លោកឧបនាយករដ្ឋមន្ត្រីៈអ្នកបច្ចេកទេសសាងសង់ និងមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវគោរពច្បាប់សំណង់

0

ដោយៈ រ៉ាណេត

កំពតៈ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានលើកទឹកចិត្ត និងជំរុញឱ្យបណ្តាវិស្វករ ក្រុមហ៊ុនសាងសង់សំណ​ង់ ព្រមទាំងមន្ត្រីជំនាញដែលពាក់ព័ន្ធ ត្រូវតែប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងគោរ​ពច្បាប់សំណង់ជាគោល ជាជាងការគោរពតាមបញ្ជារបស់អ្នកមានលុយ ឬម្ចាស់គម្រោងប្រើខុសពីបច្ចេកទេស។

នៅក្នុងឱកាសបើកសម្ពោធការដ្ឋានសាងសង់ គម្រោងអភិវឌ្ឍន៍លំនៅដ្ឋាននៅលើភ្នំបូកគោ (កំណប់ឋានសួក៌) កាលពីចុងសប្ដាហ៍កន្លងទៅថ្មីៗនេះ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានធ្វើការក្រើនរំលឹកសាជាថ្មីម្ដងទៀត ទៅដល់បណ្តាស្ថាបត្យករ វិស្វករ ក្រុមហ៊ុនម៉ៅការសាងសង់ ជាពិសេសមន្ត្រីជំនាញដែលពាក់ព័ន្ធទាំងអស់ ចាំបាច់ត្រូវតែគោរព និងអនុវត្តទៅតាមច្បាប់សំណង់ ដែលក្រសួងបានដាក់ចេញ ជៀសវាងធ្វើតាមការបង្គាប់បញ្ជាពីសំណាក់ម្ចាស់គម្រោង ដែលជាអ្នកមានលុយ ដែលប្រាស់ចាកពីច្បាប់កំណត់។

លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា “គ្រប់ការដ្ឋានសាងសង់ នៅពេលមន្ត្រីក្រសួ​ងឬមន្ទីរចុះឆែក បើអត់មានច្បាប់សំណង់ទេ ព្រះរាជអាជ្ញាត្រូវចេញដីកាឃាត់ភ្លាម”។ លោកបន្តថា “ជាងនេះទៅទៀត អ្នកសាងសង់ ត្រូវរក្សានូវផែនការ គឺសាងសង់គោរពតាមប្លង់គោល ប្លង់នគររូបនីយកម្ម មិនត្រូវសង់លើផ្លូវ ប្រឡាយទឹក សង់មិនគោរព ទៅតាមបទដ្ឋានបច្ចេកទេស សង់អត់មានវិស្វករ ស្ថាបត្យករ នៅប្រចាំការដ្ឋាននោះទេ”។

ដោយឡែកសម្រាប់អ្នកសាងសង់ទាំងអស់ ត្រូវគោរពបទដ្ឋានបច្ចេកទេសសាងសង់ កុំស្តាប់បញ្ជាអ្នកមានលុយប្រើឱ្យសង់ ព្រោះពេលមានរឿង អ្នកទទួលការងារសាងសង់នោះហើយជាអ្នកដែលប្រឈមជាងគេ។

លោកបានមានប្រសាសន៍បន្តទៀតថា ក្រោយពេលមានច្បាប់សំណង់ ក្រសួងបា​ននឹងកំពុងធ្វើការផ្សព្វផ្សាយដល់វិស្វករ ស្ថាបត្យករបានចំនួន៣០០០នាក់ និងក្រុមហ៊ុនសាងសង់ជាង១២០០ ដើម្បីឲ្យមកចូលរួមស្តាប់ និងចេញវិញ្ញាបនបត្រឲ្យហើយនៅពេលចុះទៅឆែក បើមិនបានរៀនច្បាប់សំណង់ទេ គឺអាជ្ញាធរមានសមត្ថ កិច្ច ត្រូវធ្វើការឃាត់ខ្លួនភ្លាម។ ការចូលរួមស្តាប់ និងសិក្សាស្តីពីច្បាប់សំណង់ជារឿងចាំបាច់ ព្រោះក្រសួងនឹងធ្វើការរឹតបន្តឹងលើការសាងសង់កាន់តែខ្លាំង ដើម្បីធានាដល់គុណភាព សុវត្ថិភាព សោភ័ណភាព ការការពារខាតបង់ដល់ទ្រព្យសម្បត្តិ និងអាយុជីវិត។

ពាក់ព័ន្ធទៅនឹងការគោតព និងអនុវត្តច្បាប់សំណង់ សម្រាប់អ្នកដែលទទួលខុសត្រូវទៅលើការគ្រប់គ្រងការដ្ឋាន ដែលផ្តោតសំខាន់ទៅលើគុណភាពសំណង់ ដែលហៅថាវិស្វករ គឺជាអ្នកដែលមានជំនាញច្បាស់លាស់ មានវិជ្ជាជីវៈ និងក្រមសីលធម៌ ដែលមានភារកិច្ចត្រួតពិនិត្យគ្រប់ផ្នែក នៃសំណង់ឱ្យប្រាកដកថាមានភាពល្អប្រសើរ ស្របតាមគោ​លការណ៍ច្បាប់ ដែលទាំងអស់នេះក៏ជាការចូលរួម ក្នុងការជួយពង្រឹងច្បាប់សំណង់ផងដែរ ហើយសកម្មភាពទាំងអស់នេះក៏ត្រូវតែយកចិត្តទុកដាក់អនុវត្តជាបន្តបន្ទាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here