ដោយ ៖ រ៉ាណេត
កណ្តាល ៖ អគារមជ្ឈមណ្ឌលពាណិជ្ជកម្ម និងសណ្ឋាគារលំដាប់ផ្កាយ៥លើកដំបូងគេប្រចាំនៅក្នុងខេត្តកណ្តាល ដែលមានទំហំវិនិយោគចំនួន ៩៤,៥លានដុល្លារ ត្រៀមនឹងបង្ហាញវត្តមាននៅពេលខាងមុខនេះ បន្ទាប់ពីទទួលបានការអនុញ្ញាតសាងសង់ពីសំណាក់រដ្ឋាភិបាលកាលពីចុងសប្ដាហ៍កន្លងទៅនេះ។
អគារមជ្ឈមណ្ឌលពាណិជ្ជកម្មចំរុះ និងសណ្ឋាគារទំនើបលំដាប់ផ្កាយ៥លើកដំបូងគេប្រចាំនៅក្នុងខេត្តកណ្តាល ដែលមានទំហំទឹកប្រាក់វិនិយោគចំនួន ៩៤,៥លានដុល្លារ នៅលើផ្ទៃដីទំហំ ១៩ ៤៤៦ម៉ែត្រការ៉េ មានចំនួន៦០០បន្ទប់ ស្ថិតនៅភូមិ៨ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ដោយបានផ្តល់ឱកាសការងាររហូតដល់ ១ ២២១ កន្លែង។
-->
ក្រោមការដឹកនាំកិច្ចប្រជុំពិភាក្សាទៅលើផលប៉ះពាល់ និងការវិនិយោគសំណង់អគារពាណិជ្ជកម្ម និងសណ្ឋាគារទំនើបលំដាប់ផ្កាយ៥ ដោយលោកស្រី ម៉ុម ថានី រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន កាលពីចុងសប្ដាហ៍កន្លងទៅនេះ អន្តរក្រសួងពាក់ព័ន្ធបានសម្រេចគាំទ្រ និងអនុម័តដល់ក្រុមហ៊ុន ស្កភីអូ ខេមទ្រីប ឯ.ក(SCORPIO CAMTRIP CO., LTD) ដែលជាម្ចាស់គម្រោងចាប់ផ្តើមអនុវត្តគម្រោងទៅតាមផែនការ។
ជាមួយនឹងការសម្រេច និងគាំទ្រពីអន្តរក្រសួង តំណាងរដ្ឋាភិបាលខាងលើនេះ បានតម្រូវឱ្យម្ចាស់គម្រោង ត្រូវយកចិត្តទុកដាក់ទៅលើការគ្រប់គ្រងសំណល់រឹង និងសំណល់រាវ ជាពិសេសបរិមាណសំណល់រាវ និងសមត្ថភាពនៃអាងស៊ិបទិច និងត្រូវបញ្ចូលលិខិតបទដ្ឋានគត្តិយុត្តផ្សេងៗ ដែលពាក់ព័ន្ធបន្ថែមឱ្យបានគ្រប់គ្រាន់ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ទីរពាក់ព័ន្ធដើម្បីសម្រួលដល់ការចុះធ្វើអធិការកិច្ចនៅក្នុងទីតាំងគម្រោង។
បន្ថែមពីនេះ ម្ចាស់គម្រោង ត្រូវធ្វើបំពេញបន្ថែមនូវផ្នែកវិភាគសេដ្ឋកិច្ច ជាពិសេសទៅលើទិន្នន័យចំណូល និងចំណាយរបស់ក្រុមហ៊ុន និងគួរពិចារណាក្នុងការប្រើប្រាស់ថាមពលសូឡា ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ព្រមទាំងបញ្ជាក់បន្ថែមអំពីផែនការគ្រប់គ្រងគ្រោះមហន្តរាយដែលកើតមានឡើងជាយថាហេតុផងដែរ៕