អ្នកជំនាញៈឆ្នាំ២០២០ជាពេលវេលាល្អសំរាប់អ្នកវិនិយោគឆ្លាតវៃលើវិស័យអចលនទ្រព្យ

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ នៅមិនទាន់ឃ្លាតឆ្ងាយពីបរិបទនៃជំងឺរលាកផ្លូវដង្ហើម Covid-19 ដែលកំពុងតែរាតត្បាតស្ទើរពេញសាកលោកនៅឡើយ ប៉ុន្តែសម្រាប់ការអភិវឌ្ឍ ការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា នៅតែបន្តមានសកម្មភាព និងផ្ដល់ឱកាសកាន់តែងាយស្រួលសម្រាប់អ្នកដែលមានលុយតិច ចង់ទិញលំនៅដ្ឋាន ក៏ដូចជាអចលនទ្រព្យនានាដែលមានតម្លៃក្រោម៧ម៉ឺនដុល្លារ។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ KW Sen Sok និងជានាយកក្រុមហ៊ុន SAM SN Realty លោក សំ សុខនឿន បានមានប្រសាសន៍កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០កន្លងមកថា នៅដើមឆ្នាំ២០២០នេះ ពិភពលោកទាំងមូលកំពុងតែជួបវិបត្តិមួយ គឺការរីករាលដាលនៃមេរោគ COVID-19 ដែលបណ្តាលអោយមានផលប៉ះពាល់ទៅដល់ខ្សែចង្វាក់ផលិតកម្មទាំងមូលរបស់ពិភពលោក។ ដោយឡែកចំពោះវិស័យអច​លនវត្ថុនៅក្នុងប្រទេសកម្ពុជាវិញ COVID-19 បានបង្អាក់ចលនាម្លាំងនៃការទិញ ទាំងការវិនិយោគក្នុងស្រុក និងពីក្រៅស្រុក នៅត្រីមាសទី១ នៃឆ្នាំ២០២០នេះ។

អ្នកជំនាញរូបនេះបានបន្តថា “ចំពោះបញ្ហាCOVID-19 ពិតជាមានផលប៉ះពាល់ដល់ការទិញលក់អចលនវត្ថុ នៅក្នុងប្រទេសកម្ពុជាពិតប្រាកដមែន”។ លោកបន្ថែមថា “ជាវិធានការ និងដំណោះស្រាយ រដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានយន្តការមួយចំនួនដើម្បីឆ្លើយតបនឹងស្ថានការនេះ ដូចជាការលើកលែងពន្ធប្រថាប់ត្រា សម្រាប់ការទិញអចលនវត្ថុទាំងឡាយណា ដែលមានតំលៃក្រោម៧ម៉ឺនដុល្លារ ថែមទាំងអំពាវនាវឱ្យអ្នកអភិវឌ្ឍអចលនវត្ថុទាំងអស់បញ្ចុះតម្លៃ ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងស្រុក និងដើម្បីលើកកម្ពស់ជីវភាព សុខមាលភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាជនខ្មែរ”។

លោក សំ សុខនឿន បានបង្ហាញពីគំនិតវិជ្ជមានថា នៅឆ្នាំ២០២០នេះ គឺជាឱកាសសំរាប់អ្នកមានបំណងចង់ទិញលំនៅដ្ឋានដើម្បីស្នាក់នៅ ដោយយោងតាមហេតុផល៣ដូចជា ទី១- អ្នកអភិវឌ្ឍបុរីជាទូទៅកំពុង តែផ្តល់លក្ខខ័ណ្ឌបង់ប្រាក់ងាយស្រួល និងមានការបញ្ចុះតំលៃពិសេស។ ទី២- នៅក្នុងឆ្នាំ២០២០នេះ អ្នកទិញនឹងមិនត្រូវបង់ពន្ធប្រថាប់ត្រា៤% សំរាប់ផ្ទះតំលៃ៧ម៉ឺនដុល្លារចុះ និងទី៣- អ្នកទិញមានឱកាសចំនេញបានខ្ពស់ ព្រោះប្រទេសកម្ពុជា ពុំមានការរីករាលដាលខ្លាំងនៃមេរោគ COVID 19 ដូចប្រទេសដទៃឡើយ សញ្ញាណវិជ្ជមានជាច្រើនបានបង្ហាញថា ពិភពលោកអាចគ្រប់គ្រងស្ថានការនៃការរីករាលដាលនេះបានហើយ។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal លោកឧកញ៉ា នួន រិទ្ធី បានមានប្រសាសន៍ថា បញ្ហានៃជំងឺCovid-19 គ្រាន់តែជាព្រឹត្តិការណ៍តែប៉ុណ្ណោះ ដែលមិនមែនកើតមានតែនៅក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែវាជាបញ្ហានៅលើសាកលលោកដែលប្រទេសធំៗ កំពុងតែមានវិធានការទប់ស្កាត់ និងឈានទៅលុបបំបាត់។

លោកឧកញ៉ាបន្តទៀតថា “ទោះជានៅក្នុងបរិបថបែបនេះក្ដី សម្រាប់អ្នកវិនិយោគពិតប្រាកដ គេនៅតែបន្តសកម្មភាពទិញ-លក់ ដដែល ហើយភ្ជាប់ជាមួយនឹភាពភ័យខ្លាចនេះ គេអាចមានឱកាសទិញបានអចលនវត្ថុមានតម្លៃទាប ដែលនឹងទទួលបានចំណេញខ្ពស់នៅពេលលក់ចេញទៅវិញ”។

ដោយឡែកសម្រាប់អ្នកអភិវឌ្ឍន៍ ដែលមានលំនឹងគ្រប់គ្រាន់ទៅលើលំហូរទុន ក៏គេនៅតែបន្តគម្រោងសាងសង់សំណង់របស់គេដដែល និងអាចមានឱកាសលក់បានកាន់តែឆាប់រហ័ស នៅក្នុងទីផ្សារបន្ទាប់បញ្ចប់គម្រោងសាងសង់ ដែលកាន់តែបង្កើនភាពជឿជាក់ទៅដល់អតិថិជន។

លោកឧកញ៉ានួ​ន រិទ្ឋីបានបញ្ជាក់ថា “វាមិនមានសញ្ញាណាមួយបង្ហាញថា វិស័យអចលនទ្រព្យនៅកម្ពុជាធ្លាក់ចុះខ្លាំងនោះទេ ប៉ុន្តែវានឹងកាន់តែល្អប្រសើរនៅឆ្នាំបន្ទាប់ ជាពិសេសវិស័យលំនៅដ្ឋាន ដែលកំពុងតែមានតម្រូវការទាំងនៅក្នុងពេលបច្ចុប្បន្ននេះ និងបន្តទៅថ្ងៃអនាគតខាងមុខទៀត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here