Hattha top Banner

វិភាគ៖ ប្រព័ន្ឋការពារសង្គមជាការក្រាលផ្លូវឆ្ពោះទៅកាន់សុខដុមនីយកម្មរបស់កម្ពុជា

0

ដោយលាងគង់ យិន ស្ថាបនិកគេហទំព័រ Propertyarea.asia

ភ្នំពេញប្រព័ន្ឋការពារសង្គម ឬសំណាញ់សុវត្ថិភាពសង្គមបាននិងកំពុងក្លាយវិថីមាសមូល ដែលជាយុទ្ឋសាស្រ្តដ៏មុតស្រួចរបស់រដ្ឋាភិបាល ដើម្បីនាំប្រទេសនេះទៅកាន់ឋានៈ ជាប្រទេសមានប្រាក់ចំ ណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

ការកើនឡើងនូវផលទុនជាតិសរុប និងប្រាក់ចំណូលដែលរកបានដោយ​រដ្ឋាភិបាល បាននិងកំពុងធ្វើឲ្យរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាន់តែមានលទ្ឋភាពចំណាយលើការវិនិយោគសាធា​រណៈលើប្រព័ន្ឋហេដ្ឋា​រចនាសម្ព័ន្ឋ និងវិនិយោគលើមនុស្ស តាមរយៈការដាក់ចេញ​នូវប្រព័ន្ឋគាំពារសង្គ​មមួយ ដែលមានភាពរ៉ឹងមាំ និងកក់ក្តៅសម្រាប់ប្រជាជនប្រទេសមួយនេះ។

ការផ្លាស់ប្តូរប្រទេសចេញពីភាពក្រីក្រ

ជាមួយនឹងផែនការ គោលនយោបាយ និងយុទ្ឋសាស្រ្តច្បាស់លាស់ រដ្ឋាភិ​បាលកម្ពុជាបាន និងកំពុងនាំកម្ពុជាទៅកាន់វិបុលភាពមួយ។ ជាក់ស្តែងកាលពីឆ្នាំ២០១៦ ធនាគារពិភពលោកបានចេញរបាយការណ៍វាយតម្លៃ និងចាត់ចំណាត់ថ្នាក់ថ្មីដល់កម្ពុជា ដែលចាកចេញពីប្រទេសកំពុងអភិវឌ្ឍន៍តិចតួច មកកាន់ប្រទេ​សមានប្រាក់ចំណូលមធ្យមកម្រិតទាប។

ប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប សំដៅដល់ប្រទេសដែលប្រ​ជា​ជនម្នាក់ៗ មានប្រាក់ចំណូលប្រមាណ១០៣០ដុល្លារ ដល់៤៨០០ដុល្លារអា​មេរិកក្នុងមួយឆ្នាំ។​

ធនាគារអភិវឌ្ឈន៍អាស៊ីក៏បានហៅកម្ពុជា “ជាខ្លាសេដ្ឋកិច្ច” ថ្មីមួយក្នុងតំបន់ ដោយសារប្រទេសនេះ សម្រេចបានកំនើនសេដ្ឋកិច្ច៧,៧ភាគរយ ក្នុងរយៈពេល ជាងពីរទសវត្សរ៍ ហើយជាប្រទេសឯកគ្គករកំនើនមួយ ក្នុងចំណោមប្រទេសដែល​មានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅក្នុងពិភពលោក។

ជាមួយនឹងកាលានុវត្តន៍ភាពមាសនេះ រាជរដ្ឋាភិបាលបានវិភាគថវិកាចូល​ដល់សង្គមយ៉ាងច្រើន ពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ឋ ដើម្បីសម្រួលការតភ្ជាប់ ប្រជាជនពីតំបន់មួយទៅតំបន់មួយ បង្ខិតទីក្រុងកាន់តែកៀកនឹងតំបន់ជន​បទ ជាក់ស្តែងអត្រាភាពក្រីក្របានថយចុះពីជាង៥០ភាគរយ នៅដើមទសវត្សរ៍ឆ្នាំ១៩៩០ មកនៅក្រោម១០ភាគរយនាពេលបច្ចុប្ប​ន្ននេះ។

