ដោយៈរ៉ាណេត
ព្រះសីហនុៈ ចាប់តាំងពីបើកដំណើរការកាលពីចុងឆ្នាំ២០១៩ រហូតមកដល់ពេលនេះ ផ្សារទំនើប FURI Times Square កាន់តែទទួលបានការគាំទ្រពីសំណាក់អតិថិជនយ៉ាងច្រើនគួរជាទីមោទន ដែលក្នុងនោះមានទាំងជនជាតិបរទេស និងប្រជាជនក្នុងស្រុកផងដែរ។

ដោយៈរ៉ាណេត
ព្រះសីហនុៈ ចាប់តាំងពីបើកដំណើរការកាលពីចុងឆ្នាំ២០១៩ រហូតមកដល់ពេលនេះ ផ្សារទំនើប FURI Times Square កាន់តែទទួលបានការគាំទ្រពីសំណាក់អតិថិជនយ៉ាងច្រើនគួរជាទីមោទន ដែលក្នុងនោះមានទាំងជនជាតិបរទេស និងប្រជាជនក្នុងស្រុកផងដែរ។

តាមការឱ្យពីសំណាក់អ្នកចាត់ការទូទៅ នៅផ្សារទំនើបដ៏ធំលើកដំបូងគេនៅក្នុងក្រុងព្រះសីហនុ FURI Times Squareបានឱ្យដឹងនារសៀលថ្ងៃទី១២ មិនានេះថា បើទោះជាស្ថិតនៅក្នុងភាពភ្ញាក់ផ្អើលនៃជំងឺ Covid-19 ក៏ដោយ ប៉ុន្តែសម្រាប់ផ្សារទំនើបនៅក្រុងព្រះសីហនុមួយនេះ មិនមានភាពស្ងប់ស្ងាត់នោះទេ ផ្ទុយទៅវិញគឺមានកំណើននៃចំនួនអតិថិជន ក៏ដូចជាភ្ញៀវទេសចរណ៍ចំរុះជាតិសាសន៍កាន់តែច្រើនជាងមុន។
លោកបានបន្តទៀតថា “គិតត្រឹមដើមខែមីនា ឆ្នាំ២០២០នេះ កំណើននៃចំនួនអតិថិជន និងភ្ញៀវទេសចរមកកាន់ផ្សារទំនើប FURI Times Square គឺមានគួរឱ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងខែមករា និងមានសន្ទុះខ្ពស់ប្រមាណ ៣៥-៤០ភាគរយ ខណៈដែលបច្ចុប្បន្ននេះ ក្នុងមួយថ្ងៃមានសរុបក្នុងចន្លោះជាង២៥០០-៣០០០នាក់”។
លោកបានបញ្ជាក់ទៀតថា ជាមួយនឹងកំណើន នៃចំនួនអតិថិជនគាំទ្រខាងលើនេះ ក៏មានលំហូរបន្ថែម នៃចំនួនក្រុមហ៊ុនថ្មី ចូលមកសហការលក់ផលិតផល និងសេវាកម្មរបស់ខ្លួនចំនួន៤ផងដែរ ដោយនោះរួមមានក្រុមហ៊ុនលក់ទូរស័ព្ទ Huaw ei ក្លីនិក ព្យាបាល និងថែរក្សាសម្ផស្ស ធនាគារ និងក្រុមហ៊ុនលក់សម្លៀកបំពាក់ ខណៈដែលក្រុមហ៊ុនចំនួន៣ផ្សេងទៀតកំពុងតែរៀបចំតុបតែងលម្អស្ដង់ និងត្រៀមបើកជាផ្លូវការណ៍នៅមុនបុណ្យចូលឆ្នាំខ្មែរ”។

នាយកគ្រប់គ្រងទូទៅនៃហាងកាហ្វេ Starbucks ប្រចាំនៅប្រទេសកម្ពុជា និងឡាវ លោកប៉ោ លីម ដែលមានសាខានៅផ្សារទំនើប FURI Times Square ក៏បានមានប្រសាសន៍ផងដែរថា “តាមការកត់សម្គាល់របស់ខ្ញុំ ទោះជាស្ថិតនៅក្នុងស្ថានភាពនៃការភ័យខ្លាចការរាតត្បាតនៃជំងឺរលាកផ្លូវដង្ហើមនៅពេលបច្ចុប្បន្ននេះ ភាពប្រែប្រួលស្ងប់ស្ងាត់គឺមិនមាននោះទេ ហើយសម្រាប់អតិថិជនដែលគាំទ្ររសជាតិកាហ្វេ Starbucks គឺនៅតែបន្តមកដដែល”។
លោកបានបន្តទៀយថា “ជាការចូលរួមទប់ស្កាត់ជំងឺមួយនេះ បណ្តាបុគ្គលិកដែលបម្រើការងារនៅសាខា Starbuck ផ្សារទំនើប FURI Times Square បានព្យាយមថែរក្សាអនាម័យ ដោយការពាក់ម៉ាស និងប្រើទឹកអាល់កុលសម្លាប់មេរោគជាប់ជាប្រចាំ ហើយខ្ញុំជឿជាក់ថា បន្ទាប់ពីមានភាពធូរស្បើយពីបញ្ហានៃជំងឺនេះ នឹងមានមនុស្សកាន់តែច្រើនចូលមកកាន់ទីនេះ”។
បច្ចុប្បន្ននេះ នៅក្នុងផ្សារទំនើប FURI Times Square មានបណ្តាក្រុមហ៊ុនល្បីៗលំដាប់អន្តរជាតិជាច្រើន ដែលកំពុងតែដំណើរការលក់ ដែលក្នុងនោះក្រៅពីក្រុមហ៊ុនអាមេរិក Starbuck នៅមានក្រុមហ៊ុនDakasi Tea ហាងអាហារមកពីប្រទេសសាំងហ្គាពួរ ក្រុមហ៊ុន Amazone Café ក្រុមហ៊ុន KOI ក្រុមហ៊ុនលក់សម្លៀកបំពាក់ LEVI’s ក្រុមហ៊ុន NIKE ក្រុមហ៊ុន Samsonite ក្រុមហ៊ុននាឡិកាដ៏ល្បីឈ្មោះ G-Shock ក្រុមហ៊ុនលក់រថយន្ត HGB Group ក្រុមហ៊ុនទូរស័ព្ទដៃទំនើប Huawei ធនាគារ BIC Bank ក្លីនិកព្យាបាល និងថែរក្សាសម្ផស្ស រួមជាមួយក្រុមហ៊ុនល្បីៗជាច្រើនទៀត ដោយរាប់បញ្ចូលទាំងគ្រឿងសំអាងផងដែរ។

តាមរយៈផ្សារទំនើបដ៏ធំ និងទាន់សម័យ FURI Times Square នឹងនាំមកជូនអតិថិជននូវហាងលក់ផលិតផល ចំណីអាហារ សម្ភារៈប្រើប្រាស់ ដែលមានគុណភាពកម្រិតអន្តរជាតិ រួមជាមួយកម្មវិធីកម្សាន្តៗជាច្រើនទៀត ជាពិសេសបន្ទាប់ពីពិធីបើកសម្ពោធលក់ជាផ្លូវការ នៅពេលឆាប់ៗខាងមុខនេះតែម្ដង៕

