អ្នកជំនាញៈទីផ្សារអចលនទ្រព្យនៅរាជធានីភ្នំពេញបានធ្លាក់ចុះប្រមាណ៣០ភាគរយ

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ ក្នុងស្ថានភាពកំពុងប្រឈមនឹងការធ្លាក់ចុះកំណើនសេដ្ឋកិច្ច ដែលបណ្តាលមកពីការរាតត្បាតនៃមេរោគ Covid-19 សម្រាប់ទីផ្សារអចលនទ្រព្យ ក៏ដូចជាការទិញ-លក់នៅក្នុងរាជធានីភ្នំពេញ គឺមានភាពស្ងប់ស្ងាត់ ហើយបានធ្លាក់ចុះប្រមាណ៣០ភាគ    រយ។ នេះបើតាមការអះអាងរបស់អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ។

នាយិកាក្រុមហ៊ុនអចលនទ្រព្យ AMATAK Property Service លោកស្រី តាំង ហួរ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ថា ដោយសា​រតែវិបត្តិសេដ្ឋកិច្ចជាសាកល បានជះឥទ្ធិពលមកដល់វិស័យអចលនទ្រព្យកម្ពុជា មួយភាគតូច ដែលក្នុងនោះគិតត្រឹមទីផ្សារនៅក្នុងរាជធានីភ្នំពេញ ការទិញ-លក់ អចលនទ្រព្យ មានការធ្លាក់ចុះប្រមាណ៣០ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំកន្លងទៅ។

លោកបន្តទៀតថា “ចាប់តាំងពីកើតមានបញ្ហា ដែលបណ្តាលមកពីCovid-19 នេះ រាល់ការទិញ-លក់អចលនទ្រព្យនៅភ្នំពេញគឺមានការថមថយ ប៉ុន្តែយើងរំពឹងថា អាចនឹងត្រឡប់មករកភាពល្អប្រសើរឡើងវិញ បន្ទាប់ពីបញ្ហាត្រូវបានដោះស្រាយ និងទប់ស្កាត់ការរាលដាល់នៃមេរោគមួយនេះជោគជ័យខ្ពស់”។ លោកស្រីបន្តទៀតថា “ប្រសិនបើការធ្លាក់ចុះនៃទីផ្សារ និងតម្រូវការអចលនទ្រព្យនៅពេលនេះ មិនមែនកើតមានតែនៅក្នុងរាជធានីភ្នំពេញនោះទេ ពោលគឺស្ទើរគ្រប់បណ្តាខេត្តទាំងអស់ ជាពិសេសខេត្តដែលជាប៉ូលសេដ្ឋកិច្ចសំខាន់ៗមួយចំនួន”។

ប៉ុន្តែគេរំពឹងថា ទិដ្ឋភាពអវិជ្ជមានទាំងអស់នេះ អាចនឹងរលត់បាត់ទៅវិញនៅត្រឹមឆមាសទី២ ចុងឆ្នាំ២០២០នេះ”។

ជាមួយគ្នានេះ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ Century21 Fortuna Investment  លោក វ៉ា វីរៈ បានទទួលស្គាល់នូវការធ្លាក់ នៃទីផ្សារអចលនទ្រព្យនាពេលបច្ចុប្បន្ន ជាពិសេសទៅលើគម្រោងធំៗមួយចំនួន ដែលកមពុងតែទទួលរងនូវផលប៉ះពាល់។

លោកបន្តថា “នៅពេលដែលគម្រោងទិញ- លក់អចលនទ្រព្យធំៗមួយចំនួនមានដំណើរការ វាបានជះឥទ្ធិពលល្អទៅដល់គម្រោងតូចៗ ដែលស្ថិតនៅក្នុងវិស័យរួមគ្នា ប៉ុន្តែប្រសិនបើគម្រោងធំៗជួបវិបត្តិ វាក៏បន្តជះឥទ្ធិពលអវិជ្ជមានដូចគ្នា”។ លោកបានបន្តទៀតថា “គម្រោងវិនិយោគក្នុងវិស័យអចលនទ្រព្យធំៗភាគច្រើន ជាតម្រូវការមកពីក្រៅស្រុក ជាពិសេសជនជាតិចិន ដោយឡែកនៅពេលដែលសេដ្ឋកិច្ចប្រទេសចិនជួបបញ្ហា វានឹងមានឥទ្ធិពលមកដល់កម្ពុជា ជាពិសេសបញ្ហាដែលកម្ពុជា ក៏ដូចជាបណ្តាប្រទេសនានានៅលើសាកលលោកកំពុងតែប្រឈម ហើយនៅមិនទាន់អាចសន្មត់អាចបញ្ហានៅត្រឹមពេលណាឱ្យប្រាកដនៅឡើយនោះទេ”។

លោកបានបញ្ជាក់ថា ភាពប៉ះពាល់ខ្លាំងគឺភាគច្រើន ទៅលើគម្រោងធំៗដែលជាទីផ្សារមកពីក្រៅស្រុក ប៉ុន្តែសម្រាប់ការទិញ-លក់កម្រិតមធ្យម និងក្រោមមធ្យម នៅតែបន្តមានតម្រូវការពីទីផ្សារក្នុងស្រុកដដែល ដែលក្នុងនោះរួមមានដូចជាវិស័យលំនៅដ្ឋានតម្លៃសមរម្យ ដែលប្រជាជនកម្ពុជាកំពុងតែមានតម្រូវខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here