ដោយ ដែន ចែងចាំង
ភ្នំពេញ៖ សមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា នឹងរៀបចំមហាសន្និបាតរបស់ខ្លួន ដើម្បីពិនិត្យពីវឌ្ឍនភាពការងាររបស់ខ្លួនកាលពីឆ្នាំមុន និងលើកទិសដៅការងារថ្មីសម្រាប់ឆ្នាំ២០១៨។
មហាសន្និបាតដែលនឹងប្រារពធ្វើនៅថ្ងៃទី២៧ កុម្ភៈនេះ នឹងមានការចូលរួមជាអធិបតីពីលោកទេសរដ្ឋមន្រ្តីជា សុផារ៉ារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអ្នកអភិវឌ្ឍន៍វិស័យលំនៅដ្ឋានជាច្រើនទៀត។
-->
លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៧ កុម្ភៈនេះថា បន្ទាប់ពីបានបង្កើតឡើងកាលពីចុងឆ្នាំ២០១៥ សមាគមនេះបានសម្រេចជោគជ័យលើកិច្ចការជាច្រើន ដូចជា ជួយដោះស្រាយបញ្ហាពន្ឋដាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជួយសម្របសម្រួល ទាក់ទងនឹងបណ្តាញអគ្គិសនីជាមួយអាជ្ញាធរអគ្គិសនីកម្ពុជា បណ្តាញទឹកស្អាត និងបណ្តាញហេដ្ឋារចនាសម្ព័ន្ឋជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងការងារពាក់ព័ន្ឋការអភិវឌ្ឍន៍លំនៅដ្ឋានជាច្រើនទៀត។
លោកឧកញ៉ាបានបន្តថា ជាមួយគ្នានេះ លោកក៏បានដឹកនាំសមាជិកសមាគមបានដឹកនាំសមាជិកទៅទស្សនកិច្ច ដកស្រង់បទពិសោធន៍ការងារជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន ដូចជាប្រទេសថៃ ជាដើម។ លើសពីនេះកាលពីពេលថ្មីៗនេះ សមាគមបានទទួលពានរង្វាន់ឆ្នើមBID ពីចក្រភពអង់គ្លេសផងដែរ។លោកបន្តថា សមាគមនឹងបោះឆ្នោតជ្រើសរើសប្រធានដឹកនាំថ្មី នៅចុងឆ្នាំ២០១៨នេះផងដែរ។
យោងតាមលក្ខន្តិកៈរបស់សមាគមនេះបានឲ្យដឹងថា ប្រធានសមាគមនេះមានអាណត្តិការងារចំនួន៣ឆ្នាំ ហើយប្រធាននិមួយៗអាចឈរឈ្មោះឲ្យគេបោះឆ្នោតឲ្យបានតែពីរអាណត្តិប៉ុណ្ណោះ៕