មហិច្ឆតា

ឆ្នាំ២០១៧កន្លងមក ផលទុនជាតិសរុបរបស់ជាតិ បានកើនឡើងដល់ជាង​២០ពាន់លានដុល្លារអាមេរិក ហើយប្រាក់ចំណូលប្រជាជនម្នាក់ៗបានកើនពី១៣០២ដុល្លារកាលពីឆ្នាំ២០១៦ ដល់១៤៣៥ដុល្លារអាមេរិកក្នុងមួយឆ្នាំ និងកើនឡើងដល់១៩០០ដុល្លារ សម្រាប់មនុស្សម្នាក់ក្នុងមួយឆ្នាំនៅឆ្នាំ២០២០។

កំនើនប្រាក់ចំណូល ដោយសារកំនើនសេដ្ឋកិច្ច តាមរយៈការដាក់ចេញនូវ​យុទ្ឋសាស្រ្តគៀងគរចំណូលស៊ីជម្រៅ ជាលទ្ឋផលឆ្នាំ២០១៧ក្រសួងសេដ្ឋកិច្ចរក​ចំណូលជូនជាតិបានជិត៥០០០លានដុល្លារអាមេរិក ដែលធ្វើឲ្យរដ្ឋាភិបាលអាច​មានលទ្ឋភាពចំណាយចរន្តដោយខ្លួនឯងបាន និងអាចមានលទ្ឋភាពចំណាយពីរភាគបីនេះការចំណាយលើការវិនិយោគសាធារណៈ។

ជាមួយនឹងលទ្ឋភាពនៃការចំណាយកាន់តែច្រើន និងមានគោលដៅពង្រីក សក្តានុពល និងនាំកម្ពុជាទៅកាន់ឋានៈថ្មីមួយទៀត រាជរដ្ឋាភិបាលបាននិងកំពុង​ដាច់ចេញនូវគោលនយោបាយ និងផែនការយុទ្ឋសាស្រ្តជាច្រើនទៀត ដើម្បីនាំកម្ពុជា ទៅកាន់ឋានៈជាប្រទេសមានប្រាក់ចំណូលមធម្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ខាងមុខ។

តាមការចាត់ចំណាត់ថ្នាក់របស់ធនាគារពិភពលោកបានឲ្យដឹងថា ប្រទេស​មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ គឺសំដៅដល់ប្រជាជនអាចរកប្រាក់ចំណូលបានចន្លោះពី៤៨០០ដុល្លារ ដល់១២០០០ដុល្លារ និងប្រទេសមាន​ប្រាក់ចំណូលកម្រិតខ្ពស់ សំដៅដល់ប្រជាជនមានប្រាក់ចំណូល ​ចាប់ពី១២០០០ដុល្លារឡើងទៅក្នុងមួយឆ្នាំ។

សេដ្ឋវិទូនានាបានយល់ស្រប និងជឿលើអ្វីដែលរាជរដ្ឋាភិបាលបានដាក់ចេញ។

ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ លោកបណ្ឌិតម៉ី កល្យាណ​បានថ្លែងថា សេដ្ឋកិច្ចកម្ពុជានៅតែរក្សាបានកំនើនល្អប្រសើរ សម្រាប់រយៈពេល​មធម្យមខាងមុខ ព្រោះវិស័យស្នូលដែលជម្រុញកំនើនសេដ្ឋកិច្ច នាពេលបច្ចុប្បន្ននេះនៅតែមានភាពរ៉ឹងមាំ ដែលអាចនាំកម្ពុជាទៅកាន់គោលដៅ ដែលបានដាក់ចេញដោយរដ្ឋាភិ​បាល។

លោកបន្តថា “ក្រុមសេដ្ឋវិទូរបស់រដ្ឋាភិបាល ពួកគេមានសមត្ថភាពជំនាញខ្ពស់ ហើយខ្ញុំជឿថា ការព្យាករណ៍របស់ពួកគេមានលក្ខណៈវិទ្យាសា​ស្រ្ត និងអាចទុកចិត្តបាន”។

