ដោយ ដែន ចែងចាំង
ភ្នំពេញ នៅពេលនិយាយពីអាផាតម៉ិន គេសំដៅដល់ការសាងសង់អាគារសម្រាប់ជួល និងប្រើប្រាស់ដោយមនុស្សច្រើន ប៉ុន្តែមានម្ចាស់តែម្នាក់ ខុសពីខុនដូដែលមានម្ចាស់ច្រើន។
ប៉ុន្តែនៅក្នុងវិស័យអាផាតម៉ិន មានការបែងចែកគ្នារវាងសេវាអាផាតម៉ិន និងអាផាតម៉ិនផងដែរ។
តើសេវាអាផាតម៉ិន និងអាផាតម៉ិនខុសគ្នាដូចម្តេច? អ្នកនាងអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodiaបានថ្លែងឲ្យដឹងដូចខាងក្រោមនេះ។
សេវាអាផាតម៉ិន
សេវាអាផាតម៉ិន (Service Apartment )សំដៅដល់អាផាតម៉ិនកម្រិតA ឬB ដែលអ្នកវិនិយោគ បានផ្តល់សេវាពេញលេញដល់អ្នកជួល ដូចជា អាងហែលទឹក កន្លែងហាត់ប្រាណ ស្ទីម សោណា សន្តិសុខ២៤ម៉ោង អ៊ីនធើណេតល្បឿនលឿនជាដើម។ លើសពីនេះសេវាអាផាតម៉ិន ក៏មានភោជនីយដ្ឋាននៅលើអាកាស និងមានមីនីម៉ាតនៅជាន់ខាងក្រោមផងដែរ។
បច្ចុប្បន្នសេវាអាផាតម៉ិន ដែលមានសេវាកម្មពេញលេញបែបនេះ អាចជួលបានតម្លៃ២០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។
អាផាតម៉ិនឬអាផាតម៉ិនធម្មតា
អាផាតម៉ិនបែបនេះ មានច្រើនជាងសេវាអាផាតម៉ិន ដោយសារអ្នកអភិវឌ្ឍន៍ពួកគេមានជម្រើសច្រើន និងមិនសូវពិបាកក្នុងការផ្តល់សេវាកម្មច្រើនដល់អតិថិជនរបស់ខ្លួន។ អាផាតម៉ិនធម្មតាបែបនេះ មិនមានអាងហែលទឹក ស្ទីម សោ ណា និងភោជនីយដ្ឋាន ឬមីនីម៉ាតនោះទេ។
អាផាតម៉ិនធម្មតាបែបនេះ អាចជួលបានក្នុងតម្លៃចន្លោះពី១០ ទៅ១៥ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ៕