នាយិកាក្រុមហ៊ុនអចលនទ្រព្យ AMATAK Property Service និងជាអនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកស្រីតាំង ហួរ។ រូបថត៖ សហការី
ដោយ៖ គង់ សូរិយា
ភ្នំពេញ៖ ចាប់ផ្តើមឆាកជីវិតតាមឧបនិស្ស័យរបស់ខ្លួន កុមារីតាំង ហួរបានចាប់ផ្តើមប្រឡូកក្នុងមុខជំនួញខ្នាតតូចបំផុត តាំងពីវ័យកុមារភាព ដោយទូលនំលក់នៅតាមភូមិនានានៅស្រុកកំណើត។
ឆាកជីវិតកុមារីរូបនេះ បានចាប់ផ្តើមតស៊ូតាំងពីវ័យកុមារភាព ហើយឆាកជីវិតពោរពេញដោយការតស៊ូបែបនេះហើយ ទើបធ្វើឲ្យស្ត្រីរូបនេះរ៉ឹងមាំ និងក្រោកឈរឡើងក្នុងសង្គមមួយ ដែលពោរពេញដោយភាពប្រកួតប្រជែងនេះ។
-->
ការជួយក្រុមគ្រួសារជារឿងមួយ តែស្ត្រីរូបនេះមិនដែលភ្លេចជួយខ្លួនឯងនោះទេ ព្រោះតាំងពីកុមារភាពមកស្ត្រីរូបនេះ តែងតែបានយកចំណេះដឹងមកដាក់ខ្លួន ដោយឆ្លៀតពេលទំនេរពីការងារផ្ទះ ទៅកាន់សាលារៀន ជាលទ្ឋផល ស្ត្រីរូបនេះអាចនិយាយបានជាច្រើនភាសា ដូចជា ភាសាអង់គ្លេស ភាសាវៀតណាម និងភាសាបារាំង រួមទាំងភាសាកំណើតផងដែរ។
ប្រសូត្រក្នុងគ្រួសារដែលមានឪពុក ម្តាយជាអ្នករកស៊ី បានធ្វើឲ្យកុមារីតាំង ហួរ ចម្រើនវ័យជាមួយនឹងឧបនិស្ស័យ ជាអ្នកជំនួញតាំងពីកុមារភាព និងបានបន្តលំអាននេះរហូតដល់សព្វថ្ងៃ។

មកកាន់ទីក្រុងភ្នំពេញ
ភូមិទម្លាប់ ឃុំភ្នំដិន ស្រុកគិរីវង្ស ខេត្តតាកែវជាភូមិកំណើតរបស់ស្ត្រីរូបនេះជាកន្លែងដែលគាត់បានចម្រើនវ័យ មុនចាកចេញជាមួយក្រុមគ្រួសារមករស់នៅ រាជធានីភ្នំពេញក្នុងឆ្នាំ១៩៨៦។ មកកាន់ទីក្រុងថ្មី ទឹកដីថ្មី ប៉ុន្តែនិស្ស័យជាអ្នកជំនួ ញមិនបានបញ្ចប់ទេ។ នៅទីក្រុងភ្នំពេញស្ត្រីរូបនេះ បានចាប់ផ្តើមការងារតាមឧបនិស្ស័យរបស់ខ្លួនម្តងទៀត ដោយបានផ្លាស់ប្តូរមុខរបរជាច្រើន រាប់ពីអ្នកលក់ពងទាកូន លក់កាហ្វេ បើកហាងស៊ុប បើកហាងស្បា និងសាឡនជាដើម។
ទីក្រុងទឹកដីថ្មី កន្លែងដែលមានភាពប្រកួតប្រជែង ហើយក៏ជាកន្លែងដែលស្ត្រីរូបនេះបានចាប់ផ្តើមការងារជាច្រើន ដែលធ្វើឲ្យលោកស្រីតាំង ហួរស្គាល់នូវអ្វីហៅថា «ជីវិត»។
