អ្នកជំនាញ ៖ ការផ្គត់ផ្គង់ផ្សារទំនើបកើនឡើងខ្ពស់ធៀបនឹងតម្រូវការនៅមានកម្រិត

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ជាមួយនឹងកំណើននៃការផ្គត់ផ្គង់លើវិស័យផ្សារទំនើបគ្រប់ប្រភេទកាន់តែមានការកើនឡើងច្រើន ជាពិសេសនៅក្នុងតំបន់រាជធានីភ្នំពេញ ត្រូវបានអ្នកជំនាញអះអាងថា ក្នុងឆ្នាំ២០២០ អត្រាកើនឡើងនៃវិស័យមួយនេះមានកម្រិតខ្ពស់បើប្រៀបធៀបទៅនឹងតម្រូវការជាក់ស្ដែង។

តាមការព្យាករណ៍ ដែលសិក្សាដោយក្រុមហ៊ុនជំនាញភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia បានលើកឡើងថា នៅក្នុងឆ្នាំ២០២០នេះ កំណើនផ្សារទំនើបគ្រប់ប្រភេទនៅកម្ពុជា ជាពិសេសនៅក្នុងតំបន់រាជធានីភ្នំពេញ នឹងមានកំណើនកាន់តែច្រើនខណៈដែលគម្រោងចំនួន២០ផ្សេងទៀត ស្មើប្រមាណ ២៦១ ៧៤៦ ម៉ែត្រការ៉េ នឹងត្រូវបានបញ្ចប់ការសាងសង់ ដើម្បីដាក់បញ្ចូលនៅក្នុងទីផ្សារ។

នៅក្នុងចំណោមផ្សារទំនើបទាំង២០ ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២០នេះ ភាគច្រើនផ្គត់ផ្គង់ទៅលើប្រភេទផ្សារសហគមន៍ និងកន្លែងលក់រាយ ដែលគ្រោងនឹងចែកចាយក្នុងទំហំ ១៤៤ ៧៤៦ ម៉ែត្រការ៉េ តាមរយៈសហគមន៍ផ្សារចំនួន១១ និងគម្រោងលក់រាយចំនួន៥។ ដោយឡែកប្រភេទផ្សារទំនើបធំៗចំនួន៤គម្រោង មានទំហំជាង១១៧,០០០ ម៉ែត្រការ៉េ គ្រោងនឹងបញ្ចូលទៅក្នុងទីផ្សារនៅឆ្នាំក្រោយ។

នាយិកាប្រចាំប្រទេសក្រុមហ៊ុនជំនាញភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍ប្រាប់កាល់ពីល្ងាចថ្ងៃទី៤ ខែមករា ឆ្នាំ២០២០នេះថា សម្រាប់ឆ្នាំ២០២០នេះ កំណើននៃការផ្គត់ផ្គង់ផ្សារទំនើបនឹងកើនឡើង ខណៈដែលតម្រូវការហាក់មានកម្រិត។ លោកស្រីបានបន្តថា “ដោយសារតែមានការបន្សល់ទុកគម្រោងកាលពីឆ្នាំចាស់ ដូច្នេះនៅក្នុងឆ្នាំ២០២០នេះ នឹងមានកំណើននៃការផ្គត់ផ្គង់ផ្សារទំនើបគ្រប់ប្រភេទនឹងមានការកើនឡើង ប៉ុន្តែមិនមែនកម្រិតអន្តរជាតិនោះទេ ពោលគឺភាគច្រើនជាប្រភេទផ្សារទំនើបបែបសហគមន៍ ។

លោកស្រី អាន សុធីតា បានបន្តទៀតថា “ជាមួយនឹងកំណើននៃការផ្គត់ផ្គង់ក្នុងពេលរួមគ្នានេះ ភាពប្រឈមនឹងកើតមាន ដែលធ្វើឱ្យការប្រកួតប្រជែងកាន់តែខ្លាំង តម្រូវឱ្យអ្នកអភិវឌ្ឍន៍រៀបចំផែនការយុទ្ធសាស្ត្រនៃគ្រប់គ្រងតម្លៃលក់-ជួល រៀបចំប្រព័ន្ធគ្រប់គ្រងទូទៅ ក៏ដូចជាការរៀបចំកែលម្អរហេដ្ឋារចនាសម្ព័ន្ធផ្សារទំនើបរបស់ខ្លួនឱ្យកាន់តែមានភាពទាក់ទាញ ដើម្បីស្រូបយកអតថិជន ស្របពេលដែលសម្ពាធនៃទីផ្សារ Online ក៏ជាបញ្ហាមួយដែលកំពុងតែបោកផ្ទប់ផងដែរ”។

អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យកម្ពុជា លោក ង៉ែត ជូ បានបង្ហាញពីក្ដីសាទរចំពោះភាពរីកចម្រើននៃវិស័យផ្សារទំនើបនៅកម្ពុជានាពេលបច្ចុប្បន្ន។ លោកបានបញ្ជាក់ថា “ជាក់ស្ដែងកំណើនផ្សារទំនើបគឺមានការកើនឡើងច្រើន ប៉ុន្តែកម្លាំងនៃការបញ្ជារទិញគឺនៅមានកម្រិត ដែលភាគច្រើនអ្នកដែលទៅកាន់ផ្សារទំនើបគឺក្នុងគោលបំណងកម្សាន្តច្រើនជាងការទិញសម្ភារៈ និងទំនិញប្រើប្រាស់ផ្សេងៗ”។

លោកបានបន្តទៀតថា “ធាតុពិតនៃការវិនិយោគទៅលើផ្សារទំនើប អ្នកអភិវឌ្ឍន៍គេមិនរំពឹងទទួលបានផលប្រយោជន៍ក្នុងពេលបច្ចុប្បន្ននេះទេ ប៉ុន្តែគេមានចក្ខុវិស័យច្បាស់លាស់ក្នុងរយៈពេលយូរជាមួយនឹងការរៀបចំយុទ្ធសាស្ត្រវែងឆ្ងាយ”។ លោកបានបន្តថា “កំណើននៃផ្សារទំនើបនៅពេលបច្ចុប្បន្ននេះ គឺជារឿងល្អនៅពេលអនាគត ដោយសារការរស់នៅរបស់មនុស្សតែងមានការអភិវឌ្ឍទៅរកភាពទំនើប ល្អ ស្អាត និងទាន់សម័យ។ នៅពេលមានផ្សារទំនើបកាន់តែច្រើន វានឹងផ្តល់ជម្រើសកាន់តែច្រើនសម្រាប់អ្នកប្រើប្រាស់ក៏ដូចជាអតិថិជន ក្នុងសម្រេចចិត្តទទួលយកសេវាកម្ម ហើយអ្នកអភិវឌ្ឍន៍ក៏កាន់តែមានការប្រុងប្រយ័ត្នខ្ពស់ទៅលើដំណើរការពាណិជ្ជកម្មរបស់ខ្លួនផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here