សមាគមពាក់ព័ន្ធវិស័យអចលនទ្រព្យធំៗគាំទ្រវិធានការរបស់រដ្ឋាភិបាល ក្នុងការទប់វិបត្តិCovid-19

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការបន្ទាន់ និងចេញសេចក្ដីអំពាវនាវពាក់ព័ន្ធ ទៅនឹងការស្នើដល់បណ្តាគ្រឹះស្ថានហិរញ្ញវត្ថុ ធនាគារឯកជន ក៏ដូចជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន ក្នុងការពិចារណាពន្យាពេលបង់ប្រាក់ និងបញ្ចុះតម្លៃថ្លៃផ្ទះជូនដល់បណ្តាកម្មករ និងបុគ្គលិកដែលប្រឈម នឹងការព្យួរការងារកាលពីពេលថ្មីៗនេះ មានសមាគមពាក់ព័ន្ធក្នុងវិស័យអចលនទ្រព្យធំៗជាច្រើន បានបង្ហាញពីការគាំទ្រការដាក់ចេញគោលនយោបាយរបស់ប្រមុខរដ្ឋាភិបាល។

សមាគមធំៗដែលបង្ហាញពីឆន្ទៈក្នុងការចូលរួម និងគាំទ្រទៅនឹងវិធានការបន្ទាន់ ក៏ដូចជាការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជា រួមមានដូចជាសមាគមធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដែលទើបចេញសេចក្ដីប្រកាសបង្ហាញពីការគាំទ្រកាលពីល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ម្សិលមិញនេះ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានមានប្រសាសន៍ថា ប្រធានសមាគម និងថ្នាក់ដឹកនាំ ព្រមទាំងសមាជិក-សមាជិកា នៃសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ( CVEA ) សូមធ្វើការគាំទ្រនូវសេចក្តីអំពាវនាវរបស់រដ្ឋាភិបាល ដើម្បីរួមចំណែកដោះស្រាយផលប៉ះពាល់អវិជ្ជមានដែលបានកើតឡើងដោយសារការរីករាលដាលនៃមេរោគ COVID-19 មកលើសង្គម និងសេដ្ឋកិច្ចកម្ពុជា ជាពិសេសបង្កឱ្យកម្មករ និងនិយោជិតមួយចំនួនបានបាត់បង់ចំណូល ហើយនាំឱ្យមានការប៉ះពាល់ដល់ការបង់ថ្លៃទិញលំនៅឋាន ។

សមាគមសូមចូលរួមចំណែកចំនួន២ចំណុច ដូចជាទី១ផ្ដល់ការប្រឹក្សា និងបង្កភាពងាយស្រួលដល់អតិថិជនទូទៅ ដើម្បីទទួលបានសេវាបង់ប្រាក់ចំពោះការទិញ-លក់ លំនៅឋានរបស់កម្មករ-និយោជិត និងម្ចាស់គម្រោងឱ្យមានភាពបត់បែន និងទន់ភ្លន់ចំពោះកម្មករ-និយោជិតណាដែលរងការផលប៉ះពាល់។ ទី២ ផ្ដល់ជូនសេវាប្រឹក្សាយោប​ល់ដោយមិនគិតថ្លៃ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្ដល់ជូនការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលទ្រព្យ (លំនៅឋានគ្រប់ប្រភេទ) ដែលមានតម្លៃស្មើ ឬទាបជាង៧០,០០០ (ប្រាំពីរម៉ឺន) ដុល្លារអាមេរិច ក្នុងរយៈពេល១ឆ្នាំ។

ជាមួយគ្នានេះ លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា កាលពីព្រឹកថ្ងៃទី១០ខែមីនា ឆ្នាំ២០២០នេះ បានចេញសារលិខិតគាំទ្រនូវសេចក្តីអំពាវនាវ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទៅលើការស្នើសុំក្រុមហ៊ុនអភិវឌ្ឍន៍ និងលក់លំនៅឋាននានាក្នុងបញ្ចុះតម្លៃជូនបងប្អូនកម្មករ ដែលកំពុងប្រឈមនឹងការព្យួរការងារកាត់បន្ថយដល់ប្រាក់ចំណូលប្រចាំខែ។ សមាគមក៏បានប្រកាសនូវវិធានការចំនួន៣ចំណុច ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយផលប៉ះពាល់អវិជ្ជមាន ដែលបានកើតឡើងដោយសារការរីករាលដាលនៃមេរោគ Covid-19 មកលើសង្គម និងសេដ្ឋកិច្ចកម្ពុជា ។

