ដោយ វុត្ថា
ភ្នំពេញ៖ ប្រទេសអារ៉ាបរួម អាចចាត់ទុកថាជាទឹកដីនៃភាពរំភើបនិងលន្លង់ លន្លោចមួយ ដែលប្រទេសនេះបានងើបឡើង ក្នុងភាពត្រចះត្រចង់នៅដើមសតវត្សរ៍ទី២១នេះ ដោយសារធនធានធម្មជាតិដ៏សម្បូរហូរហៀររបស់ខ្លួន។
ថ្ងៃនេះគេហទំព័រ Propertyarea.asia បានគាស់កកាយជាថ្មី នូវសំណង់ស្ថាត្យកម្មដ៏អស្ចារ្យរបស់ប្រទេសនេះ ជាប្រទេសសម្បូរទៅដោយអគារខ្ពស់កប់ពពកច្រើនម៉ូត ច្រើនប្រភេទ និងអស្ចារ្យ ព្រមទាំងប្លែកជាងគេនៅក្នុងពិភពលោក ដែលគ្មានប្រទេសណាមួយអាចប្រៀបផ្ទឹមបាន។
-->
គេហទំព័រ propertyarea.asia និងបន្តលើកយកអគារខ្ពស់កប់ពពកមួយទៀតក្នុងប្រទេសនេះ មកបង្ហាញជូនគ្រាន់បានជាចំណេះដឹង ស្វែងយល់ចំពោះការវិវឌ្ឍន៍ថ្មីៗ នៃអគារខ្ពស់កប់ពករបស់ប្រទេសនីមួយៗ ក៏ដូចជាក្នុងពិភពលោក។

Capital Gate ជាអគារខ្ពស់កប់ពពកមួយស្ថិតនៅក្នុងទីក្រុង Abu Dhabi ប្រទេសអារ៉ាប់រួម ត្រូវបានគេរចនាឡើង ដើម្បីធ្វើជាមជ្ឈមណ្ឌលតាំងពិពរណ៌ ឈ្មោះថា Abu Dhabi Nationa Exhibition Center ជាមួយនឹងរូបរាងរបស់វាមានលក្ខណៈរសរវើកគួរឲ្យស្ញប់ស្ងែង។ អគាខ្ពស់កប់ពពកនេះ មានកំពស់១៦០ ម៉ែត្រ និង៣៥ ជាន់ ហើយវាគឺជាអគារខ្ពស់មួយ ក្នុងចំណោមអគារផ្សេងទៀតក្នុងទីក្រុងនេះ ។

ម្ចាស់នៃអចលទ្រព្យដ៏អស្ចារ្យនេះ គឺក្រុមហ៊ុនដែលមានលុយមហាសាល Abu Dhabi National Exhibitions Company។ អគារដ៏ចម្លែកមួយនេះ ត្រូវបានគេស្គាល់ជាទូទៅថា Leaning Tower of Abu Dhabi ដែលស្ថិតនៅចំណុចកណ្តាល នៃទីក្រុងទាំងមូល។

អគារមជ្ឈមណ្ឌលតាំងពិព័ណ៌ពាណិជ្ជកម្មនេះ ត្រូវបានចាប់ផ្តើមសាងសង់ក្នុងឆ្នាំ២០០៧ និងបញ្ចប់ហើយសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្នុងឆ្នាំ ២០១១ ។ អគារខ្ពស់កប់ពពកនេះ ត្រូវបានសាងសង់សម្រាប់ធ្វើជាកន្លែងការិយាល័យពាណិជ្ជកម្ម និងសណ្ឋាគារ។

វាត្រូវបានបំបែកឯកទគ្គកម្មពិភពលោក ដោយ Guinness World Records ក្នុងឆ្នាំ២០១០ ស័ក្កិសមជាអគារដែលមានរូបរាងទន់ភ្លន់ និងទាក់ទាញបំផុតក្នុងពិភពលោកដែលបានបង្កើតឡើងដោយមនុស្ស៕









