នៅឆ្នាំ2030 ខាងមុខ កម្ពុជា ត្រូវការលំនៅដ្ឋាន 80ម៉ឺនខ្នង

0

ដោយ រ៉ាវី

ភ្នំពេញ៖ បើទោះជាពេលបច្ចុប្បន្ននេះ វិស័យសាងសង់សំណង់លំនៅដ្ឋាន បាន និងកំពុងតែមានការកើនឡើងជាលំដាប់ក៏ដោយ ក៏ប៉ុន្តែចំនួនសំណង់លំនៅដ្ឋានទាំងនោះនៅតែទាន់សមស្របទៅតាមតម្រូវការនៅឡើយ ជាពិសេស នៅត្រឹមឆ្នាំ 2030 ខាងមុខនេះ កម្ពុជា មានតម្រូវការលំនៅដ្ឋានរហូតដល់ប្រមាណ 80ម៉ឺនខ្នងបន្ថែមទៀត ខណៈកំណើននៃប្រជាសាស្ត្រក៏កាន់តែកើនឡើងជាលំដាប់ផងដែរនោះ ។

លោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា ជាមួយនឹងកំណើនសេដ្ឋកិច្ចដែលអាចរក្សាបានក្នុងរង្វង់ចន្លោះ7%ជារៀងរាល់ឆ្នាំនោះ វិស័យនគរូបនីយកម្មក៏បានកើនឡើងយ៉ាងឆាប់រហ័សផងដែរ ព្រោះថា បើផ្អែកតាមការសិក្សារបស់ក្រសួងអំពីក្របខ័ណ្ឌយុទ្ធសាស្រ្តអភិវឌ្ឍន៍ទីក្រុងនៅកម្ពុជាបានរកឃើញថា ចំនួនប្រជាជនរស់នៅក្នុងរាជធានី និងទីប្រជុំជនកាលពីឆ្នាំ 2014 មានចំនួន 4.5លាននាក់ ស្មើនឹង 27.1ភាគរយ នឹងបន្តកើនឡើងដល់ 7.92លាននាក់នៅឆ្នាំ 2030 ស្មើនឹង 44ភាគរយ នៃចំនួនប្រជាជនកម្ពុជាសរុប។

តាមរយៈទិន្នន័យនេះបានបង្ហាញឲ្យឃើញថា សម្រាប់រយៈពេល 15ឆ្នាំទៀត រាប់គិតចាប់ពីឆ្នាំ 2015 ដល់ 2030 ខាងមុខនេះ តម្រូវការលំនៅដ្ឋានសម្រាប់រាជធានី និងទីប្រជុំជនមានប្រមាណ 80ម៉ឺនលំនៅដ្ឋានទៀត ដែលគិតជាមធ្យមមានតម្រូវការប្រមាណជា 5ម៉ឺនលំនៅដ្ឋានក្នុងមួយឆ្នាំ។

លោក ប៉ែន សុផលបានបន្តថា ឆ្លើយតបនឹងបញ្ហានេះក្រសួងបាន និងកំពុងជំរុញការអនុវត្តគោលនយោបាយជាតិស្តីពីការរៀបចំដែនដីក្នុងការកសាងផែនការរៀបចំដែនដីប្លង់គោល និងផែនការប្រើប្រាស់ដីគ្រប់កម្រិត និងគោលនយោបាយជាតិស្តីពីលំនៅដ្ឋាន ពិសេសលំនៅដ្ឋានដែលមានតម្លៃសមរម្យជូនមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋដែលមានប្រាក់ចំណូលមធ្យម ប្រាក់ចំណូលទាប និងជនងាយរងគ្រោះ ដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាព និងសមធម៌ ។

គួរកត់សម្គាល់ផងដែរថា ចំពោះការវិនិយោគ​ក្នុង​វិស័យ​សំណង់​ក្នុង​ឆ្នាំ​2017 កន្លងទៅ បាន​កើនឡើង​ជាង 22​ភាគរយ ដែលមាន​តម្លៃ​ទឹកប្រាក់​ប៉ានស្មាន​ប្រមាណចំនួន 6428 លាន​ដុល្លារ​ លើ​គម្រោង 3052 ខណៈដែលឆ្នាំ2016មានត្រឹម 5256 លាន​ដុល្លារ​ប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here