ដោយៈ រ៉ាណេត
ភ្នំពេញៈ ស្ថាបត្យកម្ម គឺជាផ្នែកលម្អិតទៅលើគ្រឿងបង្គុំនៃការសាងសង់ ដែលកើតចេញពីការស្រមើលស្រមៃស្របទៅតាមក្បួនខ្នាត មានលំនាំបន្តបន្ទាប់តាមការសិក្សា។ ស្ថាបត្យកម្មនៃសំណង់ខ្លះ មានការស្រមលស្រមៃខ្ពស់ និងស៊ីជម្រៅ អាចជាបញ្ហា ទាំងការចំណាយច្រើន និងផ្តល់ផលលំបាកដល់ការសាងសង់ ដែលមិនអាចមានលទ្ធភាពធ្វើទៅបាន ដូច្នេះការស្រមើលស្រមៃក៏ត្រូវវិភាគ និងពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយទៅលើរចនាបទ និងការរចនារបស់ខ្លួនផងដែរ។
អ្នកជំនាញផ្នែកស្ថាបត្យកម្ម និងនគរូបនីយកម្ម លោកបណ្ឌិត វ៉ាន់ វ៉ាត បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី៧ កុម្ភៈនេះថា រចនាបទមួយដែលអាចធានាបាននូវការចាប់អារម្មណ៍ក្នុងរយៈពេលយូរ គឺត្រូវមានបង្កប់នូវបច្ចេកទេសនៃស្ថាបត្យកម្ម ដែលអាចរក្សាបាននូវផាសុកភាពក្នុងការរស់នៅល្អប្រសើរ។ អ្វីដែលជាគន្លឹះក្នុងការស្រមើលស្រមៃប្រកបដោយគុណភាពខ្ពស់ គឺការសង្កេតមើលពីស្ថាបត្យកម្មដែលមានស្រាប់ និងមានភាពលេចធ្លោបន្សល់ពីអ្នកជំនាញជំនាន់មុន ជាក់ស្ដែងដូចជា សំណង់ដែលបន្សល់ទុកពីលោកតាបណ្ឌិតសាស្ត្រាចារ្យ វណ្ណ មូលីវណ្ណ ដែលជាបិតាស្ថាបត្យករខ្មែរ ហើយបូកបន្ថែមនូវគំនិតស្រមើស្រមៃផ្ទាល់ផ្ទាល់ខ្លួន។
-->
លោកបន្តថា “ការធ្វើសមាហរណកម្មទៅលើស្ថាបត្យកម្មនានា ទាំងនៅក្នុងស្រុកដែលមានស្រាប់ ក៏ដូចជានៅតាមបណ្តាប្រទេសនានា ក៏ជាចំណុចសំខាន់ដែលត្រូវបានលើកយកមកសិក្សាបញ្ចូលគ្នា ដើម្បីបង្កើតបានជាស្ថាបត្យកម្មថ្មីមួយទៀត ដែលអាចធានាបាននូវការចាប់អារម្មណ៍ខ្ពស់”។
សំណង់លំនៅដ្ឋាននៅពេលបច្ចុប្បន្ននេះ ភាគច្រើនត្រូវបានសាងសង់ទៅតាមលំនាំនៃបរិបទការអភិវឌ្ឍសង្គម និងជាទំនោរចិត្តរបស់ប្រជាពលរដ្ឋ ដែលជាម្ចាស់គម្រោងតម្រូវចង់បាន ច្រើនជាងការកើតចេញពីការគិត និងគំនិតស្រមើលស្រមៃរបស់ស្ថាបត្យករដែលមានក្បួនតម្រាត្រឹមត្រូវ។
លោកបណ្ឌិត វ៉ាន់ វ៉ាត បានមានប្រសាសន៍បន្តទៀតថា មុនឆ្នាំ១៩៩០ គេនៅមិនទាន់បានគិតទៅលើការសាងសង់សំណង់លំនៅដ្ឋាន ដែលមានលក្ខណៈដូចជាបុរី សំណង់ខុនដូ ឬអាផាតមិននោះទេ ស្របពេលដែលចំនួនមនុស្សមានមិនច្រើន ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចទំនាក់ទំនងការទូតរវាងបណ្តាប្រទេសនានា ក៏នៅមិនទាន់មានភាពទូលំទូលាយបើកចំហរសេដ្ឋកិច្ចទីផ្សារ ដែលស្ថិតនៅក្នុងតំណាក់កាលជាប្រទេសផែនការកម្ម ដែលមិនទាន់មានការគិតទៅលើស្ថាបត្យកម្មសំណង់ជាសំខាន់នោះទេ។
លោកបានបន្តថា ឆ្លើយតបទៅនឹងសំណួរដែលចោទសួរថា តើគួធ្វើសំណង់បែបណាដែលមានលក្ខណៈយូរអង្វែង មិនសាំ និងអាចធានាបាននូវការចាប់អារម្មណ៍មិនលើសសម័យកាល ចាំបាច់តត្រូវពឹងផ្អែកទៅលើកត្តាជាច្រើន ដូចជាកត្តាបច្ចេកទេសនៃការគិតគូរទៅលើតម្រូវការក្នុងការរស់នៅ ដោយមានការបែងចែកចាប់ពីកម្រិតសម្រាប់មនុស្សម្នាក់ សម្រាប់គ្រួសារដែលមានចំនួនសមាជិកតិច ឬសម្រាប់គ្រួសារដែលមានសមាជិកច្រើន ឱ្យស្របទៅនឹងស្ថានភាពនៃបរិយាកាសជុំសំណង់អគារផងដែរ។
លោកបន្តថា “អ្វីដែលជាចំណុចសំខាន់ គឺការចេះវិភាគ និងស្រមើលស្រមៃរបស់ស្ថាបត្យករ ទៅលើស្ថានភាព និងនៃទំហំតួក្នុងនៃអគារ ក៏ដូចជាការរៀបចំនូវទីតាំងបន្ទប់ ជណ្ដើរ ផ្ទះបាយ ក៏ដូចជាបន្ទប់រួមដែលធ្វើយ៉ាងណាមិនឱ្យមានភាពសាំញាំ ដោយត្រូវមានគម្លាតសមល្មម ដែលអាចទទួលបានពន្លឺធម្មជាតិគ្របគ្រាន់ រួមជាមួយនឹងលំហូរខ្យល់ចេញចូលផងដែរ”។
លោកបណ្ឌិត វ៉ាន់ វ៉ាត បានបញ្ជាក់ថា ការលើកឡើងទាំងអស់ខាងលើនេះ គឺគ្រាន់តែជាចំណែកតូចមួយ ដែលស្ថិតនៅក្នុងគំនិតនៃការគិតទៅលើសំណុំ នៃស្ថាបត្យកម្មតែប៉ុណ្ណោះ ដែលវាចាំបាច់ត្រូវការមានចំណែករួមផ្សំផ្សេងៗទៀតជាច្រើន។ ការគិត ការស្រមៃ និងការរួមបញ្ចូលនូវសមាហរណកម្ម គឺជាអ្វីចំណុចសំខាន់ ដែលត្រូវប្រកាន់យកធ្វើគោល៕