ការងើបឈរដោយខ្លួនឯង
ក្នុងពេលឆាកជីវិតធ្លាក់ចុះបំផុត និងគ្មានការលើកទឹកចិត្តពីក្រុមគ្រួសារ លោកស្រី តាំង ហួរ បានពឹងផ្អែកវត្តអារ៉ាមជាទីសំណាក់ ហើយពេលមួយនោះលោកស្រីគិតថាខ្លួនឯងស្លាប់ ប៉ុន្តែនៅពេលព្រះអាទិត្យរះ ទើបស្ត្រីរូបនេះបានដឹងខ្លួនថា ជីវិតទឹកដោះម្តាយថ្លៃ មិនទាន់អស់នោះទេ។
ក្រៅពីការងារជំនួញស្ត្រីរូបនេះ ក៏ធ្លាប់ប្រឡូកការងារនៅតាមស្ថាប័នជាច្រើនផងដែរ ដូចជា បំរើការងារនៅសណ្ឋាគារឡឺរ៉ូយាល់ និងនៅសណ្ឋាគារសាន់វេក្នុងនាមជាប្រធានផ្នែកថែររក្សាសម្ឆស្សជាដើម។
ជាមួយនឹងទឹកចិត្តមោះមុត មិនដែលចុះចាញ់ឆាកជីវិត លោកស្រី តាំង ហួរ បានដួលក្នុងពិភពជំនួញជាច្រើន និងបានងើបឡើងវិញដោយខ្លួនឯង ទោះពេលខ្លះល្ខោន និងព្យុះជីវិត បានប្រលែងលេងជាមួយស្ត្រីរូបនេះក៏ដោយ។
ចាប់ផ្តើមការងារអចលនទ្រព្យ
លោកស្រីបានចាប់ផ្តើមការងារ ទិញផ្ទះចាស់ៗយកមកជួសជុល និងលក់ចេញ ពេលទទួលបានផលចំណេញ ដែលពេលនោះលោកស្រីមិនដឹងថា អ្វីជាអចលនទ្រព្យ ទាំងខ្លួនឯងកំពុងប្រឡូកក្នុងវិស័យអចលនទ្រព្យរួចទៅហើយ។
បន្ទាប់ពីបានបិទហាងស្បា ម៉ាស្សានៅឆ្នាំ២០១៤ លោកស្រីតាំង ហួរបានចាប់ផ្តើមបើកក្រុមហ៊ុនអចលនទ្រព្យ Amatakpropertyservice,Co, Ltd ដែលបាននិងកំពុងដំណើរការដោយជោគជ័យមកដល់សព្វថ្ងៃ ហើយត្រូវបានមិត្តរួមអាជីពហៅលោកស្រីថា “អ្នកម្តាយអចលនទ្រព្យ។
វដ្តសង្សារនៃជីវិត ជួបគ្រប់រសជាតិទាំងជូរ ចត់ ប្រៃ ផ្អែកល្ហែម និងការងើបឈរឡើងវិញដោយទំនុកចិត្ត ពេលនេះស្ត្រីរូបនេះបានចាប់ផ្តើមញញឹមជាថ្មី និងជាស្មាមញញឹមប្រកបដោយភាពជឿជាក់។ ពេលខ្លះស្ត្រីរូបនេះបានសើចលឺខ្លាំង ៗ ជាមួយទំនុកចិត្ត បន្ទាប់ពីក្រុមហ៊ុនលោកស្រីទទួលបានជោគជ័យ ហើយកេរ្ត៍ឈ្មោះលោកស្រី ក្នុងវិស័យអចលនវត្ថុនៅកម្ពុជា កាន់តែមានកិត្យានុភាព ដោយសារលោកស្រីក៏ក្លាយជាអ្នកចែករំលែក និងជាគ្រូបង្វឹកចំណេះដឹងក្នុងវិស័យនេះដល់សហការី សិស្ស និស្សិត និងមិត្តរួមអាជីពផងដែរ។
