ដោយវុត្ថា
ភ្នំពេញ៖ កន្លងមកនេះ អគ្គនាយកដ្ឋានពន្ធដារ បានបញ្ចប់ការចុះបញ្ជីផ្តល់សេវាពន្ធដារលើការចុះបញ្ជី និងធ្វើបច្ចុប្បន្នភាព ព័ត៌មានអចលនទ្រព្យ ជូនម្ចាស់អចលនទ្រព្យនៅខណ្ឌចំនួន ៩ នៃរាជធានីភ្នំពេញ ខណៈបច្ចុប្បន្ន បាននឹងកំពុងត្រៀមបន្តចុះអនុវត្តការងារ នៅគ្រប់ភូមិសាស្ត្រខណ្ឌនៃរាជធានីភ្នំពេញ។
យោងតាមសេចក្តីប្រកាសព័ត៌មានដែលគេហទំព័រ propertyarea.asia ទទួលបាននៅថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២០ នេះ បង្ហាញថា ខណ្ឌចំនួន ៩ នៃរាជធានីភ្នំពេញ ដែលបានបញ្ចប់ចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ រួមមាន៖ ខណ្ឌចំការមន ខណ្ឌបឹងកេងកង ខណ្ឌទួលគោក ខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌសែនសុខ ខណ្ឌឬស្សីកែវ ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ ។
-->
អគ្គនាយដ្ឋានពន្ធដារពន្យល់ថា ក្រោយពីបានចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យរួចរាល់ ម្ចាស់អចលនទ្រព្យនឹងទទួលបានភាពងាយស្រួលក្នុងការបង់ពន្ធ ដោយគ្រាន់តែប្រើប្រាស់ប័ណ្ណសម្គាល់ការបង់ពន្ធអចលនទ្រព្យ ដើម្បីបង់ពន្ធនៅតាមធនាគារជាដៃគូ ដែលបានចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
លើសពីនេះ អគ្គនាយកដ្ឋានពន្ធដារ នឹងអភិវឌ្ឍកម្មវិធីសម្រាប់ការបង់ពន្ធលើអចលនទ្រព្យតាមរយៈ E-Payment ដើម្បីឱ្យកាន់តែផ្តល់ភាពងាយស្រួលដល់ម្ចាស់អចលនទ្រព្យ ដែលបានចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យរួចរាល់។
អគ្គនាយកដ្ឋានពន្ធដារបាននឹងកំពុងចុះផ្តល់សេវាពន្ធដារលើការចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ ដើម្បីផ្តល់ភាពងាយស្រួល និងច្បាស់លាស់ ជូនម្ចាស់អចលនទ្រព្យក្នុងការបង់ពន្ធលើអចលនទ្រព្យ ។
អគ្គនាយកដ្ឋានពន្ធដារ បញ្ជាក់ថា ការចុះផ្តល់សេវានេះ មានការចូលរួមសហការពីអាជ្ញាធរមូលដ្ឋាន ដោយធ្វើការចុះស្រងស្ថិតិ ថតរូបទីតាំងអចលនទ្រព្យ និងសាកសួរព័ត៌មានមួយចំនួន ដូចជាអត្តសញ្ញាណម្ចាស់អចលនទ្រព្យ អត្តសញ្ញាណអចលនទ្រព្យ និងព័ត៌មានចាំបាច់ផ្សេងៗទៀត ដើម្បីផ្ទៀងផ្ទាត់ព័ត៌មានអចលនទ្រព្យ នៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្ន័យរបស់អគ្គនាយកដ្ឋានពន្ធដារ៕

