ដោយៈ រ៉ាណេត
ភ្នំពេញៈ ស្ថិតនៅក្នុងស្ថានភាពដែលកំពុងប្រឈម ជាមួយនឹងការរាតត្បាតនៃជំងឺរលាកផ្លូវដង្ហើមដោយសារមេរោគ Covid-19 សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើដល់បណ្តាក្រុមហ៊ុនលក់លំនៅដ្ឋាន ទៅឱ្យកម្មករដោយការបង់រំលោះ ជួយអនុគ្រោះ និងពន្យាពេលក្នុងបង់ប្រាក់ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។

-->
សម្ដេចតេជោ ហ៊ុន សែន នៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ៥៥ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០ កាលពីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ បានស្នើសុំដល់បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍ និងលក់លំនៅដ្ឋានដោយកាតបង់រំលោះ ជួយសម្រួល និងពន្យាពេលក្នុងការបង់ប្រាក់សម្រាប់អតិថិជន ដែលកំពុងប្រឈមនឹងការព្យួរការងារ ជាពិសេសសម្រាប់អតិថិជនដែលជាកម្មករ-កម្មការិនី និងអ្នកបម្រើការងារនៅតាមផ្ទះសំណាក់ និងសណ្ឋាគារជាដើម។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “សុំឱ្យម្ចាស់បុរី ឬម្ចាស់ផ្ទះ ដែលលក់ផ្ទះបង់រំលោះឱ្យកម្មករ និងអ្នកដែលមានការងារធ្វើនៅតាមសណ្ឋាគារនានា ឬតាមរោងចក្រនានាដែលត្រូវព្យួរការងារនេះ ពន្យាការបង់ កុំផ្ដាច់កុងត្រាក្នុងរយៈពេលហ្នឹង…ព្រោះ បើតាមដឹង… អាកុងត្រាសម្រាប់បង់រំលោះនេះ…កាលណា ពេលណាមួយមិនបានបង់ឱ្យគេក្នុងរយៈពេលប៉ុន្មាន គឺគេផ្ដាច់កុងត្រាតែម្ដង ហើយដេញយើងចុះពីផ្ទះ…ចឹងទេ សុំឱ្យមានការយោគយល់ទៅលើបញ្ហានេះ”។
នៅក្នុងភាពប្រឈមនៃវិបត្តិមេរិគ Covid-19 សម្ដេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញនូវវិធានការបន្ទាន់ ដើម្បីចូលរួមជួយសម្រួលដល់ទីផ្សារអចលនទ្រព្យ និងសំណង់ផងដែរ ដោយការរាល់ទិញអចលនទ្រព្យ ដែលមានតម្លៃក្រោម៧ម៉ឺនដុល្លារចុះក្រោម នឹងទទួលបានការរួចផុតពីការបង់ពន្ធប្រថាប់ត្រា ក្នុងរយៈពេលពេញមួយឆ្នាំផងដែរ៕