ដោយដែន ចែងចាំង
ភ្នំពេញ ឧស្សាហកម្មហិរញ្ញវត្ថុ ជាពាក្យថ្មីមូយនៃប្រព័ន្ឋសេដ្ឋកិច្ចកម្ពុជា ដែលប្រជា ពលរដ្ឋមួយចំនួនមិនសូវបានយល់ដឹងនៅឡើយ ហេតុនេះដើម្បីពន្យល់ពីសារៈសំខាន់នៃពាក្យនេះ និងប្រព័ន្ឋសេដ្ឋកិច្ចកម្ពុជា គេហទំព័រអចលនទ្រព្យ ឈានមុខគេនៅកម្ពុជា (www.propertyarea.asia) នឹងមានអ្នកជំនាញមកពន្យល់ពីពាក្យនេះ។
តើអ្វីជាឧស្សាហកម្មហិរញ្ញវត្ថុ លោក ម៉ី វ៉ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុបានថ្លែងថា ឧស្សាហកម្មហិរញ្ញវត្ថុជាពាក្យថ្មីមួយ ដែលនិយាយក្នុងកម្រិតអ្នកសេដ្ឋកិច្ច។ វិស័យឧស្សាហកម្មហិរញ្ញវត្ថុ ជាអ្វីដែលជះឥទ្ឋិពលលើជីវភាពរស់នៅរបស់ប្រជាជនខ្មែរ។ វិស័យនេះគ្រប់គ្រងទៅលើវិស័យបី ទី១ ការអភិវឌ្ឍទៅលើវិស័យធនារ៉ាប់រង ជាការគិតគូទៅលើការកសាងនូវប្រព័ន្ឋសំណាញ់សុវត្ថិភាពសង្គម ក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ឋ និងក្នុងប្រព័ន្ឋ ដែលអាចធានាបាននូវហានិភ័យនានាទាក់ទងនឹងជីវិត អាជីវកម្ម ក៏ដូចជាដំនើរការរស់នៅរបស់ប្រជាជនយើង។
វិស័យធានារ៉ាប់រងរីកចម្រើនខ្លាំងណាស់ ដោយសារជីវភាពប្រជាពលរដ្ឋយើងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ បច្ចុប្បន្នវិស័យធានារ៉ាប់រងកំពុងទាក់ទាញប្រជាជនទូទៅ ជាពិសេសអ្នកមានប្រាក់ខែដែលអាចសន្សំបាន ក្នុងគោលដៅការពារនូវយថាហេតុណាមួយ ក្នុងជីវិតរបស់ខ្លួន ដូចជាការធានានិរន្តរភាពសម្រា ប់ការរៀនរបស់កូន រក្សាបាននូវលទ្ឋភាពនៃការទិញ។
ពីមួយឆ្នាំទៅមួយឆ្នាំវិស័យនេះ កើនឡើង៤០ភាគរយនាឆ្នាំនេះ ធៀបនឹងឆ្នាំមុន។ ទន្ទឹមនឹងប្រព័ន្ឋសេដ្ឋកិច្ចកើនឡើងរៀងរាល់ឆ្នាំ ដែលជាកត្តាលីករមួយ ឲ្យវិស័យនេះកើនឡើងរៀងរាល់ឆ្នាំ។
ទី២ វិស័យសំណង់ និងអចលនទ្រព្យក៏មានការកើនឡើង ជាមួយការអភិវឌ្ឍកាន់តែច្រើន ទាំងលំនៅដ្ឋានអ្នកមានជីវភាពធូរធារ និងអ្នកមានជីវភាពមធ្យម។ ក្នុងប្រព័ន្ឋនៃការដែលប្រជាជនត្រូវការទិញផ្ទះសម្បែង មានការចូលរួមពីប្រព័ន្ឋធនាគារ ដែលអាចផ្តល់ឲ្យអ្នកធ្វើការ អ្នករកស៊ីដែលមានចំណូលល្អ អ្នកទាំងនោះអាចបង់ប្រចាំខែ ឬបង់ទាំងស្រុងអាស្រ័យលើលទ្ឋភាព។
ការផ្តល់ឥណទានពីធនាគារ ទាមទារឲ្យអតិថិជនបង្ហាញពីនិរន្តរភាពនៃចំណូល និងទិញលើហានិភ័យធម្មជាតិ ដូចជាទឹកជំនន់ ភ្លើងឆេះ ខ្យល់ព្យុះជាដើម ដែលធានារ៉ាប់រងអាចធានានូវហានិភ័យទាំងនោះ ដែលជាការស៊ីគ្នារវាងវិស័យធនារ៉ាប់រង និងវិស័យហិរញ្ញវត្ថុ។
ទី៣ វិស័យទីផ្សារហិរញ្ញវត្ថុ ដែលរាជរដ្ឋាភិបាលបានបង្កើតនូវទីផ្សារមូលបត្រ ដែលមានគណកម្មាការមូលបត្រកម្ពុជា ដែលជានិយ័តករបានខិតខំពង្រីកនូវក្របខ័ណ្ឌច្បាប់ ក្របខ័ណ្ឌគតិយុត្តិនានា ដែលជាការបង្កឲ្យសហគ្រាសធុនតូច និងមធ្យម និងសហគ្រាសធំៗអាចប្រមូលទុនពីទីផ្សារនោះ ដើម្បីបង្កើតនូវការងារកាន់តែច្រើនក្នុងទីផ្សារមួលបត្រ។
ក្នុងនោះយើងបានបង្កើតផលិតផលហិរញ្ញវត្ថុធំៗ ដើម្បីជាតម្រូវការប្រើប្រាស់ទុន ដែលមាននៅគ្រប់ទីកន្លែង គ្រាន់តែយើងបង្កើតបរិយាកាសវិនិយោគឲ្យល្អ ក្នុងប្រទេសមានសន្តិភាព គឺអ្នកវិនិយោគចូលចិត្តមកវិនិយោគណាស់។ អ្នករកស៊ី គេគិតណាស់ គិតពីចំណូលរយៈពេលខ្លី ចំណូលរយៈពេលវែង សម្រាប់បើកប្រាក់ខែដល់បុគ្គលិក និយោជិតរបស់ខ្លួន៕