ដោយ ដែន ចែងចាំង
ភ្នំពេញ៖ ទន្ទឹមនឹងការរីកចំរើននៃវិស័យអចលនទ្រព្យ ក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនជប៉ុន Japan Valuers Co., Ltd ដែលមានការិយាល័យនៅប្រទេសជប៉ុន បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនក្នុងប្រទេសកម្ពុជាហើយ តាមរយៈក្រុមហ៊ុនបុត្រសម្ពន្ធ័របស់ខ្លួនឈ្មោះ Japan Valuers (Cambodia) Co., Ltd ។
Japan Valuers (Cambodia) Co., Ltd ត្រូវបានបង្កើតឡើងរួមគ្នាដោយលោក ហ៊ីរ៉ូយូគី អ៊ីសូបេ ជាមួយលោកស៊ឹម ហ៊ុយឈ័ង។
លោកហ៊ីរ៉ូយូគី អ៊ីសូបេបានថ្លែងថា “ ខ្ញុំមានសេចក្តីរីករាយជំរាបជូនថា ខ្ញុំបានបង្កើតក្រុមហ៊ុនបុត្រសម្ពន្ធ័ថ្មីមួយទៀត នៅប្រទេសកម្ពុជា មានឈ្មោះថា Japan Valuers (Cambodia) Co., Ltd ។លោកបន្តថា “យើងមានគោលបំណងក្លាយជាក្រុមហ៊ុនមួយដ៏ល្អ ក្នុងប្រទេសកម្ពុជាក្នុងវិស័យអចលនទ្រព្យ ទាំងផ្នែកវាយតម្លៃ ប្រឹក្សាយោបល់ និងស្រាវជ្រាវ។
ជាមួយគ្នានេះ លោកបានសម្តែងនូវសេចក្តីថ្លែងអំណរអគុណ ដល់អតិថិជនរបស់លោកចំពោះការគាំទ្រកន្លងមក និងរំពឹងថា បានទទួលការគាំទ្រជាបន្តបន្ទាប់ទៀត” ។ លោកបានបន្តទៀតថា បទពិសោធន៏ និងចំណេះដឹងជាសាកលរបស់លោកទាក់ទងនឹងប្រពន្ធ័វាយតម្លៃ និងប្រឹក្សាយោបល់ផ្នែកអចលនទ្រព្យ នឹងជួយពង្រឹងស្ថេរភាព និងក្រមសីលធម៌វិជ្ជាជីវៈនៅក្នុងទីផ្សារកម្ពុជា។
លោក ស៊ឹម ហ៊ុយឈ័ង អ្នកជំនាញផ្តល់សេវាកម្មវាយតម្លៃ និងប្រឹក្សាយោបល់ផ្នែកអចលនទ្រព្យ និងគម្រោងវិនិយោគក្នុងស្រុក ដែលមានបទពិសោធន៏ជាច្រើនក្នុងទីផ្សារ។
លោកបន្តថា “ខ្ញុំមានសេចក្តីសោមនស្សជាអនេក ដែលបានចូលរួមជាមួយលោក ហ៊ីរ៉ូយូគី អ៊ីសូបេ បង្កើតក្រុមហ៊ុនបុត្រសម្ពន្ធ័ Japan Valuers (Cambodia) នេះឡើង។លោកបន្តថា “ខ្ញុំជឿជាក់ថា ការចាប់ផ្តើមនៃក្រុមហ៊ុនរបស់យើងនឹងកាន់តែធ្វើឲ្យមានទំនុកចិត្តក្នុងវិស័យអចលនទ្រព្យ និងទីផ្សារក្នុងប្រទេសកម្ពុជាយើង ពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ។
