ដោយ គង់ សូរិយា
ភ្នំពេញ៖ សណ្ឋាគារ Rosewood កម្រិតផ្កាយប្រាំលំដាប់ពិភពលោក នឹងបើកដំណើរការនៅទីក្រុងភ្នំពេញ នាថ្ងៃទី២៨ កុម្ភៈខាងមុខនេះហើយ ប៉ុន្តែអ្វីសំខាន់ថាតើមានអ្វីពិសេស? នៅពីក្រោយសណ្ឋាគារដ៏ល្បីល្បាញនេះ។
សណ្ឋាគារ Rosewood ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនេះនឹងបើកដំណើរការនៅផ្នែកនៃជាន់ខាងលើអាគារ Vattanac Tower ដែលជាអាគារដ៏ទាក់ទាញ និងទទួលបានពានរង្វាន់ជាច្រើននៅទីក្រុងភ្នំពេញ។
-->

សណ្ឋាគារនេះ បានបង្កើតទឹកអប់ថ្មីមួយ ដែលមានក្លិននិងរសនិយមស្រប តាមវប្បធ៌ម និងអ្វីដែលជាអត្តសញ្ញាណសម្គាល់ទឹកដីកម្ពុជា សម្រាប់ផ្តល់ជូនភ្ញៀវទេសចរណ៍អន្តរជាតិ អ្នកធុរកិច្ចដែលនឹងចូលមកសម្រាកនៅក្នុងសណ្ឋាគារនេះ។
អ្នកផលិតទឹកអប់ដ៏ល្បីល្បាញ មកពីប្រទេសបារាំងបានមកកាន់កម្ពុជា ដើម្បីសិក្សាពីលក្ខខ័ណ្ឌភូមិសាស្ត្រ អាកាសធាតុ ធម្មជាតិ និងវប្បធ៌មរបស់កម្ពុជា ដើម្បីបង្កើតរូបមន្តទឹកអប់នេះឡើង។

អ្នកនាង Hanny Wahyuni Gunawan នាយកផ្នែកទំនាក់ទំនងនៃសណ្ឋាគារ Rosewood នៅកម្ពុជា បានថ្លែងឲ្យដឹងតាមអ៊ីម៉េលកាលពីពេលថ្មីៗនេះថា សណ្ឋាគារនេះមានបន្ទប់ចំនួន១៧៥ ក្នុងនោះមានបន្ទប់បែប VIP ចំនួន៣៧បន្ទប់ ដែលរចនាដោយគោរពតាមបរិបទវប្បធ៌មកម្ពុជា ដែលបន្ទប់និមួយៗអាចគយគន់ទេសភាពក្រុងភ្នំពេញបាន។ អ្នកនាងបន្តថា កម្ពុជាជាទីតាំងដែលមានសក្តានុពលសម្រាប់វិស័យទេសចរណ៍ ដែលកំពុងមានការកើនឡើងនៅប្រទេសនេះ ហើយការមកដល់នូវសេវាកម្ម ដែលមានកេរ្ត៍ឈ្មោះល្បីៗពីបរទេសកាន់តែច្រើននឹងជួយលើកមុខមាត់ប្រទេសនេះ ស្របពេលហេដ្ឋារចនាសម្ព័ន្ឋ និងការតភ្ជាប់ផ្លូវអាកាសកាន់តែមានភាពប្រសើរឡើង។
សណ្ឋាគារនេះ ត្រូវបាននាំមកដោយអ្នកវិនិយោគអចលនទ្រព្យកម្ពុជា គឺក្រុមហ៊ុន Vattanac Properties និងគ្រប់គ្រងដោយ Rosewood ភ្នំពេញ។
អ្នកនាង Hanny Wahyuni Gunawan បានបន្តថា “ឧស្សាហកម្មសណ្ឋាគារក្នុងប្រទេសកម្ពុជាកំពុងមានការរីកចំរើន ដែលធ្វើឲ្យអត្រាប្រើប្រាស់បន្ទប់នៅតែមានការកើនឡើង។អ្នកនាងបន្តថា “ការចូលមកដល់នូវអចលនទ្រព្យ ដែលមានភាពស៊ីវិល័យកំពុងត្រូវបានពង្រីក នៅតាមផ្នែកមួយចំនួននៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ដែលនឹងរួមចំណែកធ្វើឲ្យប្រទេសនេះ លេចមុខលេចមាត់លើការធ្វើដំនើរ និងស្តង់ដាបដិសណ្ឋារកិច្ចកាន់តែមានកម្រិតខ្ពស់។