ការស្រោចស្រព

ការឆ្ពោះទៅកាន់គោលដៅ ដែលបានដាក់ចេញដោយប្រមុខរដ្ឋាភិបាល ប្រសិនជាគ្មានការវិភាជន៍ថវិកាច្បាស់លាស់ និងត្រឹមត្រូវទេ ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋក៏មិនកើនឡើងដែរ។ ជាក់ស្តែងរាជរដ្ឋាភិបាលបានកំណត់ប្រាក់ខែ​មន្រ្តីរាជការថ្នាក់ទាបបំផុត ឲ្យទទួលបានប្រាក់១លានរៀល នៅដំណាច់ឆ្នាំនេះ។

ជាមួយគ្នានេះប្រាក់ខែអប្បបរិមារបស់កម្មករ និយោជិតបានកើនឡើងដល់១៧០ដុល្លារនៅឆ្នាំនេះ និងប្រព័ន្ឋការពារសង្គមដែលបានដាក់ចេញ ពិតជាអាច ​ឲ្យប្រជាពលរដ្ឋមានលទ្ឋភាពសន្សំប្រាក់ និងលទ្ឋភាពចំណាយកាន់តែច្រើន ដែល​ធ្វើឲ្យចរន្តសេដ្ឋកិច្ចកាន់តែរសរវើកឡើង។

នៅពេលមន្រ្តីរាជការ កម្មករ និយោជិតក្នុងប្រព័ន្ឋ និងក្រៅប្រព័ន្ឋមានចំណូ​លកើនឡើង ពួកគេនឹងចំណាយកាន់តែច្រើនលើជីវភាពប្រចាំថ្ងៃ ដែលធ្វើឲ្យកំលាំងទិញក្នុងទីផ្សារកើនឡើង។

នៅពេលកំលាំងទិញកើនឡើង ជាស្វ័យប្រវត្តិប្រាក់ទាំងអស់នោះ នឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរសរវើក ហើយប្រជាពលរដ្ឋ​នឹងទទួលបានចំណូលប្រកបដោយសមធ៌មទាំងអស់គ្នា (ចំណូលទទួលបានអា​ស្រ័យលើលទ្ឋភាព និងសមត្ថភាពរបស់បុគ្គលនិមួយៗ)។

ជាស្វ័យប្រវត្តិ ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋនឹងកើនឡើងគ្រប់គ្នា ដោយមិនអាចបដិសេធបាន គ្រាន់តែចំណូលទទួលបានតិចឬច្រើន អាស្រ័យលើធន​ធាន សមត្ថភាព និងលទ្ឋភាពរបស់ពួកគេ។

ការកសាងសុខដុមនីយកម្ម

ជាមួយនឹងការបង្កើនប្រាក់បៀរវត្សរ៍មន្រ្តីរាជការ កម្មករ និយោជិត និងកម្ម​ករក្រៅប្រព័ន្ឋបាន និងកំពុងទទួលបានផលប្រយោជន៍ ពីសេវាសាធារណៈដែល​ផ្តល់ជូនពីរដ្ឋាភិបាលដោយឥតគិតថ្លៃ តាមរយៈបេឡាជាតិរបបសន្តិសុខសង្គម របស់ក្រសួងការងារ សេវាមូលនិធិសមធ៌ម ទទួលការព្យាបាលដោយឥតគិតថ្លៃ​របស់ក្រសួងសុខាភិបាល។

អ្វីកាន់តែពិសេសទៀតនោះ រាជរដ្ឋាភិបាលបានដកចេញជាច្រើននូវសេវាកម្មមិនចបាច់មួយចំនូន ដោយយកថវិកាពីរដ្ឋ ទៅសងវិស័យឯកជន ដូចជា ការលើកលែងការបង់ថ្លៃឆ្លងកាត់ផ្លូវជាតិលេខ៤ ការលើកលែងការបង់ថ្លៃស្ពានកោះ​កុង ការលើកលែងការបង់ថ្លៃស្ពានព្រែកព្នៅ លើកលែងការបង់ថ្លៃផ្លូវឡើងភ្នំបូក​គោ ការលើកលែងមិនយកពន្ឋលើទោ​ចក្រយានយន្តជាដើម។

