លោក លាង មុនីរិទ្ធ ជំរុញឱ្យអាជ្ញាធរតាមដានអំពីការវិវដ្តប្រែប្រួលនៃស្ថានភាពសំណង់ ទាំងបញ្ហាវិជ្ជមាន អវិជ្ជមាន

0

ដោយវុត្ថា

ខេត្តកែប៖ លោក លាង មុនីរិទ្ធ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានមានប្រសាសាន៍ជំរុញឱ្យអជ្ញាធរត្រូវតាមដានជាប់ជាប្រចាំ អំពីការវិវដ្តប្រែប្រួល នៃស្ថានភាពសំណង់ ទាំងបញ្ហាវិជ្ជមាន អវិជ្ជមាន ទាំងការអភិវឌ្ឍន៍បច្ចេកវិទ្យាពាក់ព័ន្ធនឹងសំណង់ ដែលជាធាតុចូលក្នុងការរៀបចំលិខិតបទដ្ឋានគតិយុត្តិ និងដាក់ចេញនូវវិធានការដើម្បីជំរុញ និងបំពេញការអនុវត្តន៍ច្បាប់ ស្តីពីសំណង់ ឲ្យបានកាន់តែគ្រប់ជ្រុងជ្រោយ។

លោក លាង មុនីរិទ្ធ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៅក្នុងវគ្គផ្សព្វផ្សាយច្បាប់ស្ដីពីសំណង់ ដល់អាជ្ញាធរមានសមត្ថកិច្ច មន្រ្តីជំនាញ និងវិស័យឯកជនកាលពីថ្ងៃទី ២៧ ខែកុម្ភៈ ម្សិលមិញនេះ បានឱ្យដឹងថា ការជំរុញឱ្យមានការតាមដានការវិវឌ្ឍន៍លើវិស័យសំណង់ជាប្រចាំនេះ ព្រោះការអនុវត្តន៍នៅមានការខ្វះចន្លោះ ឬអសកម្មដោយប្រការណាមួយនោះ វានឹងជះឥទ្ធិពលអវិជ្ជមាន និងទស្សនកម្មផ្សេងៗ ដល់រាជរដ្ឋាភិបាល រដ្ឋបាលថ្នាក់ក្រោមជាតិ វិនិយោគិន អ្នកប្រើប្រាស់សំណង់ ក៏ដូចជាសង្គមជាតិទាំងមូលជាក់ជាមិនខាន។

លោកថែ្លងថា ក្នុងនាមអាជ្ញាធរមានសមត្ថកិច្ច លើវិស័យសំណង់ ត្រូវអនុវត្តការងារឲ្យមានប្រសិទ្ធភាព ប្រកបដោយមនសិការវិជ្ជជីវៈ ស្មោះត្រង់នឹងវិជ្ជាជីវៈ មានតម្លាភាព និងគណនីភាព ចំពោះថ្នាក់លើ និងឈរលើគោលការច្បាប់ ក្នុងការចេញលិខិតអនុញ្ញាតិ ពាក់ព័ន្ធនឹងសំណង់ដូចជា លិខិតអនុញ្ញាតិសាងសង់ លិខិតបើកការដ្ឋានសំណង់ លិខិតបិទការដ្ឋានសំណង់ ឬវិញ្ញាប័ណ្ណប័ត្រប្រើប្រាស់សំណង់។

លោកបន្ថែមថា លើសពីនេះ ក៏ត្រូវខិតខំពង្រឹងការត្រួតពិនិត្យ ការដ្ឋានសំណង់ ការត្រួតពិនិត្យ សម្ភារៈបរិក្ខា និងផលិតផលសំណង់ ការដោះស្រាវវិវាទទាក់ទង់នឹងសំណង់ ការទប់ស្កាត់បទល្មើសសំណង់ជាដើម។

លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែបបានឱ្យដឹងដែរថា ដោយផ្អែកលើច្បាប់ស្តីពីសំណង់ន និងការណែនាំបន្ថែមពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្វើឲ្យខេត្តក៏ដូចជាមន្ទីរមានមូលដ្ឋានសម្រាប់ជម្រុញ និងអភិវឌ្ឍន៍នូវវិស័យសំណង់ប្រកបដោយចីរភាព។

ក្រសួងដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានសហការជាមួយ មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសូរិយោដី ខេត្តកែប និងរដ្ឋបាលខេត្តកែប បានបើកវគ្គផ្សព្វផ្សាយច្បាប់ស្ដីពីសំណង់ ដល់អាជ្ញាធរមានសមត្ថកិច្ច មន្រ្តីជំនាញ និងវិស័យឯកជនគឺផ្ដោតសំខាន់លើវិស័យសំណង់ ពិសេសច្បាប់ស្ដីពីសំណង់ ដែលបានប្រកាសឲ្យប្រើដោយព្រះរាជក្រឹត្យលេខ នស/រកម/១១១៩/០១៩ ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩។

ច្បាប់ស្តីអំពីសំណង់មាន២២ជំពូក និង ១១១មាត្រា ច្បាប់នេះចង់ក្រងឡើងក្នុងគោលបំណងធានានូវ ៖ ទី១. គុណភាព សន្តិសុខ សុវត្ថិភាពសំណង់ ការពារទ្រព្យសម្បត្តិ និងសុខមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណៈជន។ ទី២. សោភ័ណ្ឌភាព និងបរិស្ថានល្អ សម្រាប់ការរស់នៅប្រកបដោយចេរភាព សំដៅលើកកម្ពស់សុខមាលភាពសាធារណៈ។

ទី៣. ធានាបាននូវគណនីភាព ប្រសិទ្ធភាព ក្នុងការប្រកបការងារ និងការប្រកបវិជ្ជាជីវៈ ក្នុងវិស័យសំណង់ និងទី៤ បង្កើនការជឿទុកចិត្ត របស់វិនិយោគិន ក្នុងវិស័យសំណង់ និង ជំរុញទីផ្សារអចលនទ្រព្យកម្ពុជា ប្រកបដោយប្រសិទ្ធភាពលើផ្នែកសេដ្ឋកិច្ចសង្គម៕

LEAVE A REPLY

Please enter your comment!
Please enter your name here