ដោយ គង់ សូរិយា
ភ្នំពេញ៖ នៅពេលនិយាយពីដីឡើងថ្លៃ ប្រជាពលរដ្ឋជាច្រើនក៏មានចម្ងល់ពីការកើនឡើងនូវតម្លៃអចលនទ្រព្យប្រភេទនេះឥតឈប់ឈរ ប៉ុន្តែការឡើងតម្លៃដី ធ្លីក៏ផ្តល់ផលប្រយោជន៍ច្រើនដែរ ដល់ម្ចាស់ដីនានា។
ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា លោកឧកញ៉ាលី ហួរបានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី២៧ កុម្ភៈកន្លងមកថា ការលក់និងការអភិវឌ្ឍន៍លំនៅដ្ឋាននៅឆ្នាំនេះ ស្ថិតក្នុងសភាពទ្រឹង ប៉ុន្តែដីនៅតែឡើងថ្លៃ ព្រោះនៅតែមានតម្រូវការដីធ្លីច្រើនពីអ្នកវិនិយោគនានា ដោយលោកធៀបពីតម្រូវការនេះថា “អ្នកវិនិយោគមិនអាចរង់ចាំដល់ស្រូវអស់ពីជម្រុក ទើបស្វែងរកស្រូវថ្មីនោះទេ” គឺពួកគេត្រូវតែមានដីត្រៀម សម្រាប់អភិវឌ្ឍន៍គំរោងថ្មីៗបន្ថែមទៀត។
-->
លោកឧកញ៉ាបានបន្តថា “ដីមិនកើតទេ មនុស្សកើតជារៀងរាល់ថ្ងៃ តម្រូវការនៅតែកើនឡើងជាប្រចាំ ពិសេសសម្រាប់ក្រុមអ្នកមានប្រាក់ចំណូលទាប។លោកឧកញ៉ាបន្តថា “បច្ចុប្បន្នយើងត្រូវការលំនៅដ្ឋានតម្លៃទាប ប្រមាណ១ម៉ឺនខ្នងក្នុងមួយឆ្នាំ ប៉ុន្តែអ្នកអភិវឌ្ឍន៍ភាគច្រើនផ្តោតតែលើលំនៅដ្ឋាន ដែលមានតម្លៃថ្លៃ។
លោកឧកញ៉ាលី ហួរបានបន្តថា ដរាបណាសេដ្ឋកិច្ចកម្ពុជានៅតែរក្សាបានកំនើនល្អប្រសើរបែបនេះ ហើយសន្តិភាព និងស្ថិរភាពនយោបាយនៅតែមាននៅកម្ពុជា វិស័យសំណង់ និងអចលនវត្ថុកម្ពុជានៅតែមានភាពរីកចម្រើនរយៈពេលវែងបន្តទៀត ដោយសារកំនើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ និងកំនើនប្រជា ជនវ័យក្មេង ដែលត្រូវមានគ្រួសារច្រើន ហេតុនេះតម្រូវការលំនៅដ្ឋាននៅតែមាននិងជារឿងចាំបាច់ដែលពួកគេត្រូវការ៕









