លោក​ជា សុផារ៉ា ស្នើ​ឲ្យ​អ្នក​អភិវឌ្ឍន៍​បុរី​ពង្រឹងគុណភាព​សំណង់

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក​ជា សុផារ៉ា បានស្នើ​ឲ្យ​ម្ចាស់​អគារទំនើបៗ បុរី​លំនៅឋាន ផ្ទះល្វែង​ទាំងអស់​ត្រូវ​សាងសង់​សំណង់​ឲ្យ​មានគុណ​ភាព​និង​តាម​ស្តង់ដារ ដើម្បី​ធានាបាន​នូវ​សុខ​សុ​វត្តិភាព ផាសុខភាព និង​បរិស្ថាន​ជូន​ដល់​ប្រជាពលរដ្ឋ។

លោក​ជា សុផារ៉ា បាន​ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា កាលពី​ល្ងាច​ថ្ងៃទី២៧ កុ​ម្ភះ ២០១៨កន្លងមក​ថា ស្រប​ពេលដែល​បុរី និង​ផ្ទះល្វែង​មួយចំនួន​បាន​សាងសង់ មិន​សមស្រប​ទៅតាម​ល​ក្ខ​ណៈ​បច្ចេកទេស ដែល​ធ្វើ​ឲ្យ​ផ្ទះ​ខ្លះ​ជ្រាប​ទឹក ឬ​មាន​ស្នា​ប្រេះ និង​បង្ក​ការព្រួយបារម្ភ​ដល់​អ្នករស់នៅ។ ដូចនេះ អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​ទាំងអស់ ត្រូវ​ត្រួត​ពិនិត្យមើល​ការសាងសង់​នៅតាម​បុរី  លំនៅឋាន និង​ផ្ទះល្វែង​របស់ខ្លួន​ឲ្យ​បាន​ម៉ត់ចត់ ដើម្បី​បញ្ជៀ​ស​នូវ​ហានិភ័យ​ផ្សេង​ដល់​ប្រជាពលរដ្ឋ​ដែលជា​អតិថិជន​របស់ខ្លួន។

លោក​បន្តថា “វា​ជា​រឿង​គួរ​ឲ្យ​អៀនខ្មាស់​ខ្លាំងណាស់ បើសិនជា​យើង​សាងសង់​សំណង់​គ្មាន​គុណភាព ធ្វើ​ឲ្យ​បែក​ប្រេះ និង​ស្រុត​លំនៅដ្ឋាន​ដែល​ប្រជាពលរដ្ឋ​បាន​ទិញយក​ទៅប្រើ​ប្រាស់។លោក​បន្តថា “សំណង់​មានគុណ​ភាព និង​ស្របតាម​ស្តង់ដា​មិន​ត្រឹមតែ​ជួយ​ធានាបាន​នូវ​សុខ​សុ​វត្តិភាព ដល់​អតិថិជន​ប៉ុណ្ណោះ​ទេ ថែមទាំង​ផ្តល់នូវ​ផាសុខភាព បរិស្ថាន​ល្អ និង​បង្កើន​នូវ​ទំនុកចិត្ត និង​ជឿជាក់​មកលើ​ម្ចាស់​បុរី សំណង់ផ្ទះ​ល្វែង​ផងដែរ។

ជាមួយគ្នានេះ លោក​ជា សុផារ៉ា​ក៏បាន​ស្នើ​ឲ្យ​ម្ចាស់​អភិវឌ្ឍន៍​លំនៅដ្ឋាន​ទាំងអស់ ត្រូវ​បង្កើន​សាងសង់​លំនៅដ្ឋាន ដែលមាន​តំលៃ​សមរម្យ​សម្រាប់​អ្នក​ដែលមាន​ប្រាក់ចំណូល​ទាប និង​មធ្យម​ខណៈដែល​តំរូវការ​លំនៅដ្ឋាន​នៅ​កម្ពុជា​ក្នុងឆ្នាំៗមាន​ប្រមាណ១ម៉ឺន​ផ្ទះ ស្មើនឹង​ប្រជាពលរដ្ឋ​ប្រមាណ៥ម៉ឺន​នាក់ ខណៈ​កំនើន​ប្រជាសាស្ត្រ​មាន១,៥៦ភាគរយ​ប្រចាំឆ្នាំ។

ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា​លោក​ឧកញ៉ា លី ហួរ បាន​គាំទ្រ​ចំពោះ​ការលើកឡើង​របស់​ឯក​ឧ​ត្ត​ម ជា សុផារ៉ា នេះ ដោយ​ឧកញ៉ា​បាន​ថ្លែងថា នឹងធ្វើ​ការផ្សព្វផ្សាយ​បន្ត​ដល់​សមាជិក សមាជិកា​របស់​សមាគម ដើម្បី​ជួយ​ធានា​ឲ្យ​វិស័យ​សំណង់​លំនៅដ្ឋាន​នៅ​កម្ពុជា កាន់​តែមាន​គុណភាព​ក៏ដូចជា​បង្កើន នូវ​ជំនឿ​ទុកចិត្ត​ពី​សំណាក់​អ្នកវិនិយោគ​អន្តរជាតិ ឲ្យ​មក​បោះទុន​នៅ​ប្រទេស​កម្ពុជា​កាន់តែច្រើន​ថែមទៀត។

លោក​ឧកញ៉ា​បាន​បន្តថា ដើម្បី​ធ្វើ​ឲ្យ​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា​យើង មាន​ភាព​រីកចម្រើន និង​មាន​ចីរភាព សមាគម​បានកំណត់​ទិសដៅ​ផែនការ​អនុវត្ត​សម្រាប់​ឆ្នាំ២០១៨ ដូចជា ពង្រីក​កិត្តិនាម និង​កិត្យានុភាព​របស់​សមាគម​ឱ្យ​កាន់តែ​ល្បី​សុសសាយ ដល់​អ្នកវិនិយោគ​វិស័យ​សំណង់ នៅក្នុង​ស្រុក និង​លើ​ឆាក​អន្ដរជាតិ​ផងដែរ និង​ទាក់ទាញ​ក្រុមហ៊ុន​វិនិយោគ​សំណង់​លំនៅឋានថ្មីៗ ដែលមាន​សក្ដានុពល​ខ្លាំង ចូល​ជា​សមាជិកសមាគម​ឲ្យ​បានជា​អតិបរិមា ជាពិសេស​ជម្រុញ​ឱ្យ​អ្នកវិនិយោគ​បរទេស ឱ្យមក​ប្រទេស​កម្ពុជា​កាន់តែច្រើន និង​បង្កើត​វេទិកា​ធុរកិច្ច​ក្នុងស្រុក​សម្រាប់​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ជាមួយ​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here