ដោយ ដែន ចែងចាំង
ភ្នំពេញ៖ ក្រុមហ៊ុន អេសស៊ីជី (SCG) បានចាប់ផ្តើមនូវគម្រោងបណ្តុះបណ្តាលជាងសំណង់ ដែលជាគំនិតផ្តួចផ្តើមមួយ មានគោលបំណងពង្រឹងជំនាញរបស់ជាងសំណង់ទាំងអស់ ក៏ដូចជាលើកកម្ពស់គុណភាពសំណង់ ក្នុងប្រទេសកម្ពុជា។
លោក Pongdhana Dejvittayaporn នាយកផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុនអេសស៊ីជី បានឲ្យដឹងបន្ទាប់ពីពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ចំនួន២របស់ប្រទេសកម្ពុជាគឺវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) និងវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា កាលពីម្សិលម៉ិញនេះថា ក្នុងនាមជាអ្នកជំនាញផ្នែកផលិតផលស៊ីម៉ង់ត៍ និងជាអ្នកផ្គត់ផ្គង់សម្ភារសំណង់ផ្សេងៗ ក្រុមហ៊ុនក៏ផ្ដោតការយកចិត្តទុកដាក់ ដល់ការតបស្នងដល់សហគមន៍ក្នុងប្រទេសកម្ពុជា តាមរយៈការចែករំលែកជំនាញ និងចំណេះដឹងរបស់យើង។ ដូច្នេះហើយ ទើបបានជាយើងបង្កើតនូវកម្មវិធី បណ្ដុះបណ្ដាលក្រុមជាងនេះឡើង។
-->

លោកបន្តថា ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាទាំងពីរនេះ ក្រុមហ៊ុនអេសស៊ីជី បានធ្វើការជាមួយមជ្ឈមណ្ឌលទាំងពីរ ដើម្បីបង្កើតមេរៀនសម្រាប់ កម្មវិធីបណ្ដុះបណ្ដាលផ្នែកសំណង់ ហើយក៏បានកសាងបន្ទប់រៀនមួយ សម្រាប់កម្មវិធីបណ្ដុះបណ្ដាលនេះ។ ការចូលរួមវគ្គបណ្ដុះបណ្ដាលនេះសិក្ខាកាមទាំងអស់ នឹងបានសិក្សាជំនាញពាក់ព័ន្ធ និងត្រឹមត្រូវ ដើម្បីអាចយកទៅអនុវត្ត បាននៅក្នុងអាជីពជំនាញរបស់ខ្លួន។ គោលបំណងនៃវគ្គបណ្ដុះបណ្ដាលនេះ គឺមិនត្រឹមតែលើកកម្ពស់គុណភាពសំណង់ ក្នុងប្រទេសកម្ពុជាតែមួយនោះទេ ប៉ុន្តែថែមទាំងជួយបង្កើនសក្ដានុពល ក្នុងការរកប្រាក់ចំណូលរបស់សិក្ខាកាមជាជាងសំណង់ ដែលបានបញ្ចប់វគ្គបណ្ដុះបណ្ដាលនេះផងដែរ។
នាយកវិទ្យាស្ថានជាតិពហុបច្ចេកវិទ្យា (NPIC) លោកប៊ុន ភារិន មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការនេះ នឹងធ្វើឲ្យគុណភាពនៃការបណ្ដុះបណ្ដាល របស់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា កាន់តែរឹងមាំ ហើយអាចឆ្លើយតបបានទាន់ពេលវេលានូវតម្រូវការទីផ្សារការងារនៅកម្ពុជា។
កម្មវិធីនេះនឹងបើកស្វាគមន៍សម្រាប់ជាងសំណង់ណា ដែលចាប់អារម្មណ៍ ហើយអាចដាក់ពាក្យបាន ដោយទូរស័ព្ទទៅក្រុមហ៊ុនអេសស៊ីជី ហើយវគ្គបណ្ដុះបណ្ដាលនេះពុំតម្រូវឲ្យបង់ថ្លៃសិក្សា ឬថ្លៃដាក់ពាក្យចុះឈ្មោះអ្វីឡើយ៕









