អាជ្ញាធរជាតិអប្សរាអនុញ្ញាតឱ្យសាងសង់សំណង់ស្រាលដល់អ្នកស្រុកអង្គរ ចំនួន១៧៩៩គ្រួសារ

0

ដោយវុត្ថា

សៀមរាបៈ អាជ្ញាធរជាតិអប្សរាបានអនុញ្ញាត ឱ្យមានការជួសជុលកែលម្អលំនៅ   ដ្ឋាន និងសាងសង់សំណង់ស្រាល តូចតាចបានចំនួន១៧៩៩គ្រួសារ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ នៅក្នុងឆ្នាំ២០១៩កន្លងមកនេះ ក្នុងចំណោមអ្នកស្រុកចំនួន២៨៦៧គ្រួសារ។

យោងតាមរបាយការណ៍នៅក្នុងឆ្នាំ២០១៩ ក្រុមការងារលេខាធិការដ្ឋានសហគមន៍ទាំង៥ ក្រុមនៃអាជ្ញាធរជាតិអប្សរាផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២០ នេះ បានឱ្យដឹងថា ចំណោមអ្នកស្រុក១៧៩៩គ្រួសារ ដែលទទួលបានការអនុញ្ញាតរួមមាន៖ ស្រុកប្រាសាទបាគងចំនួន២៥៩គ្រួសារ ស្រុកអង្គរធំ ចំនួន២០២គ្រួសារ ស្រុកពួកចំនួន៤៣៦ករណី ក្រុងសៀមរាបចំនួន៦៦០គ្រួសារ និងស្រុកបន្ទាយស្រីចំនួន២៤២គ្រួសារផងដែរ។

របាយការណ៍ដដែលបន្តថា ប្រភេទនៃការជួសជុលកែលម្អលំនៅដ្ឋាន និងសាង់សង់សំណង់ស្រាល តូចតាច ដែលទទួលបានការអនុញ្ញាតរួមមាន ជួសជុលឬប្តូរដំបូល ជួសជុលជញ្ជាំង ប្តូរសសរ ប្តូរជណ្តើរ តសំយ៉ាប កឥដ្ឋក្រោមផ្ទះ សាងសង់បង្គន់អនាម័យ ទ្រុងមាន់ ចាក់ដី ក្រោលគោ ទ្រុងជ្រូក ។ល។ និងតម្រូវការផ្សេងៗទៀតដែលចាំបាច់ក្នុងការរស់នៅប្រចាំថ្ងៃ។

អាជ្ញាធរជាតិអប្សរាបញ្ជាក់ថា ការអនុញ្ញាតនេះ ធ្វើឡើងបន្ទាប់ពីក្រុមការងារសហគមន៍ បានចុះពិនិត្យទៅដល់ខ្នងផ្ទះជាក់ស្តែង និងឯកសារចាំបាច់ពាក់ព័ន្ធមួយចំនួនទៀត ដើម្បីជាមូលដ្ឋានបច្ចេកទេស ក្នុងការវាយតម្លៃថាពួកគាត់ គឺជាប្រជាពលដ្ឋរស់នៅក្នុងតំបន់អង្គរពិតប្រាកដតាំងពីយូរយារ មានការបញ្ជាក់យ៉ាងច្បាស់លាស់ពីអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ-សង្កាត់ និងមានតម្រូវការជាក់ស្តែង ក្នុងការកែលម្អការរស់នៅឱ្យបានល្អប្រសើរ។

អាជ្ញាធរជាតិអប្សរា មិនត្រឹមតែផ្តល់ការជួសជុលដល់ផ្ទះចាស់ និងសាងសង់សំ​ណង់ស្រាលតូចតាច ក្នុងនោះក៏បានដោះស្រាយបញ្ហាប្រឈមនានា ការជួយសង្គ្រោះពេលប្រជាជនមានទុក្ខលំបាក រួមទាំងផ្សព្វផ្សាយការយល់ដឹងអំពីបេតិកភណ្ឌ ដល់ប្រជាជនគ្រប់ៗគ្នា។

ពិសេសជាងនេះទៀតនោះ សកម្មភាពទាំងនេះ ជាការចូលរួមចំណែករបស់អាជ្ញាធរជាតិអប្សរា ក្នុងការបង្ខិតសេវាសាធារណៈរបស់រដ្ឋ ឱ្យចូលទៅជិតបងប្អូនប្រជាពលរដ្ឋ និងកាត់បន្ថយរាល់ការចំណាយទាំងពេលវេលា និងការធ្វើដំណើរទៅមក។

អាជ្ញាធរជាតិអប្សរា បានបង្កើតក្រុមការងារសហគមន៍នេះឡើង គឺដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់អង្គរ ដែលគ្របដណ្តប់លើផ្ទៃដី៤០១គីឡូម៉ែ​ត្រការ៉េ ស្ថិតនៅក្នុងក្រុង/ស្រុកចំនួន៥ ឃុំចំនួន២១ និងភូមិចំនួន១១២៕

LEAVE A REPLY

Please enter your comment!
Please enter your name here