បន្ទប់សណ្ឋាគារ និងរមណីយដ្ឋាន Rosewood មានតំលៃចាប់ពី២៥០ដុល្លារឡើងទៅ ដោយមិនរួមបញ្ចូលនូវពន្ឋនៅឡើយទេ។
Rosewood មានទំនុកចិត្តចំពោះទីផ្សារនេះ ហើយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យកម្ពុជា Vattanak Capital នឹងដំណើរការសណ្ឋាគារ Rosewood &Resorts នៅខេត្តសៀមរាបក្នុងឆ្នាំ២០១៩ខាងមុខនេះផងដែរ។
លោកហូ វណ្ឌីទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងថា ការមកដល់នូវសណ្ឋាគារ Rosewood ជាការបង្ហាញនូវជំនឿទុកចិត្ត និងការសម្លឹងមើលឃើញសក្តានុពល និងការមានអតិថិជនក្នុងដៃស្រាប់របស់អ្នកវិនិយោគ ហើយការចូលមកវិនិយោគនៅកម្ពុជា ឆ្លុះបញ្ចាំងពីស្ថិរភាពនយោបាយ បរិយាកាសវិនិយោគនៅកម្ពុជាកាន់តែល្អប្រសើរ និងច្បាប់វិនិយោគនៅកម្ពុជាកាន់តែមានភាពទាក់ទាញ។
លោកបន្តថា “ការប្រកួតប្រជែងតែងតែមាន ប៉ុន្តែនៅរាជធានីភ្នំពេញម្ចាស់អចលនទ្រព្យនានា បានគោរពនូវក្រមសីលធ៌មវិជ្ជាជីវៈ ខុសពីក្រុងសៀមរាបដែលការប្រកួតប្រជែងធ្វើឡើងដោយមិនសូវមានសីលធ៌ម។
លោកហូ វណ្ឌីបានបន្តថា “ការមកដល់របស់ Rosewood នឹងទាក់ទាញភ្ញៀវទេសចរណ៍បរទេសមកទស្សនាកម្ពុជាបន្ថែមទៀត។លោកបន្តថា “យើងគួរតែមានមោទនភាព និងរីករាយ ប៉ុន្តែអ្វីសំខាន់គឺយើងមិនត្រឹមតែឲ្យភ្ញៀវទេសចរណ៍ ត្រឹមតែមកឃើញកម្ពុជាទេ សំខាន់គឺត្រូវឲ្យគេស្គាល់ ដើម្បីពួកគេមកកម្ពុជាម្តងហើយម្តងទៀត។
ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកលោកធួន ស៊ីណានបានថ្លែងស្រដៀងគ្នាថា ការមកដល់នៃសណ្ឋាគារនេះ វាមានសញ្ញាវិជ្ជមានជាច្រើនដែលធ្វើឲ្យមានទំនុកចិត្តថែមទៀត ដល់អ្នកទេសចរណ៍ និងអ្នកវិនិយោគអន្តរជាតិនានាមកលើប្រទេសកម្ពុជា ដែលបានសម្រេចនូវសន្តិភាព សុវត្ថិភាព ស្ថិរភាពនយោបាយនៅកម្ពុជា។ លោកបន្តថា មានប្រទេសមួយចំនួនបានផ្តល់ដី ដល់ក្រុមហ៊ុនអន្តរជាតិបែបនេះ ដើម្បីឲ្យពួកគេមកវិនិយោគនៅប្រទេសរបស់ពួកគេ ព្រោះវាផ្តល់ផលប្រយោជន៍ច្រើនដល់ប្រទេសរបស់ខ្លួន។
លោកបន្តថា “ការមកដល់នៃ Rosewood វាជាសក្ខីភាពនៃការរីកចម្រើននិងទំនុកចិត្តនៃទីផ្សារកម្ពុជា ដល់ភ្ញៀវទេសចរណ៍អន្តរជាតិ និងអ្នកវិនិយោគ។លោកបន្តថា “ការមកដល់របស់ Rosewood នឹងបង្កើនកំនើនភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគអន្តរជាតិមកទស្សនាកម្ពុជាកាន់តែច្រើនថែមទៀត”៕









