ដោយ ដែន ចែងចាំង
ភ្នំពេញ៖ វត្តមានខុនដូនៅកម្ពុជា បានផ្លាស់ប្តូរបែបផែនជីវិតប្រជាជនកម្ពុជា ទៅកាន់សម័យកាលថ្មីមួយ សម្រាប់ស្តង់ដាជីវិត និងធ្វើឲ្យគុណភាពជីវិតកាន់តែប្រសើរឡើង។
យោងតាមការសិក្សារបស់ក្រុមហ៊ុន Vtrust Appraisal ដែលបានបញ្ចប់និងផ្សព្វផ្សាយកាលពីពេលថ្មីៗនេះបានឲ្យដឹងថា ចំនួនខុនដូនៅរាជធានីភ្នំពេញមានចំនួន១៦០ទីតាំង ក្នុងនោះ៣៣ទីតាំងបានបញ្ចប់និងដាក់ចូលទីផ្សារ ដែលធ្វើឲ្យចំនួនខុនដូនៅរាជធានីភ្នំពេញកើនដល់៦០៥០០យូនីត ក្នុងនោះ៨៧០០យូនីតបាននិងកំពុងប្រើប្រាស់ឬបញ្ចប់។ ក្រៅពីរាជធានីភ្នំពេញ នៅខេត្តព្រះសីហនុមានខុនដូចំនួនសរុបកើនដល់១៥គំរោង និងមានផ្ទះប្រមាណ៥០០០យូនីត ដែលភាគច្រើននៃខុនដូទាំងនោះកំពុងសាងសង់។
-->

ការសិក្សាដដែលបានរកឃើញថា នៅឆ្នាំ២០១៧ខុនដូចំនួន១៨,០០០យូនីត ត្រូវបានប្រកាសលក់ក្នុងទីផ្សារជាតិ និងអន្តរជាតិ ខណៈឆ្នាំ២០១៦មានខុនដូ ចំនួន១៤,០០០យួនីតប៉ុណ្ណោះបានប្រកាសលក់។ ផ្ទុយពីនេះ ការលក់ខុនដូនៅឆ្នាំ២០១៧នេះ គិតជាមធ្យមក្នុងមួយខែលក់បាន១០០យូនីត ខណៈឆ្នាំ២០១៦ចំនួននៃការលក់មានរហូតដល់៣៨០យូនីតក្នុងមូយខែ។
ខុនដូមួយបន្ទប់គេងមានតម្លៃចន្លោះពី៦០,០០០ ទៅ១០០,០០០ដុល្លារ ខុនដូពីបន្ទប់គេងមានតម្លៃចន្លោះពី១៣០,០០០ទៅ១៥០,០០០ដុល្លារ និងខុនដូបីប ន្ទប់គេងមានតម្លៃចន្លោះពី២៥០,០០០ទៅ៣០០,០០០ដុល្លារអាមេរិក។

ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន World Bridge Group លោកឧកញ៉ា សៀ រិទ្ឋីដែលវិនិយោគសាងសង់ខុនដ The Bridge , The PeAk និងគំរោងដទៃទៀតបានថ្លែងថា អ្នករស់នៅតាមខុនដូជាមនុស្សស៊ីវិល័យ ពួកគេមិនមានពេលវេលាច្រើនទេ ពួកគេត្រូវការកន្លែងមួយ ដែលផ្តល់សេវាកម្មជាកញ្ចប់ឬសេវាកម្មចម្រុះដល់ពួកគេ ដែលមានរួមបញ្ចូលនូវផ្សារទំនើប ការិយាល័យ មន្ទីរពេទ្យកន្លែងធ្វើការងារ និងសេវាកម្មសម្រាប់ជាមូលដ្ឋានចាំបាច់ប្រចាំថ្ងៃជាច្រើនទៀត។
លោកបន្តថា “ប្រជាជនខ្មែរកាន់តែច្រើនបានទិញខុនដូ និងរស់នៅតាមខុនដូ ដោយសារគំរោងរបស់ខ្ញុំផ្តោតសំខាន់លើអតិថិជនជាជនជាតិខ្មែរ។
អគ្គនាយកក្រុមហ៊ុន Century21 Mekong លោកច្រឹក សុខនីមបានថ្លែងស្រដៀងគ្នាថា និន្នាការទិញខុនដូរបស់ប្រជាពលរដ្ឋខ្មែរ ពិតជាបានកើនឡើងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារពួកគេកាន់តែយល់ពីបែបផែនជីវិតសម័យថ្មី និងភាពស៊ីវិល័យនៃការរស់នៅខុនដូ។
លោកចន ណារិទ្ឋប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ដែលបានទិញខុនដូមួយនៅជិតផ្សារបឹងត្របែកបានដថ្លែងថា ការពិតលោកមានផ្ទះផ្ទាល់ដីរួចហើយ ប៉ុន្តែការសម្រេចចិត្តទិញខុនដូ ដោយសារលោកចង់ផ្លាស់ប្តូរបែបផែនជីវិត និងចង់ដឹងថា តើការរស់នៅខុនដូមានផាសុខភាពដូចម្តេច។
លោកបន្តថា “ខ្ញុំចង់ផ្លាស់ប្តូរបែបផែនជីវិតរបស់ខ្ញុំ ទើបសម្រេចចិត្តទិញខុនដូនេះ និងមួយផ្នែកទុកសម្រាប់កូនរបស់ខ្ញុំទៅថ្ងៃអនាគត”៕










