ដោយ គង់ សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុន Tianjin Union Development Group ជាក្រុមហ៊ុនយក្សមួយមានមូលដ្ឋាននៅប្រទេសចិន បាននិងកំពុងដំណើរការសាងសង់ទីក្រុងមួយនៅក្នុងខេត្តកោះកុង ខណៈបច្ចុប្បន្នក្រុមហ៊ុននេះបាននិងកំពុងសាងសង់ព្រលានយន្តហោះនិងហេដ្ឋារចនាសម្ព័ន្ឋជាច្រើនទៀត។
តាមប្រភពព៌តមានពីប្រភពគួរឲ្យទុកចិត្តមួយបានឲ្យដឹងថា ក្រុមហ៊ុនខាងលើនេះបាន និងកំពុងប្រែក្លាយទឹកដីមួយផ្នែកនៃក្រុមបុទុមសាគរ និងស្រុកថ្មបាំង ខេត្តកោះកុង ជាទីក្រុងទំនើបខ្នាតអន្តរជាតិមួយ ដោយរួមមានកំពង់ផែទឹកជ្រៅ ព្រលានយន្តហោះ មជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលនឹងសាងសង់នៅលើផ្ទៃសមុទ្រ និងហេដ្ឋារចនាសម្ព័ន្ឋជាច្រើនទៀត ដោយដាក់ឈ្មោះទីក្រុងនេះថា តារាសាគរ។
បច្ចុប្បន្នក្រុមហ៊ុន Tianjin Union Development Group បានបញ្ចប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋមួយចំនួនហើយ ដូចជា សណ្ឋាគារលំដាប់ផ្កាយ៥ ទីលានវាយកូនហ្គោល លំនៅដ្ឋានប្រណីត នៅប្រជុំកោះស្តេច និងកំពុងចាប់ផ្តើមសាងសង់ព្រលានយន្តហោះខ្នាតអន្តរជាតិ នៅក្នុងទឹកដីនេះ ដែលក្រុមហ៊ុននេះបានទទួលដីសម្បទានពីរដ្ឋាភិបាលប្រមាណ៥០,០០០ហិកតា។
តាមគំរោងក្រុមហ៊ុននេះ គ្រោងចំណាយថវិកា៥០០០លានដុល្លារអាមេរិក ដើម្បីវិនិយោគលើទីក្រុង និងបង្កើតរមណីយដ្ឋានទេសចរណ៍ខ្នាតអន្តរជាតិនៅ
លើទឹកដីដ៏ស្រស់ស្អាតនេះ។
ទាក់ទងនឹងការសាងសង់ព្រលានយន្តហោះថ្មីនេះ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថាបានថ្លែងថា ការសាងសង់ព្រលានយន្តហោះខ្នាតអន្តរជាតិរបស់ក្រុមហ៊ុននេះ បាននិងកំពុងចាប់ផ្តើមហើយ និងកំពុងចាប់ផ្តើមយ៉ាងសកម្មតាមផែនការរបស់ខ្លួន។
ទោះជាយ៉ាងណាលោក មិនបញ្ជាក់ព៌តមានលំអិតពីគំរោងនេះទេ ដោយសារក្រុមហ៊ុមវិនិយោគព្រលានយន្តហោះកម្ពុជា ដែលវិនិយោគដោយជនជាតិបារាំងនៅព្រលានយន្តហោះទាំងបីនៅកម្ពុជា កំពុងតែជជែកជាមួយរដ្ឋាភិបាលលើបញ្ហានេះ។
លោកហូ វណ្ឌីទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងថា ការសាងសង់ព្រលានយន្តហោះថ្មីនៅខេត្តកោះកុង វាជាជម្រើសថ្មីមួយទៀតសំរាប់វិស័យអាកាសចរណ៍ និងក្រុមហ៊ុនអាកាសចរណ៍នានាអាចភ្ជាប់ជើងហោះហើរទៅកាន់ព្រលាននេះ និងអាចតភ្ជាប់ការហោះហើរជាមួយប្រទេសក្នុងតំបន់ផងដែរ។
លោកបន្តថា “ការអភិវឌ្ឍន៍ និងការមានជម្រើសច្រើន នឹងកាន់តែប្រសើរសម្រាប់កម្ពុជា ហើយយើងរំពឹងថាក្រុមហ៊ុននេះនឹងជួយទាក់ទាញក្រុមហ៊ុនអាកាសចរណ៍ថ្មីៗបន្ថែមទៀត មកកាន់ព្រលានយន្តហោះរបស់ខ្លួននាពេលខាងមុខ”៕