ដោយ ៖ រ៉ាណេត
ព្រះសីហនុ ៖ រាជរដ្ឋាភិបាល កម្ពុជា កំពុងតែអោយក្រុមហ៊ុនជំនាញបរទេសធ្វើការសិក្សាលម្អិត និងរៀបចំផែនការមេសម្រាប់ធ្វើការអភិវឌ្ឍខេត្តព្រះសីហនុអោយក្លាយទៅជាមជ្ឈមណ្ឌលនៃសេដ្ឋកិច្ចពិសេស ពហុបំណង ដូចគ្នាទៅនឹងទីក្រុងពាណិជ្ជកម្មពិសេស សិនជិន ប្រចាំនៅប្រទេសចិន។

-->
រដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក វង្ស៉ី វិស្សុត បានបញ្ជាក់នៅក្នុងវេទិកាសាធារណៈសកដីពី ស្ដីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ ២០២០ថា ដើម្បីជួយឲ្យខេត្ដព្រះសីហនុ មានសន្ទុះនៃការរីកចម្រើនខ្លាំង រាជរដ្ឋាភិបាលបានដាក់វិធានការមួយចំនួន ក្នុងនោះរួមមាន៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការរៀបចំផែនការមេ (Master Plan) សម្រាប់អភិវឌ្ឍន៍ខេត្ដព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ដូចទៅនឹងទីក្រុងសិនជិន របស់ប្រទេសចិនដូច្នេះដែរ។
លោកបន្ដថា សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានដាក់ចេញនូវគោលនយោបាយយ៉ាងច្បាស់លាស់មួយ ឲ្យខេត្ដព្រះសីហនុ ក្លាយទៅជាខេត្ដសេដ្ឋកិច្ចពិសេស ដោយមិនពឹងផ្អែកទៅលើល្បែងស៊ីសងនោះឡើយ គឺផ្អែកទៅលើការធ្វើឧស្សាហកម្ម សេវាកម្ម ខាងផ្នែកបច្ចេកវិទ្យាទេសចរណ៍។
លោក វង្ស៉ី វិស្សុត បានថ្លែងយ៉ាងដូច្នេះថា «យើងកំពុងធ្វើ Master Plan (ផែនការមេ) ជិតរួចហើយ ដែលយើងជួលអ្នករៀបចំ Master Plan ឲ្យទីក្រុងសិនជិន ប្រទេសចិន មកធ្វើតែម្ដង ដែលរៀបចំជាតំបន់ពិសេសពហុបំណង ក្លាយជាពោលសេដ្ឋកិច្ចមួយដ៏ខ្លាំង, ជាពោលសេដ្ឋកិច្ចមួយ ដែលបម្រើដល់មូលដ្ឋាននាំចេញផលិតផលសម្រេចរបស់កម្ពុជា»។

លោករដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់ទៀតថា គម្រោងអភិវឌ្ឍន៍ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេស គឺដឹកនាំដោយផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលជាគម្រោងថ្នាក់ជាតិ ហើយមានឧបនាយករដ្ឋមន្ដ្រី២រូប ទទួលខុសត្រូវ។
លោកបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល បានវិនិយោគនូវទឹកប្រាក់ជាច្រើន ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដូចជា ផ្លូវ ប្រព័ន្ធលូ ប្រព័ន្ធចម្រុះទឹកស្អាត ដើម្បីធ្វើយ៉ាងណាឲ្យខេត្ដព្រះសីហនុ ក្លាយទៅជាទីក្រុង ដែលគួរឲ្យចង់រស់នៅទាក់ទាញនូវទេសចរណ៍ និងការវិនិយោគលើវិស័យឧស្សាហកម្ម។
លោករដ្ឋលេខាធិការបញ្ជាក់ថា តាមផែនការ Master Plan នៃការអភិវឌ្ឍន៍ខេត្តព្រះសីហនុ នឹងរួចរាល់ហើយដាក់ឲ្យដំណើរការ នៅក្នុងអណត្តិនេះ។