ដំណើរឆ្ពោះទៅមុខ
គ្មានជោគជ័យណាកើតឡើង ដោយគ្មានការតស៊ូនោះទេ ហើយគ្មានឆាកជីវិតរ៉ឹងមាំណា មិនឆ្លងកាត់ការលំបាកនោះទេ ទស្សនវិជ្ជានេះ គឺបីដូចជាឆាកជីវិតស្ត្រីរូបនេះផងដែរ។ ពេលនេះលោកស្រីបានមកឈរនៅទីតាំងមួយខ្ពស់ជាងមុខ សកម្មជាងមុន និងមានកិត្តិយសច្រើនជាងមុននៅក្នុងសង្គម។
ការងារធ្វើជំនួញ និងភាពជាភ្នាក់ងារអចលនទ្រព្យ មិនមែនជាការងារសាម ញ្ញពេកនោះទេ ហើយក៏មិនងាយទទួលបានជោគជ័យដោយស្រួលឡើយ ព្រោះការងារនេះ ជាការងារត្រូវធ្វើជាមួយអ្នកមានទ្រព្យស្តុកស្តម្ភ និងអ្នកមានអំណាចនៅក្នុងសង្គម ហេតុនេះការកសាងទំនុកចិត្តជារឿងសំខាន់បំផុត។
ប៉ុន្តែការមានផែនការ និងយុទ្ឋសាស្ត្រច្បាស់លាស់ បានធ្វើឲ្យលោកស្រីតាំង ហួរអាចដឹកនាំក្រុមហ៊ុន Amatakpropertyservice, Co, Ltdបានដោយជោគជ័យ។
លោកស្រីបន្តថា “ខ្ញុំអស់សង្ឃឹម និងតែងតែផ្តល់កំលាំងចិត្តដល់ខ្លួនឯង មិនដែលរុញរាឡើយ ហើយការងារអ្វីក៏ដោយ យើងមិនអាចធ្វើត្រឹមតែដោយក្តីស្រលាញ់នោះទេ តែយើងត្រូវមានភាពប៉ិនប្រសព្វផងដែរ។លោកស្រីបន្តថា“យើងត្រូវមានជំនាញ និងប្រើប្រាស់ទេពកោសល្យរបស់ខ្លួនឲ្យអស់។
អនុសាសន៍
ការដឹកនាំជីវិត និងដឹកនាំក្រុមហ៊ុន ម្ចាស់ក្រុមហ៊ុនម្នាក់ៗអាចប្រើប្រាស់យុទ្ឋសាស្ត្ររួម ប៉ុន្តែជួនកាលមិនដូច្នេះទេ ព្រោះអ្នកដឹកនាំម្នាក់ៗមានបទពិសោធន៍ និង ជំនាញខុសៗគ្នា។
ប៉ុន្តែក្នុងពិភពជំនួញអចលនទ្រព្យ លោកស្រីតាំង ហួរមានយុទ្ឋសាស្ត្រនិងគោលដៅរបស់ខ្លួនច្បាស់លាស់ ដោយលោកស្រីបានបញ្ជាក់ថា “ចង់ជោគជ័យក្នុងវិស័យអចលនទ្រព្យ យើងត្រូវដាក់ផែនការឲ្យចំទិសដៅ ចំផលិតផល ចំគំរោងលុយ និងត្រូវនឹងតម្រូវការរបស់អតិថិជន។លោកស្រីបន្តថា “យើងក៏ត្រូវដឹងចិត្តអតិថិជន អាចជួយការងារអតិថិជន និងត្រូវមានភាពស្មោះត្រង់ និងនិយាយអ្វីឲ្យពិត ដើម្បីឲ្យគេផ្តល់ទំនុកចិត្ត។
លោកស្រីបន្តថា “ពេលណាយើងមានអតិថិជនមករកយើង ក្រុមហ៊ុនយើងសម្បូរអតិថិជន មានន័យថាយើងទទួលបានជោគជ័យហើយ..សើច…៕