លោកបន្តថា ជាងនេះទៀត វាក៏អាចជួយសម្រួលលំហូរវិនិយោគបរទេសផងដែរ ដោយសារតែការតាំងចិត្តរបស់ក្រុមហ៊ុនយើង ក្នុងការគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ និងការធ្វើឲ្យកាន់តែមានភាពប្រសើឡើងនៃសង្គតភាព តម្លាភាព និងភាពអាចប្រៀបធៀបគ្នាបាន នៃបទដ្ឋានវាយតម្លៃអចលនទ្រព្យ និងគម្រោងផ្សេង។ យើងក៏អាចជួយទាក់ទាញវិនិយោគិនបរទេស និងជួយស្វែងរកដៃគូអភិវឌ្ឍន៍អចលនទ្រព្យផងដែរ។
លោកស៊ឹម ហ៊ុយឆ័ងបានបន្ថែមថា “ការមកដល់នៃក្រុមហ៊ុន Japan Valuers Co., Ltd ក៏បានបង្ហាញអំពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការបម្រើអតិថិជិនឲ្យកាន់តែប្រសើរ តាមរយៈការបង្កើតការិយាល័យ និងក្រុមហ៊ុននៅប្រទេសផ្សេង។ យើងជាក្រុមហ៊ុនដែលអាចផ្តល់ពត៌មាន និងគុណភាពសេវាកម្មប្រកបដោយវិជ្ជាជីវៈ។ ការគោរពក្រមសីលធម៌ និងសមត្ថភាពវិជ្ជាជីវៈ គឺជាការកំណត់នូវភាពជោគជ័យរបស់យើងក្នុងរយៈពេលវែង។
លោក ហ៊ីរ៉ូយូគី អ៊ីសូបេដែលបានបង្កើតក្រុមហ៊ុន HIRO & Associates Inc. ក្នុងឆ្នាំ១៩៨៣ និងក្រុមហ៊ុន REAS Network Co., Ltd ក្នុងឆ្នាំ១៩៩៨។ បន្ទាប់ពីបានរួមបញ្ចូលគ្នារវាងក្រុមហ៊ុនទាំងពីរ HIRO & REAS Network ក្នុងឆ្នាំ២០០២ ក្រុមហ៊ុនថ្មីនេះត្រូវបានប្តូរឈ្មោះថា Japan Valuers Co., Ltd នៅក្នុងឆ្នាំ ២០១០ ដែលមានលោកហ៊ីរ៉ូយូគីអ៊ី សូបេជាប្រធានក្រុមប្រឹក្សាបច្ចុប្បន្ន។ ក្រុមហ៊ុន Japan Valuers Co., Ltd មានទីស្នាក់ការនៅទីក្រុងតូក្យូ និងណាគូយ៉ាប្រទេសជប៉ុន និងមានបទពិសោធន៏យ៉ាងច្រើន លើការវាយតម្លៃអចលនទ្រព្យ និងអាជីវកម្ម និងលើការផ្តល់ប្រឹក្សាលើវិស័យអចលនវត្ថុផងដែរ។
ចាប់តាំងពីឆ្នាំ២០១០មក ក្រុមហ៊ុន Japan Valuers Co., Ltd មានគោលបំណងបង្កើតបណ្តាញក្រុមហ៊ុនបុត្រសម្ពន្ធ័ជាសាកល ដើម្បីបម្រើសេវាកម្មក្នុងវិស័យអចលនទ្រព្យ ដល់អតិថិជនរបស់ខ្លួនឲ្យបានកាន់តែទូលំទូលាយ ទាំងអតិថិជនជាក្រុមហ៊ុនជប៉ុនធំៗ និងក្រុមហ៊ុនបរទេសផ្សេងទៀត។ ក្នុងឆ្នាំ ២០១៦ ក្រុមហ៊ុន Japan Valuers (Myanmar) Co., Ltd ត្រូវបានបង្កើតឡើង ក្នុងប្រទេសភូមា ហើយនៅពេលនេះ Japan Valuers (Cambodia) Co., Ltd ក៏ត្រូវបានបង្កើតឡើងឡើងផងដែរ៕