ខេត្តកោះកុងនឹងរីកចម្រើនលឿនក្រោយពេលគំរោងអភិវឌ្ឍន៍ធំៗជាច្រើនដំណើរការ

0

ដោយគង់ សូរិយា

ភ្នំពេញៈ កោះកុង ទំនងលែងជាខេត្តឆ្ងាយដាច់អាល័យទៀតហើយ ខណៈគំរោងអភិវឌ្ឍន៍ធំៗជាច្រើនបាននិងកំពុងដំណើរការ ពិសេសគំរោងព្រលានយន្តហោះតារាសាគរ ស្ថិតក្នុងខេត្តនេះ បើកដំណើរការក្នុងឆមាសទី២ឆ្នាំនេះ។

អញ្ជើញជាអធិបតតីក្នុងពិធីសម្ភោធគំរោងឈូង សមុទ្រតារាក្នុងខេត្តកោះកិង កាលពីចុងឆ្នាំមុន សម្ដេចពិជ័យសេនា ទៀបាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិបានថ្លែងថា ការបើកការដ្ឋានគម្រោងឈូងសមុទ្រតារានេះ គឺជាសមិទ្ធផលថ្មីមួយថែមទៀត ក្នុងចំណោមសមិទ្ធផលជាច្រើន ដែលវិស័យឯកជនបានរួមចំណែកក្នុងការជំរុញអភិវឌ្ឍវិស័យសង្គម និងសេដ្ឋកិច្ច ដែលកំពុងដើរតួយ៉ាងសកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា ស្របតាមកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់​កាលទី៤ របស់រាជរដ្ឋាភិបាល អាណត្តិទី៦។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងអំណរគុណចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានសហការគាំទ្រដល់ក្រុមហ៊ុន យូញៀន ឱ្យបានដំណើរការវិនិយោគ ប្រកប ដោយលទ្ធផលជាផ្លែផ្កា នៅខេត្តកោះកុង ដែលជាខេត្តមួយមានសក្តានុពលយ៉ាងធំធេងក្នុងការអភិវឌ្ឍវិស័យ ទេសចរណ៍ និងទេសចរណ៍សហគមន៍ ព្រមទាំងឆ្នេរសមុទ្រស្អាត ដែលកម្ពុជាចាត់ទុកថា“តារារះនាទិសនិរតី” ដែលជាតំបន់មានការទាក់ទាញដ៏ធំមួយរបស់កម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជា នៅតែធានាបន្តអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមលើគ្រប់វិស័យ ដោយផ្តោតអាទិភាពទៅលើការកែទម្រង់ អភិបាលកិច្ច សំដៅពង្រឹងស្ថាប័នសាធារណៈ បង្កើនប្រសិទ្ធភាព និងលើកកម្ពស់គុណភាពសេវាសាធារណៈ ពង្រឹងបរិស្ថានម៉ាក្រូសេដ្ឋកិច្ច ឲ្យមានស្ថិរភាពរឹងមាំ ធន់នឹងវិបត្តិ និងទ្រទ្រង់កម្តៅខ្ពស់ ប្រកបដោយចីរភាព បរិយាប័ន្ន និងសមធម៌ ដោយជំរុញការវិនិយោគសាធារណៈ និងវិនិយោគឯកជន ដើម្បីបង្កើនភាពទាក់ទាញ និងគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច។

លោក លី ថាវ នាយកក្រុមហ៊ុនយូញៀន បានអោយដឹងថា ក្រុមហ៊ុនយូញៀន គឺជាក្រុមហ៊ុនមួយ បានមកវិនិយោគនៅខេត្តកោះកុង ប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០០៧មកម្ល៉េះ ដែលជាសហគ្រាសឯកជនមួយ ក្នុងចំណោមសហគ្រាសជាច្រើន បានធ្វើដំណើរចេញពីខេត្តធានជីន ប្រទេសចិនមុនគេ។ នៅឆ្នាំ២០០៨ ក្រុមហ៊ុនយូញៀន បានចុះកិច្ចព្រមព្រៀងវិនិយោគទុនជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា លើផ្ទៃដីទំហំ៣៦០គីឡូម៉ែត្រក្រឡា ដែលមានទីតាំងស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រខេត្តកោះកុង។

