ដោយៈ រ៉ាណេត
ភ្នំពេញៈ ជាមួយនឹងការចូលរួម និងគាំទ្រកំណើនសេដ្ឋកិច្ចកម្ពុជា បច្ចុប្បន្ននេះមានសហគ្រាសធុនតូច និងមធ្យម ចំនួន៥៣ម៉ឺនសហគ្រាស កំពុងតែធ្វើប្រតិបត្តិការលើសង្វាក់ផលិតកម្មនានា ដែលកំពុងតែជួបប្រទះផលលំបាកលើបញ្ហាបច្ចេកទេស ទីផ្សារ និងការគាំទ្រផ្នែកហិរញ្ញវត្ថុ។

-->
ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា លោកឧកញ៉ា តែ តាំងប៉ បានមានប្រសាសន៍កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០កន្លងមកថា សហគ្រាសធុនតូច និងមធ្យម ដែលកពុងប្រតិបត្តិការអាជីវកម្ម ចំនួន៥៣ម៉ឺនសហគ្រាស។
លោកឧកញ៉ាបន្តថា“សេដ្ឋកិច្ចកម្ពុជាសព្វថ្ងៃបានពឹងផ្អែកយ៉ាងខ្លាំងលើពួកគេ ប៉ុន្តែសហគ្រាសធុនតូច និងមធ្យម កំពុងជួបប្រទះបញ្ហាលំបាកជាច្រើន ដូចជាបញ្ហាបច្ចេកទេស បញ្ហាហិរញ្ញវត្ថុ បញ្ហាទីផ្សារ ក៏ដូចជាបញ្ហាសហគ្តិនភាព ដែលជាចំណុះខ្សោយរបស់ពួកគេ”។
លោកឧកញ៉ាបានមានប្រសាសន៍បន្តទៀតថា រយៈពេលកន្លងមកនេះ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានបង្កើតកម្មវិធីជាច្រើនជាមួយដៃគូសហការ ក៏ដូចជាក្រសួងពាក់ព័ន្ធនានា ដើម្បីជំរុញវិស័យសហគ្រាសធុនតូច និងមធ្យម ក៏ប៉ុន្តែនៅតែមានចំណុចជាច្រើនទៀត យើងត្រូវការដៃគូសហការ ក៏ដូចជា រកដំណោះស្រាយបន្ថែមទៀត និងមធ្យម។ អ្វីដែលជាចំណុចដែលសហគ្រាសធុនតូច និងមធ្យមចង់បាន និងត្រូវការបំផុតនោះ គឺការគាំទ្រហិរញ្ញវត្ថុ សង្វាក់ផលិតកម្មរបស់ពួកគេ ប៉ុន្តែពួកគាត់ក៏ត្រូវការចំណេះដឹងផ្នែកហិរញ្ញវត្ថុផងដែរ ដើម្បីអោយប្រភពហិរញ្ញវត្ថុដែលត្រូវទទួលបាននោះ នឹងត្រូវប្រើប្រាស់ទទួលបានប្រសិទ្ធភាព។
ជាមួយនឹងភាពប្រឈម និងមានតម្រូវការចាំបាច់ក្នុងការគាំទ្រផ្នែកហិរញ្ញវត្ថុ ដើម្បីជួយជំរុញឱ្យវិស័យសហគ្រាសធុនតូច និងមធ្យម មានដំណើរការដោយរលូន និងចូលរួមជួយដល់កំណើនសេដ្ឋកិច្ចជាតិកម្ពុជា ធនាគារចិនដ៏ធំព្រីនស៍ បានចូលខ្លួនសហការយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម ដោយការចុះអនុស្សារណៈយោគយល់ ដោយធ្វើការបង្កើនការយល់ដឹងបន្ថែមលើ ការគ្រប់គ្រងហិរញ្ញវត្ថុ ការប្រើប្រាស់ធនធានហិរញ្ញវត្ថុ ឲ្យមានប្រសិទ្ធភាព ជាពិសេសនោះក៏ធ្វើការសហការ ដើម្បីទាញយកប្រភពហិរញ្ញវត្ថុពីខាងក្រៅបន្ថែមទៀត៕