ដោយៈ រ៉ាណេត
ភ្នំពេញៈ អ្នកជំនាញបាននិយាយថា តំបន់ភ្នំប្រសិទ្ឋ ដែលស្ថិតនៅជាយរាជធានីភ្នំពេញ នាពេលបច្ចុប្បន្ននេះ នៅតែជាឱកាសល្អសម្រាប់ការវិនិយោគ និងអភិវឌ្ឍលើវិស័យលំនៅដ្ឋានកម្រិតក្រោមមធ្យមដដែល ខណៈដែលបណ្តាញហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ជាច្រើនត្រូវបានតភ្ជាប់ទៅនឹងផ្លូវធំសំខាន់ៗរួចជាស្រេច។

-->
នៅក្នុងអំឡុងឆ្នាំ២០១៨ តម្លៃដីធ្លីនៅតំបន់ភ្នំប្រសិទ្ឋ និងតំបន់ជុំវិញមានភាពពុះកញ្ជ្រោលជាខ្លាំង រហូតទាក់ទាញបណ្តាក្រុមហ៊ុនភ្នាក់ងារ និងក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងដីឡូតិ៍ជាច្រើនធ្វើសកម្មភាពយ៉ាងផុសផុល ប៉ុន្តែត្រូវបានស្ងប់ស្ងាត់ទៅវិញនៅអំឡុងចុងឆ្នាំ២០១៩។
ដោយឡែកសម្រាប់ដើមឆ្នាំ២០២០នេះ ភាពល្អប្រសើរនៃស្ថានភាពទីផ្សារដីធ្លីនៅក្នុងតំបន់នេះហាក់មានភាពល្អប្រសើរឡើងវិញ ជាមួយនឹងគម្រោងអភិវឌ្ឍន៍ជាច្រើន ដូចជាគម្រោងលំនៅដ្ឋានតម្លៃក្រោមមធ្យម និងគម្រោងអភិវឌ្ឍន៍ជាតំបន់កម្សាន្តបែបធម្មជាតិ។
លោក ង៉ែត ជូ អ្នកជំនាញវិភាគសេដ្ឋកិច្ចឯករាជ្យកម្ពុជា និងជាអ្នកវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ បានបង្ហាញសុទិដ្ឋិនិយម ទៅលើស្ថានភាពទីផ្សារអចលនទ្រព្យនៅតំបន់ខាងលើនេះ ជាមួយនឹងការអះអាងថា ការវិនិយោគទៅលើវិស័យលំនៅដ្ឋានដែលមានតម្លៃក្រោមមធ្យមមានភាពល្អប្រសើរ ជាងការវិនិយោគលើគម្រោងពុះដីឡូតិ៍។
លោកបន្តថា “ដោយសារតែតម្លៃដីធ្លី មានការកើនឡើងខ្ពស់រួចទៅហើយនោះ ពេលនេះ តំបន់ភ្នំប្រសិទ្ឋមិនស័ក្ដិទៅនឹងគម្រោងពុះដីឡូតិ៍ទៀតនោះទេ ប៉ុន្តែផ្តល់ឱកាសដល់គម្រោងវិនិយោគ និងអភិវឌ្ឍន៍លើវិស័យលំនៅដ្ឋាន ដែលមានតម្លៃក្រោមមធ្យម តម្រូវតាមទីផ្សារអ្នកដែលមានចំណូលទាប”។
តំបន់ភ្នំប្រសិទ្ឋ និងតំបន់ជុំវិញគឺស្ថិតនៅទីតាំងទួលខ្ពស់ មានផ្លូវធំៗចំនួន២ រួមមានផ្លូវលេខ៤២ និងផ្លូវ ១៣០ កំពុងមានចរាចរណ៍ស្រាប់ ហើយផ្លូវតូចធំមួយចំនួនទៀតក៏ត្រូវបានតភ្ជាប់ទៅកាន់ផ្លូវសំខាន់ផងដែរ ដែលទាំងអស់នេះ សុទ្ធតែជាចំណុចសំខាន់ដែលអនុគ្រោះដល់ការអភិវឌ្ឍលើវិស័យលំដ្ឋាន។
លោកង៉ែត ជូបានបញ្ជាក់ថា “លំនៅដ្ឋានកម្រិតក្រោមមធ្យម និងកម្រិតមធ្យម ដែលមានតម្លៃត្រឹមជាង២ម៉ឺនដុល្លារ នៅតែមានតម្រូវការខ្ពស់ ហើយក្រុមហ៊ុនអភិវឌ្ឍន៍នៅមានឱកាសវិនិយោគខ្ពស់នៅក្នុងតំបន់នេះផងដែរ”។
ស្ថិតនៅតំបន់ជាយក្រុង ក្នុងខណ្ឌព្រែកព្នៅដូចគ្នា តំបន់ដែលស្ថិតនៅម្ដុំភ្នំបាសិត មានសក្ដានុពលជាងតំបន់ដែលស្ថិតនៅក្បែរផ្លូវជាតិលេខ៥។

អគ្គនាយកក្រុមហ៊ុន PREMIUM Group លោក ម៉ាន់ ច័ន្ទឌី បានមានប្រសាសន៍ថា តំបន់នេះមានចម្ងាយ ប្រមាណ២០គីឡូម៉ែត្រប៉ុណ្ណោះពីរាជធានីភ្នំពេញ ដែលជាតំបន់កំពុងមានការអភិវឌ្ឍ មានផ្លូវបេតុង និងមានភ្លើងអគ្គិសនីតចូលដល់បណ្តើរៗហើយ ប៉ុន្តែបណ្តាញទឹកស្អាតមិនទាន់ភ្ជាប់នៅឡើយទេ។
លោកបន្តថា “ដីតំបន់នេះខ្ពស់ មិនប្រឈមមុខនឹងការលិចទឹក ដែលធ្វើឱ្យអ្នកអភិវឌ្ឍន៍នៅតំបន់នេះ មិនចាំបាច់ចំណាយទុនច្រើនក្នុងការចាក់ដីឡើយ ប៉ុន្តែទោះជាយ៉ាងណាពេលនេះ មិនទាន់ឃើញមានគម្រោងអភិវឌ្ឍន៍ វិស័យលំនៅដ្ឋានធំៗចូលទៅតំបន់នេះនៅឡើយ ហើយវាក៏ជាឱកាសសម្រាប់វិនិយោគផងដែរ”។
លោកម៉ាន់ ច័ន្ទឌីបានបញ្ជាក់ថា មិនយូរទៀតនោះទេ តំបន់ជាយក្រុងខាងលើនេះ នឹងមានការរីកចម្រើន អភិវឌ្ឍន៍កាន់ឆាប់រហ័ស ស្របពេលដែលគម្រោងរបស់រដ្ឋាភិបាលលើការកែសម្រួល និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធចាប់ផ្តើមពង្រឹង និងពន្លឿនឱ្យស្របទៅតាមផែនការមេ៕