ដោយវុត្ថា
ភ្នំពេញ៖ អ្នកឧកញ៉ា ពុង ឃាវ សែ ដែលត្រូវបានគេស្គាល់ជាទូទៅថាជាមហាសេដ្ឋីមានទ្រព្យស្តុកស្តមនៅក្នុងប្រទេសកម្ពុជាដែលបានវិនិយោគលើវិស័យជាច្រើនដោយក្នុងនោះ លោកបានចំណាយថវិកាចំនួន ៥០០០ លានដុល្លារអាមេរិកវិនិយោគលើវិស័យសំណង់អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ។

-->
អ្នកឧកញ៉ា ពុង ឃាវ សែ នៅក្នុងការផ្តល់កិច្ចសម្ភាសជូនដល់សារព័ត៌មានកាលពីពេលថ្មីៗ បានឱ្យដឹងថា ទំហំទឹកប្រាក់ដែលបានបោះទុនក្នុងវិស័យសំណង់ និងអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាដ៏ច្រើនសន្ទឹកសន្ធាប់បែបនេះ គឺក្នុងគោលបំណងចូលរួមក្នុងការអភវិឌ្ឍន៍ប្រទេសកម្ពុជាឱ្យកាន់តែមានការរីកចំរើនទៅមុខបន្ថែមទៀត។
អ្នកឧកញ៉ាបន្តថា កន្លងមក កាណាឌីយ៉ា គ្រុបបានបោះទុនប្រហែល ៥ ពាន់លានដុល្លារអាមេរិក ក្នុងការអភិវឌ្ឍន៍នៅកម្ពុជា ដែលបានបង្កើតការងាររាប់ម៉ឺនកន្លែង និងចូលរួមយ៉ាងខ្លាំងក្នុងការអភិវឌ្ឍន៍កម្ពុជា។ បើនិយាយពីវិស័យសំណង់តែមួយគត់ មានបុគ្គលិក និងកម្មករសរុបនៅក្នុងសម្ព័ន្ធសហគ្រាសរបស់ខ្លួនទៅដល់ជាង៣០,០០០នាក់។
បច្ចុប្បន្នអាជីវកម្មរបស់កាណាឌីយ៉ា គ្រុប បែងចែកជាពីរផ្នែក គឺ វិស័យហិរញ្ញវត្ថុ និង វិស័យសំណង់ និងអចលនទ្រព្យ និងអាកាសយានដ្ឋានអន្តរជាតិ និងទេសចរណ៍។ កាណាឌីយ៉ាគ្រុប ត្រូវបានស្គាល់ថាជាក្រុមហ៊ុនដែលនៅពីក្រោយគម្រោងជាច្រើនដូចជា អគារខ្ពស់មុនដំបូងគេនៅកម្ពុជា អគារកាណាឌីយ៉ា ទីក្រុងកោះពេជ្រ ទីក្រុងអូឡាំព្យា ទីក្រុងរណបជ្រោយចង្វារ ផ្សារទំនើបសុវណ្ណា ផ្សារទំនើបសុរិយា និងគម្រោងល្បីៗរាប់មិនអស់ជាច្រើនទៀត។
សម្រាប់ទុនវិនិយោគខាងលើនេះ មិនទាន់រាប់បញ្ចូលនូវគម្រោងដ៏ធំមួយដែលនឹងផ្លាស់ប្តូរមុខមាត់វិស័យសំណង់នៅកម្ពុជា គឺព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីក្នុងខេត្តកណ្តាល ដែលមានទុនវិនិយោគប្រមាណជា ១.៥ ពាន់លានដុល្លារអាមេរិក ដែលវិនិយោគដោយក្រុមហ៊ុន OCIC របស់ អ្នកឧកញ៉ាពុង ឃាវ សែ ដែលគ្រោងនឹងបញ្ចប់ដំណាក់កាលទី១ក្នុងឆ្នាំ២០២៣ខាងមុខនេះ។
លោក បានសន្យាថា នឹងបន្តចូលរួមបោះទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាលើគ្រប់វិស័យបន្ថែមទៀត ជាពិសេសវិស័យសំណង់ឱ្យបានកាន់តែច្រើនដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ខណៈពេលដែលសេដ្ឋកិច្ចរបស់កម្ពុជាកាន់តែមានសន្ទុះរីកចំរើនពីមួយឆ្នាំទៅមួយឆ្នាំ៕