ដំណឹងល្អ! អ្នកប្រើអគ្គិសនីពីបណ្តាញឯកជនទទួលបានការបញ្ចុះតម្លៃ

0

ដោយ ដែន ចែងចាំង

ភ្នំពេញ ដំណឹងល្អៈ ប្រជាពលរដ្ឋដែលបាននិងកំពុងប្រើប្រាស់បណ្តាញអគ្គិស​នីពីសេវាករចែកចាយឯកជន នឹងទទួលបានការបញ្ចុះតម្លៃបន្ថែមសម្រាប់ចំនួ​ន៣១៥តំបន់ គ្របដណ្តប់លើ២៥រាជធានី ខេត្តនៅក្នុងឆ្នាំនេះ។

យោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរអគ្គិសនីកម្ពុជា ដែលបានចេញ​ផ្សាយកាលពីថ្ងៃទី២ មិនា ស្តីពីការពិគ្រោះយោបល់សាធារណៈ លើគម្រោងបន្ថយថ្លៃលក់អគ្គិសនី សម្រាប់តំបន់ចែកចាយរបស់សេវាករ ផ្គត់ផ្គង់អគ្គិសនីវិស័យឯកជន នៅរាជធានីភ្នំពេញ និងខេត្តចំនួន២៤ផ្សេងទៀត ស្ថិតនៅក្នុងតំបន់ចែកចាយរបស់វិស័យឯកជនចំនួន៣១៥តំបន់ និងគ្របដណ្តប់លើភូមិសាស្រ្ត ២៤រាជធានី ខេត្ត ត្រូវនឹង១៦៥ ស្រុក ខណ្ឌ ស្មើ១២៥០ឃុំ សង្កាត់។ ទីតាំងទាំងនេះ នឹងទទួលប្រភពអគ្គិសនីពីបណ្តាញជាតិ និងត្រូវកែសម្រួល តាមផែនការយុទ្ធសាស្រ្តកាត់បន្ថយថ្លៃ ដោយអគ្គិសនីកម្ពុជាគ្រោងនឹងបន្ថយថ្លៃលក់អគ្គិសនី នៅតាមតំបន់សេវាករទាំងនោះ តាមប្រភេទសេវាករនីមួយៗ ទៅតាមអត្រាថ្លៃលក់អគ្គិសនីសម្រាប់ខួបឆ្នាំ២០១៨។

ការបញ្ចុះតម្លៃអគ្គិសនីនេះបានកំណត់ថា សម្រាប់ការប្រើប្រាស់ក្នុងមួយខែមិនលើសពី១០គឺឡូវ៉ាត់ម៉ោង គឺរក្សាក្នុងតម្លៃ៤៨០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង។ អ្នកប្រើប្រាស់ពី១០ ដល់៥០គឺឡូវ៉ាត់ម៉ោង ក្នុងតម្លៃ៦១០រៀល ក្នុងគីឡូវ៉ាត់ម៉ោង និងការប្រើប្រាស់ក្នុងមួយខែ លើសពី៥០គឺឡូវ៉ាត់ម៉ោងចុះ នឹងទទួលការបញ្ចុះ​តម្លៃពី៧៩០រៀល មកនៅ៧៧០រៀល ក្នុងគីឡូវ៉ាត់ម៉ោងវិញ។

សេចក្តីជូនដំណឹងដដែលឲ្យដឹងទៀតថា សម្រាប់អតិថិជនទូទាត់ ដោយថវិការដ្ឋ និងលំនៅដ្ឋានគ្រប់ជនបរទេស គ្រប់ទំហំប្រើប្រាស់តម្លៃអគ្គិសនីនឹងធ្លាក់ពីតម្លៃ៧៩០រៀល មកនៅត្រឹម៧៧០រៀលក្នុងគីឡូវ៉ាត់ម៉ោង។ ចំណែកអតិថិជន ប្រើប្រាស់ជាលក្ខណៈរដ្ឋបាល ពាណិជ្ជកម្ម និងឧស្សាហកម្ម  សម្រាប់ធុនតូចទទួលការបញ្ចុះតម្លៃពី៧៩០រៀល មកនៅ៧៧០រៀល ក្នុងគីឡូវ៉ាត់ម៉ោងផងដែរ។ ចំណែកការបូមទឹកធ្វើកសិកម្មនៅពេលយប់ ចាប់ពីម៉ោង៩ដល់ម៉ោង៧ព្រឹក គឺរក្សានៅក្នុងតម្លៃ៤៨០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោងដដែល។

តំបន់សេវាករផ្គត់ផ្គង់អគ្គិសនីឯកជន ដែលតម្រូវកំណត់តម្លៃថ្មីនេះ មាន នៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ កំពត កែប ព្រះសីហនុ កោះកុង កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រៃវែង និងខេត្តស្វាយរៀង ដែលនឹងចាប់ផ្តើមអនុវត្តន៍ចេញវិក្ក័យបត្រថ្មី ចាប់ពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ខាងមុននេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here