លើសពីនេះ ប្រមុខរដ្ឋាភិបាលក៏បានផ្តល់ឲ្យស្រ្តីមានផ្ទៃពោះ ជាកម្មករ និ​យោជិត ដែលសម្រាលកូនមួយ (ទោះរស់ឬស្លាប់)ទទួលបានប្រាក់៤០ម៉ឺនរៀលសម្រាប់កូនមួយ កូនភ្លោះពីរបាន៨០ម៉ឺនរៀល កូនភ្លោះបីទទួលបាន១,២លាន​រៀល និងផ្តល់សេវាពិនិត្យដល់ក្រុមជនងាយរងគ្រោះជាច្រើនទៀតផងដែរ។

លើសពីនេះកម្មករ និយោជិតក៏នឹងទទួលបានប្រាក់ចូលនិវត្តន៍នៅពេលពួកគេឈានចូលវ័យចូលនិវត្សរ៍ពីការងារផងដែរ។ នេះជាអ្វីដែលរដ្ឋាភិបាលបាន​ននិងកំពុងគិតគូ ដើម្បីជួយក្រុមងាយរងគ្រោះ និងប្រជាជនមានប្រាក់ចំណូលទាប និងមធ្យមកម្រិតទាប ឲ្យចាកផុតពីភាគក្រីក្រ និងមានគុណភាពជីវិតកាន់តែប្រសើរឡើង។

មិនត្រឹមតែកម្មករ និយោជិតក្នុងប្រព័ន្ឋទេ កម្មករនិយោជិត ក្រៅប្រព័ន្ឋក៏កំ​ពុងទទួលបានអត្ថប្រយោជន៍ផងដែរ ពីរបបបេឡាជាតិសន្តិសុខសង្គម ហើយ​ប្រមុខរដ្ឋាភិបាលកម្ពុជាបាន និងកំពុងពិចារណាផ្តល់ប្រាក់២០ម៉ឺនរៀលសម្រាប់ស្រ្តីសម្រាលកូននៅទូទាំងប្រទេសនាពេលអនាគតផងដែរ។

តាមរយៈមូលដ្ឋានសេដ្ឋកិច្ចដ៏រ៉ឹងមាំ ដូចជា វិស័យវាយណភ័ណ្ឌកាត់ដេរ វិស័យទេសចរណ៍ វិស័យកសិកម្ម វិស័យឧស្សាហកម្ម និងវិស័យអចលនទ្រព្យ វិស័យថ្មីមួយ ដែលជាធនធានធម្មជាតិរបស់កម្ពុជា នោះគឺប្រេងកាតកម្ពុជានឹងអាច​ទទួលបានដំណក់ប្រេងតំបូងនៅចុងឆ្នាំ២០១៩ ឬដើមឆ្នាំ២០២០ខាងមុខ នឹងធ្វើ​ឲ្យរដ្ឋាភិបាលមានលទ្ឋភាពកាន់តែច្រើន ក្នុងការវិនិយោគសាធារណៈ ពិសេស​សុខមាលភាពសង្គម ដើម្បីនាំប្រទេសនេះទៅកាន់វិបុលភាព និងភាពរ៉ុងរឿងនា​ពេលអនាគត។

ហេតុនេះការដាក់ចេញនូវប្រព័ន្ឋគាំពារសង្គម នឹងនាំកម្ពុជាទៅកាន់ភាពរ៉ុង​រឿង ហើយស្នាមញញឹមជាថ្មីបាន និងកំពុងលេចឡើងលើផ្ទៃមុខរបស់ប្រជាជនកម្ពុជាជាថ្មី បន្ទាប់ពីពួកគេរងទឹកភ្នែកអស់រយៈពេលជាច្រើនទសវត្សរ៍។

ដូច្នេះការ​ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ជារឿងសំខាន់មិនអាចខ្វះបាន ដែលប្រជាជនកម្ពុជាទាំងអស់ត្រូវចូលរួម និងថែររក្សាឲ្យបាន ដើម្បី​នាំនាវាកម្ពុជាទៅកាន់ភាពជាអរិយប្រទេស ដែលសម្បូរដោយភោគទ្រព្យ និងសុខដុមនីយកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here