ដោយ ៖ រ៉ាណេត
កំពត ៖ ស្របទៅនឹងភាពរីកចម្រើន និងអភិវឌ្ឍន៍លើវិស័យសំណង់ ខេត្តកំពតបានទទួល និងអនុញ្ញាតទៅលើគម្រោងសាងសង់ជាង២៣០គម្រោង និងមានទំហំទុនសរុបជាង៣០លានដុល្លារក្នុងមួយឆ្នាំ។

ដោយ ៖ រ៉ាណេត
កំពត ៖ ស្របទៅនឹងភាពរីកចម្រើន និងអភិវឌ្ឍន៍លើវិស័យសំណង់ ខេត្តកំពតបានទទួល និងអនុញ្ញាតទៅលើគម្រោងសាងសង់ជាង២៣០គម្រោង និងមានទំហំទុនសរុបជាង៣០លានដុល្លារក្នុងមួយឆ្នាំ។

កាលពីអំឡុងឆ្នាំ២០១៩កន្លងទៅនេះ រដ្ឋបាលខេត្ត រដ្ឋបាលក្រុង-ស្រុក បានចេញលិខិតអនុញ្ញាតសាងសង់បានចំនួន ២៣៨ គម្រោង ដែលមានផ្ទៃក្រឡាសរុប ៩០ ២៩៩ម៉ែត្រការ៉េ និងមានទុនវិនិយោគសរុប ៣១៨៧៣០០ដុល្លារអាមេរិក មានកំណើនប្រមាណ៨០ភាគរយបើប្រៀបធៀបនៅឆ្នាំ២០១៨ ដែលមានត្រឹមតែ ១៤២ គម្រោងលើផ្ទៃក្រឡាដីសរុប ៥២ ០០៨ ម៉ែត្រការ៉េ និងមានទុនវិនិយោគ ១៧ ៧២២ ៥៨៦ដុល្លារអាមេរិក។
អភិបាលខេត្តកំពត លោក ជាវ តាយ បានមានប្រសាសន៍កាលពីពេលកន្លងទៅនេះថា ចាប់តាំងពីឆ្នាំ២០១៩ ខេត្តកំពតបានបង្កើតគណៈកម្មការត្រួតពិនិត្យ និងគ្រប់គ្រងសំណង់ ដោយមានកិច្ចសហការចូលរួមពីគ្រប់ជំនាញពាក់ព័ន្ធ ធ្វើឱ្យវិស័យសំណង់ក្នុងខេត្តមានសន្ទុះរីកចម្រើន និងមានលក្ខណៈល្អប្រសើរ។ លោកបានបន្តទៀយថា បច្ចុប្បន្ននេះ វិស័យសំណង់នៅទូទាំងខេត្តមានការរីកចម្រើន និងមានអ្នកចំណូលថ្មីច្រើនមកវិនិយោគនៅលើគម្រោងសាងសង់លំនៅដ្ឋានបែបលំហែរកាយ និងទេសចរណ៍។
នាយកក្រុមហ៊ុនអចលទ្រព្យ KEY Real Estate លោកសន សៀប បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទថា បច្ចុប្បន្ននេះមានអ្នកវិនិយោគជាច្រើន បានទម្លាក់ទុនធ្វើការអភិវឌ្ឍតំបន់មួយចំនួន ឱ្យក្លាយទៅជាតំបន់កម្សាន្តបែបកែច្នៃ និងធម្មជាតិ ជាពិសេសតំបន់ដែលស្ថិតនៅជាប់មាត់ព្រែក ជាប់សមុទ្រ និងតំបន់ក្បែរជើងភ្នំ។ ជាមួយនឹងសកម្មភាពដែលកំពុងអភិវឌ្ឍន៍ រួមជាមួយនឹងគម្រោងថ្មីបន្តបន្ទាប់ទៀត មិនយូរមិនឆាប់ខេត្តកំពត នឹងក្លាយទៅជាទីតាំងគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយភាពជាក់មិនខាន។
លោក សន សៀប បានបន្តទៀតថា “ពីមួយថ្ងៃទៅមួយថ្ងៃ កំណើននៃចំនួនទេសចរនៅខេត្តកំពត និងកែប គឺកើនជាប្រចាំ ព្រោះជះឥទ្ធិពលមកពីក្រុងព្រះសីហនុ ដែលកំពុងអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងអគារនានាផងដែរនោះខេត្តកំពត ងាយស្រួលក្នុងការធ្វើដំណើរ និងមានភាពអំណោយផលពីធម្មជាតិ គឺជាជម្រើសដ៏ល្អសម្រាប់ទេសចរកម្សាន្ត។ ដូច្នេះបានន័យថា ខេត្តកំពតមានសក្ដានុពលខ្លាំង ទៅលើការអភិវ ឌ្ឍវិស័យទេសចរណ៍ ហើយក៏ស័ក្តិសមទៅនឹងការអភិវឌ្ឍ វិស័យលំនៅដ្ឋានបែបលំហែរកាយផងដែរ”។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ និងអភិវឌ្ឍន៍វិស័យលំនៅដ្ឋាន លោកឧកញ៉ា នួន រិទ្ធី បានលើកឡើងថា ខេត្តកំពត ជាគោលដៅទេសចរណ៍ និងមានសក្ដានុពលខាងផ្នែកឧស្សាហកម្ម និងកសិកម្ម ជាងបណ្តាខេត្តមួយចំនួនដែលមានព្រំប្រទល់ជាប់គ្នា។
លោកឧកញ៉ាបានបន្តទៀតថា “វិស័យលំនៅដ្ឋានទូទៅនៅក្នុងខេត្តមួយនេះ ហាក់មិនសូវមានតម្រូវការខ្ពស់នោះទេ ប៉ុន្តែបើនិយាយពីការអភិវឌ្ឍលំនៅដ្ឋានបែបលំហែរកាយកម្សាន្តនៅតំបន់កម្សាន្តមួយចំនួនអាចមានតម្រូវការ ដែលនឹងជួយជំរុញតម្លៃដីនៅក្នុងខេត្តមួយនេះឱ្យមានភាពល្អប្រសើរ និងមានកំណើនជាបន្តបន្ទាប់”។ លោកបានបញ្ជាក់ថា “បើទោះជាតម្រូវការលំនៅដ្ឋានទូទៅនៅក្នុងខេត្តកំពត ហាក់មានភាពតិចតួច ប៉ុន្តែការអភិវឌ្ឍខេត្តនេះលឿន ឬឆាប់ គឺអាស្រ័យទៅលើសន្ទុះ នៃកិច្ចអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ដូចជាគម្រោងផ្លូវរថភ្លើងល្បឿនលឿន គម្រោងកំពង់ផែទេសចរណ៍ ក៏ដូចជាគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានាជាដើម ដែលទាំងអស់នេះអាចប្រៀបទៅនឹងអាយុជីវិតរបស់ខេត្តទាំងស្រុង”៕