាចារ្យ ទួស សាភឿន ស្ថាបត្យករចូលរួមគូប្លង់គំរោងនេះ និងជាមន្រ្តីជាន់ខ្ពស់នៃក្រុមហ៊ុន Thai Bunrong Group ដែលជាអ្នកអភិវឌ្ឍន៍គំរោងនេះបានមានប្រសាសន៍ឲ្យដឹង តាមប្រព័ន្ឋអនឡាញកាលពីថ្ងៃច័ន្ទថា រហូតមកទល់ពេលនេះ ក្រុមអ្នកជំនាញនិងក្រុមហ៊ុន បានសម្រេចបន្ថែមកំពស់អាគារនេះ ដល់កំពស់៥៦៤ម៉ែត្រ និងបង្កើនទុនវិនិយោគផ្នែកសំណង់រហូតដល់ជាង៣០០០លានដុល្លារអាមេរិក និងជាង៣០០០លានដុល្លារទៀត នឹងត្រូវប្រើប្រាស់ធ្វើឲ្យអាគារនេះដំណើរការដោយរសរវើក។
-->
នេះជាប្លង់ស្ថាបត្យកម្មអាគារនេះចុងក្រោយ
លោកបន្តថា “ការសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកនេះ មិនមានការប្រែប្រួលទេ។ វានឹងជាមោទនភាព និងជាកិត្យានុភាពសម្រាប់កម្ពុជានៅលើពិភពលោក”។លោកបន្តថា “មិនមានប្រទេសទាំងអស់អាចមានសមត្ថភាពសាងសង់ទេ ជួនកាលពួកគេមានលុយ តែមិនប្រាកដថាអាចសាងសង់បាននោះ ឡើយ”។
ក្រុមការងារកំពុងធ្វើការសិក្សាបញ្ចប់ប្លង់ស្ថាបត្យកម្មអាគារ
លោកទួស សាភឿនបានបន្តថា នាពេលនេះយើងកំពុងរៀបចំប្លង់បច្ចេក ទេស ដោយសារការងារនេះមិនអាចធ្វើរយៈពេលខ្លីបាននោះទេ ហើយក្រុមការងារបច្ចេកទេសកំពុងដុតដៃដុតជើងធ្វើការងារនេះ និងពេលថ្មីៗក្រុមហ៊ុនបានអនុញ្ញា ត្តឲ្យក្រុមហ៊ុនមួយវាយជញ្ជាំងទប់ដី ដើម្បីកុំឲ្យបាក់ដីនៅក្នុងគំរោងនេះរាលដាលទៅដីអ្នកជិតខាងនៅពេលគំរោងនេះចាប់ផ្តើមសាងសង់។ ចំណែកការធ្វើតេស្តដីបានបញ្ចប់ហើយ។
លោកបន្តថា “យើងកំពុងប្រឹងប្រែងធ្វើឲ្យអាគារនេះ មានភាពភាពអស្ចារ្យ មិនមែនរាប់បញ្ចូលអង់តែននោះទេ គឺកំពស់ជាង៥០០ម៉ែត្រនេះ ជាអាគារដែលអាចប្រើប្រាស់បានដល់ចំណុចកំពូល”។
ក្រុមការងារកំពុងធ្វើការសិក្សាបញ្ចប់ប្លង់ស្ថាបត្យកម្មអាគារនេះ
ទោះជាយ៉ាងណាលោកមិនបញ្ជាក់ឲ្យដឹង ពីពេលវេលាជាក់លាក់នៃការចាប់ផ្តើមបើកការដ្ឋានសាងសង់ជាផ្លូវការទេ ដោយបានថ្លែងថា ក្រុមហ៊ុនកំពុងជ្រើសរើសរកពេលវេលាសមស្របមួយ។
ក្រុមហ៊ុនថៃ ប៊ុនរ៉ុង បានចាប់ដៃគ្នាជាមួយក្រុមហ៊ុន Sun Kian Ip Group របស់ប្រទេសចិន ដើម្បីសាងសង់អគារនេះដែលមានទីតាំងនៅទល់មុខសណ្ឋាគារ និងកាស៊ីណូណាហ្កាទី១ (អតីតសួនកម្សាន្តឌ្រីមលែនដ៏)។
នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកនាងអាន សុធីតាបានថ្លែងថា ការសាងសង់អាគារដ៏ធំនេះ ជារឿងល្អមួយ ប៉ុន្តែបើគិតពីទំហំសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជានាពេលបច្ចុប្បន្ននេះ ទំហំមជ្ឈមណ្ឌលពាណិជ្ជកម្មនេះ វាហាក់ធំពេក ប៉ុន្តែបើគិតពីការរីកចម្រើននៃសេដ្ឋកិច្ច និងទំហំពាណិជ្ជកម្មកម្ពុជាសម្រាប់រយៈពេល៥ទៅ១០ឆ្នាំខាងមុខ ទំហំអាគារនេះមិនធំនោះទេ។
អ្នកនាងបន្តថា “វាជាមោទនភាពសម្រាប់កម្ពុជា បើសិនជាអាគារនេះសាងសង់បានដោយជោគជ័យ”។
លោកងួន ឆាយលាងអគ្គនាយកក្រុមហ៊ុន Ratanaka Realty បានថ្លែងថា វាពិតជាល្អប្រសិនជាអាគារនេះត្រូវបានសាងសង់ ប៉ុន្តែប្រសិនជាមើលប្លង់ស្ថាបត្យកម្មរបស់អាគារ(រូបភាពអាគារចាស់) លោកមិនមើលឃើញមានអ្វីដែលហាក់អស្ចារ្យនោះទេ ហេតុនេះក្រុមហ៊ុនគួរសិក្សា និងគូប្លង់ស្ថាបត្យកម្មអាគារនេះឲ្យមានភាពអស្ចារ្យ ដើម្បីបង្អួត និងបង្ហាញភាពទាក់ទាញទៅកាន់ពិភពលោក៕