ដោយវុត្ថា
ព្រះសីហនុៈ សណ្ឋាគារ JIN BEI PALACE HOTEL ដែលមានតម្លៃវិនិយោគប្រមាណ ១៨០លានដុល្លារអាមេរិក បានសម្ពោធដាក់អោយដំណើរការ សាកល្បងនៅក្នុងក្រុងព្រះសីហនុក្រោមអធិបតីភាព លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។
ដោយវុត្ថា
ព្រះសីហនុៈ សណ្ឋាគារ JIN BEI PALACE HOTEL ដែលមានតម្លៃវិនិយោគប្រមាណ ១៨០លានដុល្លារអាមេរិក បានសម្ពោធដាក់អោយដំណើរការ សាកល្បងនៅក្នុងក្រុងព្រះសីហនុក្រោមអធិបតីភាព លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។
យោងរបាយការណ៍របស់សណ្ឋាគារ JIN BEI PALACE HOTEL នៅថ្ងៃទី ៩ ខែមីនា ឆ្នាំ២០២០នេះបានបង្ហាញថា សណ្ឋាគារJIN BEI PALACE HOTEL ជាសណ្ឋាគារប្រណិតមាន១៩២បន្ទប់ ត្រូវបានអ្នកជំនួញជនជាតិចិន នៃក្រុមហ៊ុនជីនប៉ី គ្រុប បានបោះទុនវិនិយោគរួមគ្នា ក្នុងទឹកប្រាក់ប្រមាណ១៨០លានដុល្លាអាមេរិក នៅក្រុងព្រះសីហនុ និងបានផ្តល់ការងារដល់ប្រជាពលរដ្ឋកម្ពុជារាប់ពាន់កន្លែង ។
ខេត្តព្រះសីហនុនាដើមឆ្នាំ២០២០នេះ បាននិងកំពុងតែបង្ហាញពីភាពល្អប្រសើរជាបណ្តើរៗវិញហើយ បន្ទាប់ពីជួបភាពអាប់អួរកាលពីពាក់កណ្តាលឆ្នាំ២០១៩កន្លងទៅ ជាពិសេសក្រោយពេលរដ្ឋាភិបាល បានខិតខំស្ដារនូវហេដ្ឋារចនាសម្ព័ន្ពនានា នៅទូទាំងខេត្ត រួមជាមួយនឹងយុទ្ធសាស្ត្រ ក្នុងការទាក់ទាញវិនិយោគិនអន្តរជាតិ មកបន្ថែមទៀតជាពិសេសលើវិស័យសណ្ឋាគារ ។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រីឆាយ ស៊ីលីនបានថ្លែងថាសម្រាប់ពេលដ៏ខ្លីឆាប់ៗខាងមុខនេះ ជាពិសេសក្រោយពេលយុទ្ធនាការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូទាំងខេត្តត្រូវបានបញ្ចប់ ហើយគម្រោងសាងសង់សំណង់ធំៗបានសាងសង់រួចរាល់ជាស្ថាពរ ជាពិសេសសណ្ឋាគារនោះ នឹងមានកំណើនទេសចរណ៍អន្តរជាតិចូលមកស្នាក់នៅ និងកម្សាន្តក្នុងរយៈពេលវែងយ៉ាងប្រាកដ។
រាជរដ្ឋាភិបាល កម្ពុជា កំពុងតែអោយក្រុមហ៊ុនជំនាញបរទេស ធ្វើការសិក្សាលម្អិត និងរៀបចំផែនការមេ សម្រាប់ធ្វើការអភិវឌ្ឍខេត្តព្រះសីហនុ អោយក្លាយទៅជាមជ្ឈមណ្ឌលនៃសេដ្ឋកិច្ចពិសេសពហុបំណង ដូចគ្នាទៅនឹងទីក្រុងពាណិជ្ជកម្មពិសេស សិនជិន ប្រចាំនៅប្រទេសចិន។
ខេត្តព្រះសីហនុត្រូវបានប្រសិទ្ធនាមថាជា តារារៈនាទិសនិរតី ជាមួយនឹងសន្ទុះនៃការអភិវឌ្ឍដ៏ខ្លាំងក្លា និងប្រកបដោយចីរភាព ជាពិសេសការវិនិយោគលើវិស័យអចលនទ្រព្យ រួមមានមជ្ឈមណ្ឌលពាណិជ្ជកម្ម អគារស្នាក់នៅរួម សណ្ឋាគារ មណ្ឌលកំសាន្ត ។ ល។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ខេត្តព្រះសីហនុជាប៉ូលអភិវឌ្ឍ ជាតិប្រកបដោយ ចីរភាព នៅតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈ ការអភិវឌ្ឍទីក្រុងទំនើប រមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក និងជាតំបន់ សេដ្ឋកិច្ចពិសេសគំរូពហុបំណង ។
ខេត្តព្រះសីហនុ គឺជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រដ៏ទាក់ទាញ ពោរពេញដោយសក្តានុពលដ៏សម្បូរបែប ហើយការកម្សាន្តនៅឆ្នេរសមុទ្រ ប្រៀបបានដូចជាការថែរក្សា និងបង្កើនសុខភាព និងភាពរឹងមាំនៃសរីរាង្គរបស់មនុស្ស៕