Prince Real Estate បង្ហាញ​គំរោង​យក្ស​មួយទៀត

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ក្រុមហ៊ុន Prince Real Estate Group ដែលជា​ក្រុមហ៊ុន​យក្ស​មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន បានបង្ហាញ​គំរោង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​លំនៅ  ដ្ឋា​ន​ដ៏​ធំ​មួយទៀត​នៅ​ខេត្ត​ព្រះសីហនុ។

តាមរយៈ​បណ្តាញ​ព៌​ត​មាន​សង្គម​របស់ខ្លួន ក្រុមហ៊ុន​នេះ​បានសរសេរថា នៅ​ថ្ងៃទី២៦ កុម្ភៈ ព្រី​នស៍ ស៊ី​ធី សិន​ធើ ស្ថិតនៅលើ​ផ្ទៃដី​ទំហំ១៦ហិកតា កណ្តាល​ទីក្រុង​ព្រះសីហនុ។ គំរោង​នេះ​មាន​ទីតាំង​ក្បែរ​នឹង​សណ្ឋាគារ​លំដាប់​ផ្កាយ៥ ព្រី​នស៍​ថា​ម ហូ​ថេ​ល ដែលជា​គម្រោង​បណ្តុំ​នូវ​អគារ​ចម្រុះ​លំដាប់​ខ្ពស់ មានដូចជា៖អគារ​ស្នាក់នៅ អគារ​ការិយាល័យ និង​តំបន់​លំហែកាយ​តាម​តំបន់​ឆ្នេរសមុទ្រ​អន្តរជាតិ។

ក្រុមហ៊ុន Prince Real Estate ជា​ក្រុមហ៊ុន​យក្ស​មួយ ដែល​បាននិងកំពុង​វិនិយោគ​លើ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម លំនៅដ្ឋាន​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ។ នៅ​រាជធានី​ភ្នំពេញ ក្រុមហ៊ុន​នេះ​បាន​វិនិយោគ​លើ​គំរោង​លំនៅដ្ឋាន​បែប​អាជីវកម្ម និង​ខុន​ដូ Diamond One នៅ​ទីក្រុង​កោះ​ពេជ្រ និង​មជ្ឈមណ្ឌល​លំនៅដ្ឋាន និង​អាគារ​ពាណិជ្ជកម្ម Prince Plaza កំពស់៣៩ជាន់ ស្ថិតនៅតាម​មហាវិថី​ព្រះ​នរោត្តម។

អ្នកនាង អាន សុធី​តា នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodia បាន​ថ្លែងថា ក្រុមហ៊ុន​វិនិយោគ​ចិន​ជាច្រើន​បាន និង​កំពុង​វិនិយោគ​នៅ​កម្ពុជា​ហើយ ពួកគេ​ផ្តោតលើ​អតិថិជន​ចម្រុះ ប៉ុន្តែ​អ្វី​គួរ​ឲ្យ​កត់សំគាល់​គឺ​គំរោង​របស់​ក្រុមហ៊ុន​ចិននីមួយៗ ជា​គំរោង​ដែលមាន​ទំហំធំៗ ដោយ​មិនសូវ​បាន​គិតពី​ភាព​បៃតង ឬ​លំហ​បៃតង​ក្នុង​គំរោង​របស់​ពួកគេ​នោះទេ។

អ្នកនាង​បន្តថា “នេះ​ជា​អ្វីដែល​គួរ​យកចិត្តទុកដាក់ ហើយ​រដ្ឋាភិបាល​គួរ​គិតគូរ​ពី​បញ្ហា​នេះ​ផងដែរ។

នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Prince Real Estate បាន​ថ្លែងថា ការវិនិយោគ​នៅ​កម្ពុជា ដោយសារ​ទំនាក់ទំនង​ល្អប្រសើរ​រវាង​រដ្ឋាភិបាល នៃ​ប្រទេស​ទាំងពីរ និង​គោលនយោបាយ​ខ្សែក្រវ៉ាត់​មួយ ផ្លូវ​មួយ ដែល​ផ្តល់​ផលប្រយោជន៍​ជាច្រើន​ដល់​ក្រុមហ៊ុន​ចិន មក​វិនិយោគ​នៅ​កម្ពុជា ក៏ដូចជា អ្វីដែល​រដ្ឋាភិបាល​ចិន​ចង់​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​បន្ថែមទៀត។

លោក​បន្តថា “ទំនាក់ទំនង​ល្អ គោលនយោបាយ​ល្អ និង​ការរីកចម្រើន​សេដ្ឋកិច្ចកម្ពុជា ផ្តល់​ឳ​កាស​កាន់តែច្រើន​ដល់​អ្នកវិនិយោគ ដើម្បី​ឈាន​ជើង​មកកាន់​ប្រទេស​កម្ពុជា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here