ដោយ: គង់ លាងហួរ
ប៉េកាំង: នៅថ្ងៃសុក្រ ទី១៧ ខែឧសភានេះ ប្រទេសចិនបានប្រកាសផែនការរបស់រដ្ឋបាលក្នុងតំបន់ ក្នុងការទិញអាផាតមុិនមួយចំនួន និងប្តេជ្ញាខិតខំបញ្ចប់ការសាងសង់ផ្ទះដែលមិនទាន់រួចរាល់ ដើម្បីប្រគល់ដល់អតិថិជនដែលបានបង់ប្រាក់រួច។
ជាក់ស្តែង អាជ្ញាធរក្នុងតំបន់នៅទីក្រុង Hangzhou បានប្រកាសថា ពួកគេនឹងទិញផ្ទះអាផាតមុិនចំនួន១០០.០០០ហ្វីតការ៉េដែលជាប់គាំងលក់មិនចេញ នៅក្នុងសង្កាត់Linan ក្នុងតម្លៃទីផ្សារ និងជួលត្រឡប់ទៅវិញក្នុងតម្លៃសមរម្យ។
ចំណែកឯ តំបន់មូលដ្ឋានផ្សេងទៀតត្រូវបានគេរំពឹងថា នឹងអនុវត្តន៍តាមចំណាត់ការនេះ បន្ទាប់ពីការិយាល័យនយោបាយនៃប្រទេសចិន បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងទូទាំងប្រទេសដើម្បីកាត់បន្ថយចំនួនលំនៅដ្ឋានដែលនៅសេសសល់លក់មិនចេញ។ជាមួយគ្នានេះ ក្រុមប្រឹក្សារដ្ឋចិនក៏កំពុងពិចារណាទៅលើសំណើមួយ ដែលអនុញ្ញាតឱ្យរដ្ឋបាលក្នុងតំបន់ និងសហគ្រាសរដ្ឋ អាចប្រើប្រាស់ប្រាក់កម្ចីពីធនាគាររដ្ឋ ដើម្បីប្រមូលទិញផ្ទះដែលមិនទាន់លក់ចេញពីអ្នកអភិវឌ្ឍន៍ដែលកំពុងជួបវិបត្តិ។
យោងតាមទិន្នន័យផ្លូវការពីក្រសួងលំនៅដ្ឋាន និងអភិវឌ្ឍន៍ទីក្រុង-ជនបទបង្ហាញថា គិតត្រឹមចុងឆ្នាំ២០២៣ ចំនួនផ្ទះដែលជាប់គាំងលក់មិនចេញនៅក្នុងប្រទេសចិន មានផ្ទៃក្រឡាសរុបប្រមាណ៣,៦ពាន់លានហ្វីតការ៉េ ខណៈក្រុមអ្នកវិភាគនៅក្រុមហ៊ុន Tianfeng Securities ប៉ាន់ប្រមាណថា រដ្ឋាភិបាលនឹងត្រូវការទុនវិនិយោគចំនួន៧ទ្រីលានយ័ន ឬស្មើជិត១ទ្រីលានដុល្លារ ដើម្បីប្រមូលទិញផ្ទះទាំងនោះឱ្យអស់ពីស្តុក។
អ្នកអភិវឌ្ឍន៍ ដែលទទួលផលគួរឱ្យកត់សម្គាល់ពីចំណាត់ការទាំងនេះ រួមមានដូចជា ក្រុមហ៊ុន Country Garden ដែលកំពុងប្រឈមមុខនឹងម្ចាស់បំណុល ដែលទាមទារឱ្យរំលាយក្រុមហ៊ុននេះចោល ក៏ដូចជាក្រុមហ៊ុន Agile Group ដែលបានខកខានទូទាត់សងមូលបត្របំណុលជាប្រាក់ដុល្លារកាលពីដើមសប្តាហ៍នេះ។
លោកឧបនាយករដ្ឋមន្ត្រីចិន He Lifeng បានថ្លែងប្រាប់កិច្ចប្រជុំតាមអ៊ីនធឺណិតជាមួយអាជ្ញាធរផ្សេងទៀតថា រដ្ឋបាលក្នុងតំបន់អាចទិញផ្ទះក្នុងតម្លៃសមហេតុផល ហើយផ្ទះទាំងនោះនឹងត្រូវបានប្រែក្លាយជាលំនៅដ្ឋានដែលមានតម្លៃសមរម្យ។
លោក He Lifeng ក៏បានបញ្ជាក់ផងដែរថា រដ្ឋបាលក្នុងតំបន់ ដែលបច្ចុប្បន្ន កំពុងជាប់ផុងក្នុងបំណុលប្រហែល៩ទ្រីលានដុល្លារ អាចទិញដី ដែលបានលក់ទៅឱ្យអ្នកអភិវឌ្ឍន៍ត្រឡប់មកវិញ ហើយអាជ្ញាធរនឹងខិតខំតស៊ូដើម្បីបញ្ចប់គម្រោងដែលជាប់គាំង។
ដោយឡែក ធនាគារកណ្តាលនៃប្រទេសចិន(PBOC)បានប្រកាសថា ខ្លួននឹងកាត់បន្ថយអត្រាការប្រាក់លើកម្ចីទិញផ្ទះបន្ថែមទៀត និងបន្ធូរបន្ថយតម្រូវការទូទាត់បង់ប្រាក់កក់មុន៕ប្រភព: Reuters៕