ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ជាថ្មីម្ដងទៀតក្រោយការប្រកាសលើកលែងការបង់ពន្ធប្រថាប់ត្រាលើការទិញលំនៅដ្ឋានដែលមានតម្លៃក្រោម៧ម៉ឺនដុល្លារ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរថា សម្រាប់ការទិញខុនដូតម្លៃសមរម្យ ដែលមានតម្លៃក្រោម៧ម៉ឺនដុល្លារ ក៏ត្រូវបានលើកលែងការបង់ពន្ធដូចគ្នា។

-->
នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៨ កាលពីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីថា ចំពោះការទិញខុនដូតម្លៃសមរម្យទាំងឡាយណាដែលមានតម្លៃក្រោម ៧ម៉ឺនដុល្លារ នឹងមិនត្រូវបានជាប់ពន្ធប្រថាប់ត្រា ដូចគ្នាទៅនឹងការទិញលំនៅដ្ឋានទូទៅផងដែរ ដោយមានរយៈពេលពេញមួយឆ្នាំ។
សម្ដេចតេជោ បានមានប្រសាសន៍ថា “អ្នកមានលុយគួរតែទៅទិញទៅ ព្រោះអាផ្ទះតម្លៃចាប់ពី ៧ម៉ឺនដុល្លារចុះក្រោម អាខុនដូតម្លៃក្រោម៧ម៉ឺន អត់មានជាប់ពន្ធប្រថាប់ត្រានោះទេ។ ការសម្រេចទាំងអស់នេះ ដោយសារតែយើងចង់សម្រួលដល់ក្រុមហ៊ុនអភិវឌ្ឍន៍ និងសាសងសង់ងាយស្រួលលក់ និងអាចចំណេញលុយខ្លះ ហើយក៏ជួយសម្រួលដល់ប្រជាពលរដ្ឋដែលចង់មានផ្ទះតម្លៃសមរម្យមានឱកាសបានទិញផ្ទះរស់នៅ”។
ការសម្រេចទាំងអស់ខាងលើរបស់រាជរដ្ឋាភិបាល គឺជាវិធានការរយៈពេលខ្លី និងបន្ទាន់ សំដៅជួយដល់វិស័យសំខាន់ៗនៃសេដ្ឋកិច្ចជាតិ និងកម្មករ និយោជិក ដែលរងផលប៉ះពាល់នៅក្នុងសភាពការណ៍មិនអំណោយផលចំពោះមុខ ដែលជាកញ្ចប់នៃវិធានការជុំទីមួយក្នុងករណីចាំបាច់ ហើយរាជរដ្ឋាភិបាលនឹងដាក់ចេញនូវវិធានការបន្ថែមទៀតស្របទៅតាមការវិវត្តនៃសភាពការណ៍ជាក់ស្ដែង៕