បច្ចុប្ប​ន្នក្រៅពីគម្រោងអភិវឌ្ឍន៍ ដែលបាននិងកំពុងវិនិយោគដោយក្រុមហ៊ុនUnion Development Group ក៏មានក្រុមហ៊ុនជាច្រើនបាននិងកំពុងដំណើរការសាងសង់គំរោងអភិវឌ្ឍ​ន៍អចលនទ្រព្យរបស់ខ្លួនផងដែរ ពិសេសក្រុមហ៊ុនលី យ៉ុងផាត់គ្រុប ដែលបានសហការជាមួយក្រុមហ៊ុនBangkok Airway សាងសង់ព្រលានយន្តហោះថ្មីនៅជិតទីរួមខេត្តនេះផងដែរ។

ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញជាអធិបតីបើក សម្ភោធការដ្ឋានសាងសង់ផ្លូវជាតិលេខ១០ ដែលជាផ្លូវប្រវត្តិសាស្រ្តលើកដំបូងក្នុងការតភ្ជាប់រវាងភូមិភាគពាយ័ព្យ ដោយចេញពីស្រុកសំឡូក ខេត្តបាត់ដំបង ឆ្ពោះមកកាន់ខេត្តពោធិសាត់ ដើម្បីឆ្ពោះមកកាន់ខេត្តកោះកុង ដែលមានកំពង់ផែទឹកជ្រៅ សម្រាប់ដឹកជញ្ជូនកសិផលចេញពីតំបន់ភូមិភាគពាយ័ព្យឆ្ពោះទៅកាន់ប្រទេសទី៣ផងដែរ។

ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាលក៏បានប្រកាសពីការពង្រីកផ្លូវជាតិលេខ៤៨ ដែលតភ្ជាប់់ពីផ្លូវជាតិលេខ៤ ទៅកាន់ខេត្តកោះកុង ជាផ្លូវហាយវេ ដែលមាន៤គន្លងរថយន្តផងដែរនាពេលខាងមុខនេះ។

អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ា ស៊ីមសូរិយាបានមានប្រសាសន៍ឲ្យ​ដឹងថា ការស្ថាបនាផ្លូវជាតិលេខ៤ មិនត្រឹមតែសំរាប់ធ្វើសមាហរណកម្មផ្ទៃក្នុងកម្ពុជានោះទេ ប៉ុន្តែជាការធ្វើឲ្យកម្ពុជាកាន់តែមានឯករាជ្យភាពខាងសេដ្ឋកិច្ច ដោយកាត់បន្ថយការពឹងផ្អែកប្រទេសជិតខាង ព្រោះយើងមានកំពង់ផែទឹកជ្រៅនៅខេត្តកោះកុង ដែលអាចដឹកជញ្ជូនទំនិញទៅកាន់ប្រទេសទី៣បានផងដែរ។

ងាកទៅមើលវិស័យទេសចរណ៍វិញអ្នកជំនាញក្នុងវិស័យនេះ បានមើលឃើញសក្តានុពលជាច្រើន ដែលខេត្តនេះមានហើយមិនទាន់ទាញ យកមកប្រើប្រាស់អស់សក្តានុពលនៅឡើយ។

លោកស្រីឆាយ ស៊ីវលីនប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងថា ខេត្តកោះកុងមានសក្តានុពលទេសចរណ៍ធម្មជាតិដ៏សម្បើម ដែលយើងមិនទាន់ទាញយកមកប្រើប្រាស់អស់នៅឡើយ។

លោកស្រីបន្តថា “ធនធានធម្មជាតិរបស់ខេត្តនេះហាក់ស្ថិតក្នុងអាថ៌កំបាំង ដែលយើងនៅតែមើលឃើញពីភាពអស្ចារ្យ និងមានធនធានជាច្រើន ដែលអាចទាញផលចំណូលដល់​សេដ្ឋកិច្ចជាតិតាមរយៈវិស័យទេសចរណ៍”៕

LEAVE A REPLY

Please enter your comment!
Please enter your name here