វិធានការចំនួន៣ ដែលសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា បានដាក់ចេញរួមមាន ទី១ លើកទឹកចិត្តអតិថិជនទូទៅទាំងអស់ ដោយបញ្ចុះតម្លៃលំនៅឋានពិសេសជូនរហូតដល់ ៧ភាគរយ ទៅតាមគម្រោងនីមួយៗរបស់ក្រុមហ៊ុន ដែលជា សមាជិកសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ។ ទី ២-លើកទឹកចិត្តដល់អតិថិជនទូទៅ ដែលទិញផ្ទះចាប់ពីខែមីនា ឆ្នាំ២០២០ នេះតទៅ ដោយធ្វើការបង់ផ្តាច់ទាំងស្រុងជាមួយក្រុមហ៊ុន ដែលជាសមាជិកសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា អាចនឹងបញ្ចុះតម្លៃលំនៅឋានពិសេសជូនរហូតដល់ ៧ភាគរយ បន្ថែមទៀតទៅតាមគម្រោងនីមួយៗ។ ទី-៣- ក្រុមហ៊ុនជាសមាជិកសមាគម នឹងផ្តល់ភាពទន់ភ្លន់អំពីលក្ខខណ្ឌនៃការបង់ប្រាក់ ចំពោះការទិញលំនៅឋានរបស់កម្មករ – និយោជិត ដែលទទួលរងផលប៉ះពាល់ បាត់បង់ចំណូលនៅក្នុងរយៈពេលនៃវិបត្តិនេះ ។

ដោយឡែក សមាគមធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ក៏បានធ្វើការគាំទ្រនូវវិធានការរបស់រដ្ឋាភិបាល ជាមួយនឹងការលើកទឹកចិត្តដល់សមាជិកសមាគម ឱ្យបន្តផ្តល់ឥណទានដល់វិស័យអាទិភាព ជាពិសេសចំពោះអាជីវកម្ម ផ្នែកសណ្ឋាគារ ផ្ទះសំណាក់ ទេសចរណ៍ សំណង់ វាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង ដើម្បីធានានិរន្តរភាព អាជីវកម្មទាំងនោះ ។ ជាមួយគ្នានេះ ក៏បានអំពាវនាវដល់សមាជិកសមាគមគប្បីរក្សាភាពទន់ភ្លន់ និងពិនិត្យ តាមលទ្ធភាពជាក់ស្តែង ក្នុងការដោះស្រាយបំណុល យឺតយ៉ាវ ដែលបណ្តាលមកពីផលប៉ះពាល់នៃវីរុស Covid-19 ។

សមាជិកសមាគម ត្រូវបន្តតាមដាន និងដាក់ចេញវិធានការ ការពារការរីករាលដាលនៃវីរុស Covid-19 ទៅលើបុគ្គលិក និងអតិថិជន ដើម្បីធានាឱ្យបាននិរន្តរភាពប្រតិ​បត្តិការ របស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុជាប្រក្រតី ។

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏សូមយកឱកាសនេះ អំពាវនាវដល់សមាជិកទាំងអស់រួមមាន ធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គ្រឹះស្ថានឥណទានជនបទ និងក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ ចូលរួមអនុវត្តនូវវិធានការ ការពារទាំងនេះ ដើម្បីកាត់បន្ថយផលប៉ះពាល់ជាយថាហេតុ ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចជាតិបន្ថែមទៀត។

បន្ថែមលើវិធានការការពារខាងលើ សមាជិកសមាគមទាំងពីរ ក៏បាននឹងកំពុងចូល រួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគម្រោងសហហិរញ្ញប្បទានទ្រទ្រង់ សហគ្រាសធុនតូចនិងមធ្យម តាមរយៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

គម្រោងនេះនឹងផ្តល់ទុន ក្នុងអត្រាការប្រាក់សមរម្យ ដល់សហគ្រាសធនតូចនិងមធ្យម នៅកម្ពុជាលើវិស័យអាទិភាពហើយ ដែលគ្រោងនឹងចាប់ដំណើរការ ក្នុងពេលឆាប់ៗ ខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here