អ្នកជំនាញ ៖ វិស័យអចលនទ្រព្យកម្ពុជានឹងទទួលរងផលប៉ះពាល់ខ្លាំង ប្រសិនបើ Covid-19 អូសបន្លាយដល់ឆមាសទី២ ឆ្នាំ២០២០

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ នៅពេលនិយាយពីវិស័យសេដ្ឋកិច្ច និងទីផ្សារអចលនទ្រព្យនៅកម្ពុជាមានស្ថានភាពបែបណានោះ ត្រូវបានអ្នកជំនាញនៅក្នុងវិស័យនេះលើកយកបញ្ហាជំងឺ Covid-19 មកធ្វើជាលក្ខខណ្ឌចម្បង។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ KW Cambodia និងជានាយកគ្រប់គ្រងក្រុមហ៊ុន Khmer Real Estate លោកឧកញ៉ាបណ្ឌិត គឹម ហ៊ាង បានមានប្រសាសន៍កាលពីចុងសប្ដាហ៍កន្លងទៅនេះថា ភាពប្រឈមរបស់សេដ្ឋកិច្ច និងទីផ្សារអចលនទ្រព្យនៅកម្ពុជាស្ថិតនៅក្នុងស្ថានភាពបែបណានោះ គឺវាអាស្រ័យទៅលើមូលហេតុចម្បងតែមួយគត់ គឺជំងឺ Covid-19 ដែលកំពុងរាតត្បាតជាសាកលលោក។

លោកឧកញ៉ាបានបន្តទៀតថា “នៅក្នុងអំឡុងពេលនេះ ថ្វីត្បិតទីផ្សារអចលនទ្រព្យនៅកម្ពុជា បាន និងកំពុងតែប្រឈមទៅនឹងការធ្លាក់ចុះ ប៉ុន្តែភាពល្អប្រសើរអាចនឹងវិលត្រឡប់មកវិញក្នុងពេលដ៏ខ្លី ប្រសិនបើបញ្ហានៃការរាតត្បាតរបស់ជំងឺ Covid-19 ត្រូវបានទប់ស្កាត់ និងដោះស្រាយនៅត្រឹមចុងខែមិថុនា ឬដើមឆមាសទី២ ឆ្នាំ២០២០ ខាងមុននេះ”។ លោកបានបញ្ជាក់ទៀតថា “ដង្ហើមទីផ្សារអចលនទ្រព្យកម្ពុជាមួយចំណែកធំគឺពឹងផ្អែកទៅលើក្រុមហ៊ុនដែលជាអ្នកវិនិយោគអន្តរជាតិ ជាពិសេសនៅក្នុងតំបន់អាស៊ី ដូចជាប្រទេសចិន សាំងហ្គាពួរ កូរ៉េ និងប្រទេសជប៉ុន ជាដើម ។ មានន័យថា នៅពេលដែលបណ្តាប្រទេសស្ថិតនៅក្នុងតំបន់អាស៊ីបន្តជួបនឹងវិតបត្តិនៃជំងឺ Covid-19 វាជាបញ្ហាប្រឈមនៃទីផ្សារអចលនទ្រព្យនៅកម្ពុជា”។

បច្ចុប្បន្ននេះ បើសម្លឹងមើលពីសភាពជាក់ស្ដែងនៃការធ្វើដំណើរនៅតាមព្រលានយន្តហោះនៅតាមបណ្តាប្រទេសមួយចំនួនក្នុងតំបន់គឺត្រូវបានកាត់បន្ថយ និងមានសភាពស្ងប់ស្ងាត់ ដែលក្នុងនោះភ្ញៀវបរទេស ក៏ដូចជាអ្នកវិនិយោគក្នុងវិស័យពាក់ព័ន្ធនៅកម្ពុជាក៏ត្រូវបានកាត់បន្ថយផងដែរ ដោយសារតែពួកគេពន្យាពេលនៅក្នុងអំឡុងពេលកំពុងកើតមានបញ្ហាប្រឈម។

លោកឧកញ៉ាបណ្ឌិត គឹម ហ៊ាង បានមានប្រសាសន៍បន្តទៀតថា “សព្វថ្ងៃនេះក្រុមហ៊ុនដែលវិនិយោគក្នុងគម្រោងធំៗនៅតែបន្តមាននៅលើទីផ្សារអចលនទ្រព្យកម្ពុជា ប៉ុន្តែដោយសារតែភាពប្រឈមនៃជំងឺ Covid-19 ក្រុមហ៊ុនទាំងនោះបានស្នើសុំពន្យាពេល។ ដូច្នេះ ប្រសិនបើវិបត្តិនៃជំងឺពិភពលោកមួយនេះត្រូវបានដោះស្រាយកាន់តែលឿន ភាពវិជ្ជមាននៃវិស័យអចលនទ្រព្យនៅកម្ពុជាកាន់តែឆាប់បានត្រឡប់មករកភាពល្អប្រសើរវិញ”។

លោក សំ សុខនឿន អគ្គនាយកក្រុមហ៊ុន SAM SN REALTY Co.,Ltd បានមានប្រសាសន៍ថា ស្ថិតនៅក្នុងអំឡុងពេលនេះ គម្រោងវិនិយោគធំៗមកពីបរទេសគឺមានភាពស្ងប់ស្ងាត់ ដែលសកម្មភាពនៅក្នុងគម្រោងមួយចំនួនកំពុងដំណើរការសព្វថ្ងៃគឺជាគម្រោងដែលបន្សល់ទុកកាលពីឆ្នាំចាស់។ លោកបានបញ្ជាក់ថា “គម្រោងវិនិយោគធំៗគឺពិតជាមានភាពស្ងប់ស្ងាត់ ប៉ុន្តែសម្រាប់ការទិញ-លក់អចលនទ្រព្យនៅក្នុងស្រុក នៅតែបន្តមាន ជាពិសេសគម្រោងអភិវឌ្ឍន៍ និងការទិញ-លក់ សំណង់លំនៅដ្ឋានដែលនៅតែមានតម្រូវការខ្ពស់”៕

LEAVE A REPLY

Please enter your comment!
Please enter your name here